ខេត្តបាត់ដំបង ៖ អ្នកបើកបរត្រាក់ទ័រចំនួន០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពេលកំពុងបើកត្រាក់ទ័រចំនួន០២គ្រឿងសំរុកឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់២ និងតំបន់៣ ដែលជាតំបន់ហាមឃាត់ នៅក្នុងភូមិសាស្ត្រទឹកដីស្រុកថ្មគោល ជាប់តំបន់ទន្លេសាប កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ២៦ មីនា ដែលគេអះអាងថា ក្រោមការបង្គាប់បញ្ជាពីមន្ត្រីយោធាម្នាក់ប្រចាំការនៅតំបន់នោះ ។

តាមរយៈរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ដែលត្រូវឃាត់ខ្លួន គឺជាអ្នកបើកត្រាក់ទ័រស៊ីឈ្នូលឈូសឆាយដីព្រៃលិចទឹករាប់សិបហិចតាខាងលើនេះ ។ ជនទាំង០២នាក់ ម្នាក់ឈ្មោះសាំង សែន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ម្ចាស់ត្រាក់ទ័រឈ្មោះក្ដាម) និងម្នាក់ទៀតឈ្មោះ កុយ ភារម្យ ភេទប្រុស អាយុ២៣ឆ្នាំ នៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ម្ចាស់ត្រាក់ទ័រឈ្មោះ តាកុយ) របាយការណ៌បានបញ្ជាក់ថា ជនសង្ស័យ និងត្រាក់ទ័រទាំង០២គ្រឿងនេះ ត្រូវបានកម្លាំងអធិការស្រុកថ្មគោល ដែលចុះល្បាត និងស្វែងរកបង្ក្រាបបទល្មើសនេសាទ ប្រទះឃើញពេលកំពុងសំរុកឈូសឆាយដីព្រៃនៅក្នុង «តំបន់២ និងតំបន់៣» ត្រង់ចន្លោះបង្គោលព្រំលេខ៣០២ និង៣០៨ ដែលជាតំបន់ហាម
ឃាត់ ។

បើតាមប្រភពព័ត៏មានដោយឡែក ដែលពាក់ព័ន្ធនឹងការលួចឈូសឆាយដីព្រៃលិចទឹកខាងលើនេះដែរបានឲ្យដឹងថា មន្ត្រីយោធាម្នាក់ នៅអង្គភាពវរៈសេនាតូចលេខ០៣ ដែលមានមូលដ្ឋាននៅឃុំតាពូងស្រុកថ្មគោលជាអ្នកចាត់ចែង និងជូលត្រាក់ទ័រទាំង០២គ្រឿងនេះ ឲ្យចូលទៅឈូសឆាយរំលោភយកដីព្រៃខាងលើនេះ ។ មន្ត្រីយោធានោះបានដើរដុតព្រៃកាប់បំផ្លាញដើមឈើធំៗ មានទំហំរាប់សិបហិចតា មុនពេលឲ្យត្រាក់ទ័រចូលឈូសឆាយ ។

បើតាមប្រភពដដែល មិនមែនមានតែមន្ត្រីយោធាម្នាក់នេះទេ ដែលបានលួចឈូសឆាយរំលោភយកដីព្រៃលិចទឹក ក្នុងតំបន់២ និងតំបន់៣ខាងលើនេះ នៅមានជនម្នាក់អំណាច និងប្រជាពលរដ្ឋមួយចំនួនទៀត ដែលជាបក្ខពួក ក៏បានចូលរួមឈូសឆាយយកដីរដ្ឋដែរ ។ ប៉ុន្តែពលរដ្ឋមួយចំនួនគ្រាន់តែពួកមន្ត្រីមានអំណាច និង មន្ត្រីយោធាយកធ្វើជារនាំងពាំងមុខតែប៉ុណ្ណោះ ។

អធិការស្រុកថ្មគោល លោក សេង លុច ក៏បានទទូលស្គាល់ដែរថា អ្នកនៅពីក្រោយនៃការឈូសឆាយរំលោភយកដីព្រែលិចទឹកត្រង់ចំនុចខាងលើនេះ ពីតជាមន្ត្រីយោធាមែន ។ លោកអធិការបានបញ្ជាក់ថា ក្រោយពីបានសួរនាំអ្នកបើកបរត្រាក់ទ័រ និង ការស្រាវជ្រាវ គឺ មានមន្ត្រីយោធាម្នាក់នៅអង្គភាពវរសេនាតូចលេខ០៣ ជាអ្នកចាត់ចែង ជួលត្រាក់ទ័រឲ្យចូលទៅឈូសឆាយរំលោភយកដីតំបន់៣ ខាងលើនេះ ដោយមន្ត្រីយោធារូបនេះអះអាងថា «ឈូសឆាយចែកឲ្យប្រជាពលរដ្ឋ»។

លោក សេង លុច បានប្រាប់ថា បើតាមការពិនិត្យជាក់ស្ដែងដីព្រៃលិចទឹក ដែលមន្ត្រីយោធាខាងលើនេះ គូសវាសបំរ៉ុងឈូសយក និងកន្លែងខ្លះឈូស ឬដុតស្រឡះអស់ទៅហើយ គឺមួយចំនួនស្ថិតក្នុងតំបន់២ និងមួយចំនួនទៀតស្ថិតក្នុងតំបន់៣ (ជាប់ព្រំប្រទល់គ្នា) ដែលមានទំហំចូលខ្ទង់រយហិចតាហើយ។

លោកអធិការបានបញ្ជាក់ថា ក្រោយពីឃាត់អ្នកបើកបរ០២នាក់មកសួរនាំ និងដកហូតត្រាក់ទ័រ០២គ្រឿង យកមករក្សាទុក តាមបទបញ្ជាលោកស្នងការខេត្ត ពេលនេះយើងបានប្រគល់អ្នកបើកបរត្រាក់ទ័រឈូសឆាយដីព្រៃលិចទឹកឲ្យទៅមន្ត្រីជលផលចាត់ការបន្តតាមនីតិវិធីហើយ ៕


ចែករំលែកព័តមាននេះ