ទីក្រុងតូក្យូ៖ លោកត្រាំបានសន្ទនាគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រីតាកាអ៊ីឈិ នៅសប្ដាហ៍នេះ និងស្នើសុំឱ្យលោកស្រីកុំបង្កភាពតានតឹងជាមួយប្រទេសចិនពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពរបស់កោះតៃវ៉ាន់។ សារព័ត៌មានវ៉លស្ទ្រីតជើណល (Wall Street Journal) បានចុះផ្សាយដំណឹងនេះមុនគេដោយដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន២នាក់ និងមន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់។

លោកដូណាល់ត្រាំបានហៅទូរស័ព្ទទៅនាយករដ្ឋមន្ត្រីជប៉ុនបន្ទាប់ពីលោកសន្ទនាគ្នាជាមួយប្រធានាធិបតីចិន លោកស៊ីជីនពីងតាមទូរស័ព្ទកាលពីមុននោះ។ នៅក្នុងការសន្ទនាគ្នានោះ លោកទាំង២បាននិយាយអំពីបញ្ហាកោះតៃវ៉ាន់ និងការទទួលខុសត្រូវរួមគ្នារវាងចិន និងអាមេរិកក្នុងការថែរក្សាសណ្ដាប់ធ្នាប់ពិភពលោក។ លោកស៊ីបានជម្រាបជូនលោកត្រាំថាការយកកោះតៃវ៉ាន់មកនៅក្រោមការគ្រប់គ្រងរបស់ចិនជាក្ដីសុបិនដ៏ធំរបស់ប្រទេសចិន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានព្យាយាមទាក់ទងទៅសេតវិមានដើម្បីស្នើសុំការឆ្លើយបំភ្លឺ។ សេតវិមានបញ្ជាក់ថាអាមេរិក និងចិនកំពុងមានទំនាក់ទំនងល្អជាមួយគ្នា ហើយរឿងនេះក៏ល្អសម្រាប់ប្រទេសជប៉ុនផងដែរក្នុងនាមជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់យើង។ មូលហេតុដែលលោកត្រាំជំរុញដូចខាងលើនេះបន្ទាប់ពីលោកស្រីតាកាអ៊ីឈិឡើងថ្លៃសុន្ទរកថានៅក្នុងរដ្ឋសភាកាលពីថ្ងៃទី៧ ខែវិច្ឆិកាថាបើសិនប្រទេសចិនប្រើកងទ័ពវាយប្រហារតៃវ៉ាន់នាពេលអនាគត ជប៉ុននឹងធ្វើអន្តរាគមន៍យោធា។

ក្រោយការថ្លែងរបស់លោកស្រីតាកាអ៊ីឈិពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ គេឃើញថាប្រទេសចិនបានតវ៉ាជាបន្តបន្ទាប់តាមរយៈស្ថាប័នរបស់ខ្លួនដូចជាក្រសួងការបរទេស ក្រសួងការពារជាតិ និងការិយាល័យទំនាក់ទំនងចិន និងតៃវ៉ាន់ជាដើម។ ភាពតានតឹងអាចនឹងកើតមានជាបន្តទៀតបន្ទាប់ពីគេទទួលដំណឹងថាជប៉ុនមានគម្រោងដាក់ពង្រាយជើងទម្របាញ់មីស៊ីលរយៈចម្ងាយមធ្យមនៅលើកោះមួយស្ថិតនៅចម្ងាយ១១០គីឡូម៉ែត្រពីតៃវ៉ាន់។ ជប៉ុនថាមីស៊ីលនេះទុកសម្រាប់ការពារខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែប្រទេសចិនចាត់ទុកថានេះជាការប៉ុនប៉ងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន និងជាទង្វើដ៏គ្រោះថ្នាក់។

នៅក្នុងការសន្ទនាគ្នារវាងលោកត្រាំ និងលោកស្រីតាកាអ៊ីឈិ បើតាមការផ្សាយរបស់វ៉លស្ទ្រីតជើណល លោកត្រាំនិយាយដោយសង្ខេបៗតែប៉ុណ្ណោះ។ លោកមិនបានដាក់សម្ពាធទៅលើលោកស្រីដើម្បីឱ្យលោកស្រីដកមកវិញនូវពាក្យសម្ដីដែលថ្លែងនៅក្នុងរដ្ឋសភានោះទេ។ ប្រទេសចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួនដែលខ្លួនត្រូវតែយកមកគ្រប់គ្រងឱ្យបាន។ បើសិនមិនអាចបង្រួបបង្រួមទឹកដីដោយសន្តិវិធីទេ ចិនក៏មិនបដិសេធឡើការប្រើប្រាស់កម្លាំងយោធាដើម្បីវាយប្រហារតៃវ៉ាន់ឡើយ។ តៃវ៉ាន់ច្រានចោលការអះអាងរបស់ចិន។ តៃវ៉ាន់ថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះទើបមានសិទ្ធិសម្រេចលើជោគវាសនា-អនាគតរបស់ខ្លួនដោយខ្លួនឯង។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ