ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីប្រមូលផលពោតក្រហម និងមើមដំឡូងមីនៅក្នុងចម្ការរួចរាល់ ស្របពេលដែលមានភ្លៀងធ្លាក់ចំនួន២មេធំៗ សមល្មមធ្វើឱ្យសើមដីនៅតាមចម្ការភាគច្រើន អាចឱ្យប្រជាកសិករខ្លះនាំគ្នាភ្ជួរដីពូនរង និងអ្នកខ្លះទៀត កាប់ដើមដំឡូងមីដាក់ដាំជាបណ្តើរៗ ខណ:ដែលមើមដំឡូងមីឆ្នាំ២០២៤នេះ ឡើងថ្លៃខ្ពស់គួរឱ្យកត់
សម្គាល់។

បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ ហាន ភេទប្រុស រស់នៅក្នុងក្រុងប៉ៃលិន បានឱ្យភ្នាក់ ងារយើងដឹងថា ៖ បន្ទាប់ពីប្រមូលផលមើមដំឡូងមីលក់ឱ្យឈ្មួញនៅតាមស្តង់ក្នុងក្រុងប៉ៃលិនរួចរាល់ បានថវិកាសម្រាប់យកទៅសងជំពាក់បំណុលគេ និងសល់ខ្លះទុកសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ អាចឱ្យគាត់ធ្វើដើមទុនសម្រាប់ប្រកបរបរកសិកម្មឆ្នាំថ្មី ទើបគាត់ចាប់ផ្តើមជួលត្រាក់ទ័រឱ្យចូលទៅភ្ជួរដីក្នុងចំការរបស់ខ្លួនជាង៤ហិកតា ស្ថិតនៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

គាត់បន្តទៀតថា បន្ទាប់ពីភ្ជួរដីហាលបានត្រឹមតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ ស្រាប់តែមេឃចាប់ផ្តើមធ្លាក់ភ្លៀងចំនួន២មេជាប់ៗគ្នា ដែលធ្វើឱ្យដីនៅក្នុងចំការរបស់គាត់ចាប់ផ្តើមសើមជ្រាយអាចឱ្យគាត់ជួលកម្មករចូលទៅដាំដើមដំឡូងមីសារថ្មីឡើងវិញ ។
គាត់បញ្ជាក់ទៀតថា ការជួលត្រាក់ទ័រឱ្យភ្ជួរដី និងពូនរង ដាំដើមដំឡូងមីសារថ្មីនេះ ក្នុង១ហិកតា ត្រូវចំណាយអស់២០០០ទៅ២៥០០បាត (ប្រាក់ថៃ) ហើយក៏ត្រូវចំណាយថវិកាជួលឱ្យកម្មករដាំ និងទិញជី ទិញថ្នាំសម្លាប់សត្វល្អិត ពោលគឺចំណាយច្រើនគួរសមដែរ។

តែទោះបីជាយ៉ាងណាក៏ដោយ បើសិនជាតម្លៃទីផ្សារដំឡូងមីមិនធ្លាក់ចុះ គឺឡើងថ្លៃដូច្នាំ២០២៤នេះ ដោយឈ្នួញទិញ១គីឡូក្រាម រហូតដល់៣០០ទៅ៣១៥បាត (ប្រាក់ថៃ) ជាង៣០០រៀល ធ្វើឱ្យ គាត់ អាចនឹងចំណេញច្រើនគួរសមដែរ ក្រោយពីទូទាត់កាច់កិនថ្លៃឈ្នួល និងថ្លៃសម្ភារ:កសិកម្មរួចមក។
លោកបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលលោកឈប់ដាំពោតក្រហមនាឆ្នាំ២០២៤នេះ ដោយសារតែតម្លៃទីផ្សារពោតមានការធ្លាក់ចុះជាងឆ្នាំមុន ហើយលំបាកក្នុងការដាំ ដើមពោតមិនសូវស៊ូដូចដើមដំឡូងមីនោះទេ ពោលគឺបើរាំងភ្លៀងតែ១ទៅ២អាទិត្យអាចនឹងងាប់ដើម ។

ម្យ៉ាងវិញទៀត លោកបានស្តាប់ឮដំណឹងល្ហៀងៗថា នៅឆ្នាំក្រោយនេះ ភាគីថៃលែងទិញកសិផលដំណាំពោតក្រហមនៅតាមព្រំដែនហើយ តែមិនទាន់ច្បាស់ការយ៉ាងណានោះទេ។ ដូច្នេះហើយ លោកក៏មិនហ៊ានប្រថុយប្រថានទៀតដែរ ព្រោះអាចឱ្យលោកខាតជាងការដាំដើមដំឡូងមី។
ចំណែកប្រជាពលរដ្ឋជាច្រើនទៀត រស់នៅក្នុងក្រុងប៉ៃលិន ក្រោយពេលភ្លៀងធ្លាក់ជាប់ៗគ្នា ពួកគាត់ក៏ចាប់ផ្តើមភ្ជួរដីដាំដើមដំឡូងមីសារថ្មីឡើងវិញដែរ ដោយមិនឃើញមានដាំពោតក្រហមនោះឡើយ ព្រោះតម្លៃទីផ្សារមើមដំឡូងមីមានការហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ចំណែកពោតក្រហមឆ្នាំនេះ ទិន្នផលធ្លាក់ចុះហើយ តម្លៃទីផ្សារក៏ធ្លាក់ចុះជាងមើមដំឡូងមីដែរ៕


ចែករំលែកព័តមាននេះ