ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ប៉ៃលិន ទទួល​បាន​ជ័យ​លា​ភី​ជា «​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​»

1 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​ជំទាវ​វេជ្ជបណ្ឌិត ម៉ា​រី​យ៉ា​ណា ទ្រីយ៉ាស (Marianna…

ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​ជំទាវ​វេជ្ជបណ្ឌិត ម៉ា​រី​យ៉ា​ណា ទ្រីយ៉ាស (Marianna Trias) ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​លោក ហែម ឬ​ទ្ធី អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ «​ក្រុងប៉ៃលិន​ជាទី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​» ដែល​ពិធី​នេះ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​សាល​ប្រជុំ ស​.​ស​.​យ​.​ក (​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​) ខេត្ត​ប៉ៃលិន​។

នេះ​ជា​ជ័យ​លា​ភី​មួយ ដែល​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួងទេសចរណ៍ ចំពោះ​បណ្តា​ក្រុង​/​ស្រុក​/​ខណ្ឌ​ណា ដែល​បាន​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​បាន​ល្អ​ប្រសើរ​។ ហើយ​ជ័យ​លា​ភី​នេះ ក៏​មានការ​ទទួល ស្គាល់​ដោយ​បណ្តាញ​ទីក្រុង​គ្មាន​ផ្សែង​បារី​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​, សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ី​អាគ្នេយ៍ និង​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ​។

ដំណើរ​ដែល​ឈាន​ទៅ​ដល់​ការ​ទទួល​បាន​ជ័យ​លា​ភី​នេះ លោក ហែម ឬ​ទ្ធី អភិបាលរង​ខេត្ត​ប៉ៃលិន លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​កម្មវិធី​សិក្ខាសាលា​ជា​បន្តបន្ទាប់ ក្នុង​ការ​ចុះ​យុទ្ធនាការ​បិទ​ស្លាក​ហាម​ជក់បារី រួម​ទាំង​បដា​ផ្សព្វផ្សាយ និង​ការ​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​ជាក់ស្ដែង​។ លើស​ពី​នេះ ជ័យ​លា​ភី​នេះ ក៏​មក​ពី​ការ​ចូលរួម​ខិតខំ​ប្រឹងប្រែង យ៉ាង​សកម្ម​ប្រកបដោយ​ឆន្ទៈ​មោះមុត និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ពី​សំណាក់​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត ក្រុង មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អាជីវករ នៃ​សេវាកម្ម​ផ្សេង​ៗ រួម​ទាំង​ប្រជា​ពល រដ្ឋ​ទាំងអស់ ជា​ពិសេស​ក្រោម​ការ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លិ​ក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន​។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា​: ដោយ​មានការ​យកចិត្តទុកដាក់ ពី​ក្រសួងទេសចរណ៍ ដែល​បាន​ខិតខំ​ជំរុញ​ការងារ ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​នៅ​ក្រុងប៉ៃលិន ព្រមទាំង បាន​រៀបចំ​កម្មវិធី​សិក្ខាសាលា ជា​បន្តបន្ទាប់ ក្នុង​ការ​ចុះ​យុទ្ធនាការ​បិទ​ស្លាក​ហាម​ជក់បារី រួម​ទាំង​បដា​ផ្សព្វផ្សាយ និង​ការ​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​ជាក់ស្ដែង លើ​ការ​អនុវត្ត​គោលការណ៍​ណែនាំ ស្ដី​ពី​ការ​រៀបចំ​ទីក្រុង​ទេសចរណ៍ គ្មាន​ផ្សែង​បារី នា​ពេល​កន្លង​មករ​ហូត ទទួល​បានការ​គាំទ្រ ពី​ក្រសួង​ទេស​ទេសចរណ៍ និង​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​ការ​ប្រកាស​ទទួលស្គាល់ ក្រុងប៉ៃលិន ជាទី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​នា​ពេល​នេះ​គួរ​ជាទី​មោ​ទ​ន​។

លោក​ជំទាវ​វេជ្ជបណ្ឌិត ម៉ា​រី​យ៉ា​ណា ទ្រីយ៉ាស និង​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អបអរសាទរ ក្នុង​ការ​ប្រកាស​ជ័យ​លា​ភិ​ក្រុងប៉ៃលិន​ជាទី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី គឺជា​ប្រសិទ្ធ​នាម ដែល​មានការ​ទទួលស្គាល់​ជា​ផ្លូវការ ពី​ក្រសួងទេសចរណ៍ ចំពោះ​បណ្ដា​ក្រុង ស្រុក ខណ្ឌ​ដែល​បាន​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី ក្នុង​វិស័យ​ទេសចរណ៍ បាន​ល្អ​ប្រសើរ ហើយ​ជ័យ​លា​ភី គឺ​មានការ​ទទួលស្គាល់ ដោយ​បណ្ដា​ទីក្រុង​គ្មាន​ផ្សែង​បារី​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​ផង​ដែរ​។ ម្យ៉ាងវិញទៀត ការ​រៀបចំ​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី ក៏​មានការ​គាំទ្រ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា ការ​រៀបចំ​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​នេះ មិន​ត្រឹមតែ​លើកកម្ពស់​សុខុមាលភាព​ភ្ញៀវ​ទេសចរ និង​អ្នកបម្រើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ចូលរួម​លើកកម្ពស់​សុខភាព​សាធារណៈ តាម​រយៈ​ការ​ចូលរួម​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ មក​លើ​សង្គម​ជាតិ​ទាំងមូល​ទៀត​ផង​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏​បាន​សង្កត់ធ្ងន់​ថា ទាំង​អស់នេះ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​តំបន់​សក្តានុពល​ទេសចរណ៍​ធំ​ៗ របស់​ខេត្ត​ប៉ៃលិន ដែល​រួម​មាន តំបន់​ទេសចរណ៍វប្បធម៌​, ទេសចរណ៍​ប្រវត្តិសាស្ត្រ​, តំបន់​សហគមន៍​ទេសចរណ៍​, តំបន់​ទេសចរណ៍ធម្មជាតិ​, ទេសចរណ៍​កែ​ច្នៃ​, តំបន់​ក​សិ​-​ទេសចរណ៍ និង តំបន់​គោលដៅ​ទេសចរណ៍​ថ្មី​ៗ ស្រប​តាម​ផែនការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​ប៉ៃលិន សម្រាប់​.​ឆ្នាំ​២០២៦-២០៣០ ដែល​ទើបនឹង​ដាក់​ឱ្យ​អនុវត្ត​កាលពី​ខែមិថុនា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ​។

ដូច្នេះ​ការ​ទទួល​បាន​ជ័យ​លា​ភី​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​នៅ​ថ្ងៃនេះ​គឺជា​មោទនភាព និង​បានជា​តម្លៃបន្ថែម​ខ្ពស់​មួយទៀត​សម្រាប់​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ