ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​បង្កើត​ឃ្យូអ័រ​កូដ​ទប់ស្កាត់​អ្នក​ចង់​យក​ផ្លែ​ទុរេន​ផ្សេង​មក​បន្លំ

8 ខែ មុន

ទី​ក្រុងបាងកក៖ ​​ប្រទេស​ថៃ​សម្រេច​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ស្កេន​មួយ​ប្រភេទ​ដែល​អាច​កំណត់​ដឹង​ថា​តើ​ផ្លែ​ទុរេន​ដែល​អតិថិជន​ចាប់​កាន់​បម្រុង​នឹង​ទិញ ឬ​​ទិញ​រួច​ហើយ​នោះ​ជា​ទុរេន​ថៃ​? ឬជា​ទុរេន​ប្រទេស​ផ្សេង​យក​មក​លក់​បន្លំ? នៅ​ថ្ងៃ​ពុធ​នេះ​មាន​កិច្ច​ជំនួប​ពិសេស​​នៅ​ទី​ក្រុង​ហុង​កុង​រវាង​អ្ន​កតំណាង​ប្រទេស​ថៃ និង​អ្នក​តំណាង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ថេន​សឹន (Tencent) របស់​ប្រទេស​ចិន​​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ច​សហ​ការ​ខាង​វិស័យ​បច្ចេក​វិទ្យា​ដើម្បី​ធ្វើ​កោសល្យ​វិច័យ​ទៅ​លើ​ផ្លែ​ទុរេន​របស់​ថៃ​។ ​​ក្រៅ​ពី​ជួប​មន្ត្រី​ជាន់​ខ្ពស់​របស់​ថេន​សឹន លោក​ស្រី​ណារូម៉ុន…

ទី​ក្រុងបាងកក៖ ​​ប្រទេស​ថៃ​សម្រេច​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ស្កេន​មួយ​ប្រភេទ​ដែល​អាច​កំណត់​ដឹង​ថា​តើ​ផ្លែ​ទុរេន​ដែល​អតិថិជន​ចាប់​កាន់​បម្រុង​នឹង​ទិញ ឬ​​ទិញ​រួច​ហើយ​នោះ​ជា​ទុរេន​ថៃ​? ឬជា​ទុរេន​ប្រទេស​ផ្សេង​យក​មក​លក់​បន្លំ? នៅ​ថ្ងៃ​ពុធ​នេះ​មាន​កិច្ច​ជំនួប​ពិសេស​​នៅ​ទី​ក្រុង​ហុង​កុង​រវាង​អ្ន​កតំណាង​ប្រទេស​ថៃ និង​អ្នក​តំណាង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ថេន​សឹន (Tencent) របស់​ប្រទេស​ចិន​​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ច​សហ​ការ​ខាង​វិស័យ​បច្ចេក​វិទ្យា​ដើម្បី​ធ្វើ​កោសល្យ​វិច័យ​ទៅ​លើ​ផ្លែ​ទុរេន​របស់​ថៃ​។

​​ក្រៅ​ពី​ជួប​មន្ត្រី​ជាន់​ខ្ពស់​របស់​ថេន​សឹន លោក​ស្រី​ណារូម៉ុន ភីន​យ៉ូស៊ីនវ៉ាត់ (Narumon Pinyosinwat) ​ក៏​បាន​ជួប​មន្ត្រី​ជាន់​ខ្ពស់​ក្រុម​ហ៊ុន​សៀង​ហៃ​របស់​ចិន​ដែល​ជា​ក្រុម​ហ៊ុន​នាំ​ចូល​ផ្លែ​ទុរេន​ដ៏​ធំ​មួយ​ផង​ដែរ​។ លោក​ស្រី​ថ្លែង​ថា​ក្រុម​ហ៊ុន​នៅ​សៀងហៃ​​​នេះ​បាន​ចុះ​កិច្ច​សន្យា​ទិញ​ទុរេន​ថៃ​ចំនួន​បី​​ពាន់​កុង​តេណឺ​ដែល​គិត​ជា​ទឹក​ប្រាក់​ដប់​ពាន់​លាន​បាត​ ឬ​ស្មើ​នឹង​ជាង​២៧៤​លាន​ដុល្លារ​​។ យោង​តាម​កិច្ច​ព្រម​ព្រៀង​នេះ ថៃ​នឹង​ដឹក​ជញ្ជូន​ទុរេន​៤០០​កុងតេណឺ​ជុំ​ទី​១​ទៅ​ប្រទេស​ចិន​នា​ខែ​មេសា​ខាង​មុខ​នេះ​។​

លោក​ស្រី​ថ្លែង​បន្ថែម​ថា​លើក​នេះ​ប្រទេស​ថៃ​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​ពិសេស​ដោយ​បង្កប់​នៅ​ក្នុង​ផ្លែ​ទុរេន​នី​មួយ​ៗ​នូវ​វត្ថុ​សម្គាល់​។ មើល​នឹង​ភ្នែក​ធម្ម​តា​មិន​ឃើញ​ទេ​។ លុះ​ត្រា​តែ​ស្កេន​ឃ្យូ​អ័រ​កូត (QR code) ទើប​ដឹង​ថា​ផ្លែ​ទុរេន​នោះ​នាំ​ចូល​​​ពី​ប្រទេស​ថៃ​។ ក្រុម​ហ៊ុន​ថេនសឹន​របស់​ប្រទេស​ចិន​ជា​អ្នក​រ៉ាប់​រង​បញ្ចូល​​បច្ចេក​វិទ្យា​ដ៏​ទំនើបនេះ​ដើម្បី​បញ្ជាក់​ថា​ផ្លែ​ទុរេន​ណា​ជា​ផលិត​ផល​របស់​ថៃ​។ ដូច្នេះ អតិថិជន​អស់​ក្ដី​បារម្ភ​ហើយ​។ ​ពួក​គេ​​​គ្រាន់​តែ​ទាញ​ស្មាតហ្វូន​មក​ស្កេន​នឹង​ដឹង​ភ្លាម​ថា​ទុរេន​លក់​តាម​ផ្សារ​ជា​របស់​ថៃ​មែន ឬ​មិន​មែន​​។​​

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ផលិត​ទឹក​ថ្នាំ​ពិសេស​​មួយ​ប្រភេទ​ដែល​អាច​មាន​ប្រតិ​កម្ម​លុះ​ត្រា​តែប៉ះ​ត្រូវ​នឹង​កាំ​រស្មី​ដែល​គេ​បាន​កំណត់​។ បច្ចេក​វិទ្យា​នេះ​ជួយ​ឱ្យ​មនុស្ស​យើង​មើល​ពីសម្បក​ខាង​ក្រៅ​ដោយ​ភ្នែក​ទទេ​មិន​​ឃើញ​ឃ្យូ​អ័រ​កូត​ទេ​។ លុះ​ត្រា​តែ​ប្រើ​ស្មាត​ហ្វូន ឬ​កាមេរ៉ា​ពិសេស​ដែល​ប្រើ​កាំ​រស្មី​។ លោក​ស្រី​ណារូម៉ុន​យល់​ថា​បច្ចេក​វិទ្យា​នេះ​ធ្វើ​ឱ្យ​អតិថិជន​នៅ​ប្រទេស​ចិន​ដែល​ប៉ង​ប្រាថ្នា​ចង់​ទិញ​ទុរេន​ថៃ​ពិត​ៗ​យក​ទៅបរិភោគ​នឹង​ទទួល​បាន​ផលិត​ថៃ​ពិត​ៗ​។ ​ពួក​គេ​នឹង​មាន​ទំនុក​ចិត្ត​ខ្ពស់​។ ​ដូច្នេះ ទៅ​ថ្ងៃ​មុខ​ អ្នក​ណា​ចង់​យក​ទុរេន​ផ្សេង​មក​បន្លំ​ធ្វើ​​ជា​ផលិត​ផល​​របស់​ថៃ​មិន​អាច​ទៅ​រួច​ទេ​។

លោក​ស្រី​ថ្លែង​ថា​ក្រសួង​ពាណិជ្ជ​កម្ម​ក៏​កំពុង​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ថេន​សឹន​ដើម្បី​បង្កើត​បណ្ដាញ​អន​ឡាញ​មួយ​ងាយ​ស្រួល​អ្នក​លក់​រាយ​នៅ​ប្រទេស​ថៃ​អាច​លក់​ផលិត​ផល​របស់​ខ្លួន​នៅ​ប្រទេស​ចិន​ដោយ​ប្រើ​ប្រាស់​ច្រក​ទ្វារ​សិប្ប​និម្មិត​ (virtual)។ ធ្វើ​ដូច្នេះ​នឹង​ជួយ​សម្រួល​​អាជីវករ​លក់​ទំនិញ​នៅ​ប្រទេស​ថៃ​​។ ​សម្រាប់​ពេល​នេះ បណ្ដាញ​អន​ឡាញ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ប្រើ​ប្រាស់​សាក​ល្បង (trial)។ សង្ឃឹម​ថា​នឹង​ដំណើ​រការ​ជា​ផ្លូវ​ការ​នៅ​ក្នុង​រយៈ​ពេល​៤៥​ថ្ងៃ​​ខាង​មុខ​នេះ​​។

​ក្រុម​ហ៊ុន​ថេន​សឹន​ដែល​មាន​ទី​ស្នាក់​ការ​ធំ​នៅ​ទី​ក្រុង​ស៊ឹន​ចិន (Shenzhen)​ ប្រទេស​ចិន ​​បង្កើត​ឡើង​ដំបូង​កាល​ពី​ឆ្នាំ​១៩៩៨​។ ក្រុម​ហ៊ុន​​មាន​បណ្ដាញ​ផ្ញើ​សារ​ឈ្មោះ​វី​ឈែត (WeChat) ដែល​មាន​លក្ខណៈ​ធំ​ទូលាយ​​។ បើ​​ប្រៀប​​ធៀប​ជា​មួយ​បណ្ដាញ​របស់​អាមេរិក​សឹង​តែ​និយាយ​បាន​ថា​ទាល់​តែ​​​ហ្វេសប៊ុក (Facebook) ​​រួម​ជា​មួយ​វាត់​ស្អេប (WhatsApp) និង​ផេផល​​ (PayPal) ​ទើប​ស្មើ​នឹង​វីឈែត​របស់​ចិន​​​៕​

ប្រភព៖ The Nation
https://www.nationthailand.com/thailand/economy/40036751


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ