ខេត្តបាត់ដំបង៖ សមត្ថកិច្ច និងមន្ត្រីជំនាញបានចំណាយពេលប្រមាណ៦ម៉ោង ក្នុងការតាមចាប់សត្វក្រពើមួយក្បាលមានទម្ងន់ប្រហែល៥០គីឡូក្រាម ដែលប្រជាពលរដ្ឋប្រទះឃើញបណ្ដែតខ្លួននៅក្នុងដងស្ទឹងសង្កែ កាលពីព្រឹកថ្ងៃទី២៦ មិនា នៅចំណុចភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដែលគេអះអាងថា ជាសត្វក្រពើរួចចេញពីក្នុងទ្រុងអ្នកចិញ្ចឹម ។

មន្ត្រីមូលដ្ឋានបានរាយការណ៍ថា សត្វក្រពើមួយក្បាលនេះ ត្រូវពលរដ្ឋប្រទះឃើញវាហែលបណ្ដែតខ្លួន នៅក្នុងដងស្ទឹងសង្កែ ត្រង់ចំណុចខាងលើ ហើយក៏មានការភ្ញាក់ផ្អើល និងបានរាយការណ៍ប្រាប់សមត្ថកិច្ចនិងមន្ត្រីជលផលឱ្យជួយអន្តរាគមន៍ ដើម្បីរកវិធីតាមចាប់សត្វក្រពើដ៏ធំមួយក្បាលនេះ ។

បើតាមអ្នកភូមិបាននិយាយនៅកន្លែងកើតហេតុថា អ្នកភូមិម្នាក់ដែលនៅក្បែរមាត់ស្ទឹងបានប្រទះឃើញសត្វក្រពើមួយក្បាលនេះ តាំងពីម៉ោង៤ទៀតភ្លឺថ្ងៃទី ២៦ មីនា ។ វាបានបណ្ដែតខ្លួនផុតពីស្មៅក្បែរច្រាំងស្ទឹងរហូតដល់ម៉ោងប្រហែល៦ព្រឹក ទើបគេឃើញរូបរាងវាច្បាស់ ដែលហែលទឹកលែងវិលវល់នៅតំបន់នោះ ធ្វើឱ្យអ្នកភូមិមានការភ្ញាក់ផ្អើលព្រោងព្រាត ហើយអ្នកឃើញ ក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗដែរ ។

នៅកន្លែងកើតហេតុ គេឃើញសមត្ថកិច្ចចម្រុះ មានកម្លាំងនគរបាល កម្លាំងជលផលព្រែកកញ្ច្រែង អាជ្ញាធរដែលដី រួមទាំងកម្លាំងប្រជាពលរដ្ឋផង បានប្រើប្រាស់កាណូតស្មាច់ ជិះពង្រាយសំណាញ់ ដើម្បីតាមប្រម៉ាញ់សត្វក្រពើនោះនៅក្នុងស្ទឹង ។ សមត្ថកិច្ចបាននិយាយថា ចាប់តាំងពីព្រលឹម រហូតដល់ម៉ោងប្រមាណ១រសៀលថ្ងៃដដែល ទើបកម្លាំងជំនាញតាមចាប់សត្វក្រពើនេះបាន។ ពោលកម្លាំងចម្រុះចំណាយពេលប្រហែល៦ម៉ោង ទើបចាប់ក្រពើមួយក្បាលនេះបាន ។

មន្ត្រីជលផលដែលចុះអន្តរាគមន៍ក្នុងកិច្ចប្រតិបត្តិការតាមប្រមាញ់សត្វក្រពើខាងលើនេះ បានប្រាប់ថា សត្វក្រពើនេះ មានទម្ងន់ចន្លោះពី៤០ទៅ៥០គីឡូក្រាម។ វាមិនមែនជាសត្វក្រពើធម្មជាតិទេ តែវាអាចរួចចេញពីក្នុងទ្រុងអ្នកចិញ្ចឹមនៅកន្លែងណាមួយ ។ សូមបញ្ជាក់ដែរថា កន្លងមកនៅក្នុងស្រុកឯកភ្នំ មានប្រជាពលរដ្ឋបង្កើតកសិដ្ឋាន«ចិញ្ចឹមក្រពើ»ច្រើនកន្លែងណាស់។ ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកចិញ្ចឹមសត្វក្រពើទាំងនេះ ប្រឈមនឹងការខាតបង់ច្រើន ដោយសារតែសត្វក្រពើគ្មានទីផ្សារ ។

ក្នុងអំឡុងឆ្នាំ២០២០កន្លងទៅ គ្រោះទឹកជំនន់ក៏បានកើតឡើងលិចលង់ស្ទើរគ្រប់ទីកន្លែង ក្នុងនោះ គេសង្កេតឃើញក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ហាក់មានសភាពធ្ងន់ធ្ងរជាងគេ ។ ដូច្នេះ គេសង្ស័យសត្វក្រពើមួយក្បាលនេះ អាចរួចចេញពីក្នុងទ្រុងអ្នកចិញ្ចឹមតាំងពីអំឡុងពេលនោះនោះ ក៏អាចថាបាន។ ប៉ុន្តែយ៉ាងណា ចំពោះសត្វក្រពើមួយក្បាលដែលគេចាប់បានខាងលើនេះ ត្រូវបានមន្ត្រីជលផលដឹកយកចេញពីកន្លែងកើតហេតុហើយ ៕








ចែករំលែកព័តមាននេះ