ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​ថ្លែង​ថា​អាមេរិក​យល់​ច្បាស់​អំពី​ភាព​ស្មុគ​ស្មាញ​នៃ​វិបត្តិ​អ៊ុយ​ក្រែន

15 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ថ្លែង​ថា​អាមេរិក​យល់​ច្បាស់​អំពី​ភាព​សាំ​ញ៉ាំ​នៃ​ជម្លោះ​អ៊ុយ​ក្រែន។​ ដូច្នេះ​ទម្រាំ​ឈាន​ដល់​ការ​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​ត្រូវ​ឆ្លង​កាត់​នីតិ​វិធី​ស្មុគ​ស្មាញ​។ លោក​ពូទីន​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កឺក​គីស្ថាន (Kyrgyzstan) ថ្លែង​​ដូច​ខាង​លើ​នេះ​នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេ​ភាគី​ជា​មួយ​សម​ភាគី​បេឡារូស លោក​លូកាសឹន​កូ (Lukashenko)។ មេ​ដឹក​នាំ​ទាំង​២​ជួប​ពិភាក្សា​គ្នា​មុន​ពេល​ចូល​រួម​កិច្ច​ប្រជុំ​កំពូល «​អង្គ​ការ​សន្ធិ​សញ្ញា​សន្តិ​សុខ​រួម»​…

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ថ្លែង​ថា​អាមេរិក​យល់​ច្បាស់​អំពី​ភាព​សាំ​ញ៉ាំ​នៃ​ជម្លោះ​អ៊ុយ​ក្រែន។​ ដូច្នេះ​ទម្រាំ​ឈាន​ដល់​ការ​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​ត្រូវ​ឆ្លង​កាត់​នីតិ​វិធី​ស្មុគ​ស្មាញ​។ លោក​ពូទីន​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កឺក​គីស្ថាន (Kyrgyzstan) ថ្លែង​​ដូច​ខាង​លើ​នេះ​នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេ​ភាគី​ជា​មួយ​សម​ភាគី​បេឡារូស លោក​លូកាសឹន​កូ (Lukashenko)។ មេ​ដឹក​នាំ​ទាំង​២​ជួប​ពិភាក្សា​គ្នា​មុន​ពេល​ចូល​រួម​កិច្ច​ប្រជុំ​កំពូល «​អង្គ​ការ​សន្ធិ​សញ្ញា​សន្តិ​សុខ​រួម»​ ហៅ​កាត់​ថា​ស៊ី​អែស​ធី​​អូ (CSTO)​។

លោក​ពូទីន​មិន​បាន​ផ្ដល់​សេចក្ដី​លម្អិត​ពាក់​ព័ន្ធ​នឹង​​ការ​ចាប់​ផ្ដើម​ទំនាក់​ទំនង​គ្នា​ និង​ចរ​ចា​គ្នា​ឡើង​វិញ​រវាង​រុស្ស៊ី និង​អា​មេ​រិកដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ទេ​។ ​កាល​ពី​មុន​នេះ វិមាន​ក្រឹម​ឡាំង​បញ្ជាក់​ថា​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​គឺ​លោកស្ទីវ​​វីត​ខូស​នឹង​​រួម​ដំណើរ​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ជា​ច្រើន​នាក់​ទៀត​​ទៅ​ទី​ក្រុង​ម៉ូស្គូ​នៅ​សប្ដាហ៍​ក្រោយ​​ដើម្បី​ពិភាក្សា​ផែន​ការ​សន្តិ​ភាព​។​

លោក​ត្រាំ​កំពុង​ខិត​ខំ​​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​នៅ​អ៊ុយ​ក្រែន​បន្ទាប់​ពី​សង្គ្រាម​រយៈ​ពេល​ជិត​៤​ឆ្នាំ​​បាន​បង្ហិន​បង្ហោច​ទ្រព្យ​សម្បត្តិ និង​អាយុ​ជីវិត​របស់​មនុស្ស​អស់​ជា​ច្រើន​។ ទាំង​អាមេរិក អឺរ៉ុប អ៊ុយ​ក្រែន​ និង​រុស្ស៊ី​សុទ្ធ​តែ​ខាត​បង់​ដូច​គ្នា។ បន្ទាប់​ពី​ឃើញ​សេចក្ដី​លម្អិត​នៃ​ផែន​ការ​សន្តិ​ភាព​ទាំង​២៨​ចំណុច​របស់​លោក​ត្រាំ​ អ៊ុយ​ក្រែន និង​អឺរ៉ុប​ចាប់​ផ្ដើម​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។ ពួក​គេ​គិត​ថា​ផែន​ការ​នេះ​ហាក់​ដូច​ជា​​ស្រប​ទៅ​តាម​ការ​ចង់​បាន​រុស្ស៊ី​​ និង​ហាក់​ដូច​ជា​​បំពេញ​ចិត្ត​​រុស្ស៊ី​ខ្លាំង​ពេក​។ ឧទាហរណ៍ កាត់​ទឹក​ដី​អ៊ុយ​ក្រែន​២០%​ឱ្យ​រុស្ស៊ី, ហាម​អ៊ុយ​ក្រែន​ចូល​ណាតូ និង​បញ្ចុះ​កម្លាំង​ទ័ព​របស់​អ៊ុយ​ក្រែន​។​

ប៉ុន្តែ​ក្រោយ​ការ​ជួប​គ្នា​រវាង​គណៈ​ប្រតិ​ភូ​អាមេរិក និង​អ៊ុយ​​ក្រែន​នៅ​ប្រទេស​ស្វីស​រួច​មក ផែន​ការ​របស់​លោក​ត្រាំ​ត្រូវ​បាន​កែ​សម្រួល​ឡើង​វិញ​។ សូម្បី​តែ​លោកហ្សេឡិនស្គី​ក៏​គាំទ្រ​ផែន​ការ​នេះ​​ផង​ដែរ​។ នៅ​សល់​ចំណុច​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​ដែល​ត្រូវ​ពិ​ភាក្សា​គ្នា​ជា​បន្ត​ទៀត​ ហើយ​លោក​ចង់​ឱ្យ​ពួក​អឺរ៉ុប​មាន​ឱកាស​ចូល​រួម​ពិភាក្សា​គ្នា​​​។ កាលពី​សប្ដាហ៍​មុន លោក​ត្រាំ​ព្រ​លយ​ពាក្យ​ថា​លោក​ទុក​ពេល​មួយ​អាទិត្យ​​ឱ្យ​លោក​ហ្សេឡិនស្គី​ទទួល​យក​ផែន​ការ​សន្តិ​ភាព​។ បើ​មិន​ដូច្នេះ​ទេ​ លោក​ព្រមាន​ឈប់​ផ្ដល់​ជំនួយ និង​ព័ត៌​មាន​សម្ងាត់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ទៀត អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​សឺហ្គេ រីយ៉ាប​កូស (Sergei Ryabkov) ថ្លែង​ថា​រុស្ស៊ី​នឹង​មិន​ធ្វើ​សម្ប​ទាន​ជា​ដាច់​ខាត​នៅ​ក្នុង​គម្រោង​ចរ​ចា​បញ្ចប់​សង្គ្រាម​​អ៊ុយ​ក្រែន​។ លោក​ថា​ការ​ចរ​ចា​គ្នា​ត្រូវ​ចាប់​ផ្ដើម​ពី​ចំណុច​ព្រម​ព្រៀង​គ្នា​រវាង​លោក​ត្រាំ និង​លោក​ពូទីន​ដែល​បាន​ជួប​គ្នា​កម្រិត​កំពូល​នៅ​អាឡាស់​ស្កា​។ រុស្ស៊ី​ចាត់​ទុក​ថា​កិច្ច​ព្រម​ព្រៀង​នៅ​ក្នុង​គ្រា​នោះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​ចរ​ចា​នា​ពេល​អនាគត​។

អ្នក​ការទូត​រូប​នេះ​ថ្លែង​បន្ត​ទៀត​ថា​រុស្ស៊ី​​មិន​ទាន់​ត្រៀម​ខ្លួន​ពិភាក្សា​គ្នា​ជា​សា​ធារណៈ​នូវ​សេចក្ដី​លម្អិត​នៃ​ផែន​ការ​សន្តិ​ភាព​នោះ​នៅ​ឡើយ​ទេ​។ លោក​យូរី អ៊ូសាកូស (Yuri Ushakov) ដែល​ជា​ជំនួយ​ការ​របស់​លោក​ពូទីន​ទទួល​បន្ទុក​ខាង​កិច្ច​ការ​បរទេស​ និង​ដែល​បាន​អម​ដំណើរ​លោក​ពូទីន​ទៅ​ប្រទេស​កឺក​កីស្ថាន​ ​លោក​បញ្ជាក់​ថា​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​គឺ​លោក​ស្ទីវ​វីត​ខូស​នឹង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ម៉ូស្គូ​នៅ​សប្ដាហ៍​ក្រោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ