ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ចេញដំណើរ​ទៅ​ទស្សនកិច្ច​នៅ ប្រទេស​ឡាវ កាលពី​ថ្ងៃ​ទី​២៥ ខែ​មិ​នា ។ តើ​មេដឹកនាំ​កម្ពុជា និង​ឡាវ…

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ចេញដំណើរ​ទៅ​ទស្សនកិច្ច​នៅ ប្រទេស​ឡាវ កាលពី​ថ្ងៃ​ទី​២៥ ខែ​មិ​នា ។ តើ​មេដឹកនាំ​កម្ពុជា និង​ឡាវ អាច​ពិភាក្សា ដល់​ការ​រកស៊ី​រួម​គ្នា​លើ​ការ​ផ្គត់ផ្គង់​ថាមពល​ក្នុង​តំបន់​ឬទេ?

ទំនាក់ទំនង​កម្ពុជា និង​ឡាវ គឺ​ធម្មតា ពោល​ជា​ទំនាក់ទំនង​បែប​ប្រពៃណី និង​ជា​ទំនាក់ទំនង​នៃ​ប្រទេស​ជិតខាង​ល្អ​តាំងពី​ដើម​រៀង​មក​នៃ​ប្រវត្តិសាស្ត្រ ។ ប៉ុន្តែ​ចំណុច​មួយ​ថ្មី​ដែល​កម្ពុជា​សម្លឹង​ឃើញ​នោះ គឺ​ឡាវ​អាច​ជួយ​ឲ្យ​កម្ពុជា​ក្លាយជា​ឈ្មួញកណ្តាល​ថាមពល​មួយ​នៅ​ក្នុង​តំបន់ ខណៈ​ដែល​ឡាវ​ក៏​ត្រូវការ​កម្ពុជា​ជួយ​លើ​ផ្នែក​នេះ​ផង​ដែរ ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ​របស់​ខ្លួន ។

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​បី គឺ​ឡាវ វៀតណាម និង​ថៃ ប៉ុន្តែ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ឡាវ គឺ​មាន​តិចតួច​បំផុត​ធៀប​នឹង​ប្រទេស​ទាំង​ពីរ​ផ្សេង​ទៀត ។ ដោយ​មក​ដល់​ឆ្នាំ​២០២៣​កន្លង​ទៅ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ គឺ​មាន​តែត្រឹម​ជាង​១៩៤​លាន​ដុល្លារ​ប៉ុណ្ណោះ ដោយនៅ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ឡាវ​តែ​ជាង​៤​លាន​ដុល្លារ​ទេ តែ​នាំ​ចូល​មក​វិញ​ជាង​១៩០​លាន​ដុល្លារ ។

ក្រៅពី​ពាណិជ្ជកម្ម គឺ​អាច​មាន​វិស័យ​ទេសចរណ៍ ដោយ​កាលពី​ឆ្នាំ​២០២៣​កន្លង​ទៅ​ភ្ញៀវ ទេសចរ​ឡាវ គឺ​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​៤​ដែរ​ដោយ​ទាក់ទាញ​បាន​អ្នកទេសចរ​ឡាវ​សរុប ជាង​៣៧​ម៉ឺន​នាក់​ដែរ ហើយ​នៅ​មាន​កម្ពុជា​វិនិយោគ​លើ​វិស័យ​ហិរញ្ញវត្ថុ​ខ្លះ​នៅ​ក្នុង​ប្រទេស ឡាវ​ផង​ដែរ ប៉ុន្តែ​មិនធំ​ប៉ុន្មាន​ឡើយ ។

ក្រៅពី​នោះ គឺជា​កិច្ច​សហប្រតិបត្តិការ​នយោបាយ ការទូត និង​សន្តិសុខ ប៉ុន្តែ​នៅ​ក្នុង ដំណើរ​ទស្សនៈកិច្ច​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នៅ​ឡាវ​រយៈពេល​ពីរ​ថ្ងៃ​ពោល គឺ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​២៦ ខែមីនា ឆ្នាំ​២០២៤​នេះ អាច​មាន​សមិទ្ធផល​សេដ្ឋកិច្ច​ថ្មី​សម្រាប់​ជា​ប្រយោជន៍ ដល់​ប្រទេស​ទាំង​ពីរ​បន្ថែម​លើ​សក្តានុពល​សេដ្ឋកិច្ច​ដែល​មាន​ស្រាប់ ។

មក​ដល់​ពេល​នេះ ឡាវ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ធុងអាគុយ​អគ្គិសនី​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន ប៉ុន្តែ​មក​ដល់​ពេល​នេះ​ឡាវ​ហាក់​កំពុង​តែ​ទទួល​បាន​ផល​ពី​សក្តានុពល​នេះ​តិច ។ នៅ​ពេល​នេះ​ឡាវ​ត្រូវ​បាន​គេ​ដឹង​ថា អាច​ផលិត​ថាមពល​លើស​ពី​១១.៦០០ មេ​ហ្គា​វ៉ា​ត់​ពី​រោងចក្រ​អគ្គិសនី ៩៤​កន្លែង ដោយនៅ​ក្នុង​នោះ មាន​៨១ កន្លែង គឺជា​វា​រី​អគ្គិសនី ហើយ​ឡាវ​អាច​លក់​ចេញ​ថាមពល​ទាំងនោះ​ទៅ​ថៃ ចិន វៀតណាម មី​យ៉ា​ន់​ម៉ា និង​កម្ពុជា នៅ​ក្នុង​តម្លៃ​២,៣​ពាន់​លាន​ដុល្លារ ។

ដោយ​ឃើញ​នូវ​សក្តានុពល​នេះ កម្ពុជា​ក៏​បាន​ផ្តួចផ្តើម​គម្រោង​មួយ​ដែល​ពាក់ព័ន្ធ​នឹង គម្រោង​កសាង​ខ្សែកាប​បញ្ជូន​ចរន្តអគ្គិសនី​នៅ​ក្រោម​សមុទ្រ​ដោយ​ភ្ជាប់​ពី​ឡាវ មក​កម្ពុជា ហើយ​ទៅ​ប្រទេស​ផ្សេង​ៗ​មាន សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី ។

ពាក់ព័ន្ធ​នឹង​គម្រោង​នេះ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​តែងតែ​បង្ហាញ​នូវ​គម្រោង​នេះ​ទៅ​មេដឹកនាំ​បរទេស ជា​ពិសេស គឺ​មេដឹកនាំ​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី នៅ​ពេល​ដែល​លោក​បាន​ជួប​នៅ​ក្នុង​ជំនួប​នៅ​ក្រៅប្រទេស​ឬ​ក៏​ជំនួប​ទ្វេភាគី ដោយ​មេដឹកនាំ​នានា​ក៏​បាន​បង្ហាញ​នូវ សមានចិត្ត​គាំទ្រ​ចំពោះ​គម្រោង​នេះ​ដែរ គ្រាន់តែ​លទ្ធផល​ដែល​ជាក់ស្តែង​ហាក់​នៅ​មិន​ទាន់​លម្អិត​នៅឡើយ ។ តាម​ការ​ស្រាវជ្រាវ​ឯកសារ​កន្លង​មក គម្រោង​នេះ​បាន​ត្រួសត្រាយ​ផ្លូវ​ដោយ​រដ្ឋាភិបាល​កម្ពុជា តាំងពី​អាណត្តិ​មុន​មក​ម្ល៉េះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយនៅ​ក្នុង​នាម​ជា​អ្នក​បន្តវេន គឺ​កម្ពុជា កំពុង​តែ​ដុតដៃដុតជើង​នៅ​លើ​គ​ម្រា​ង​នេះ​ខ្លាំង​បំផុត ។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​បរទេស​ដែល​បាន​ចេញផ្សាយ​អំពី​ដំណើរ​ទស្សនៈកិច្ច​របស់ សម្តេច​ធិ​បតី​ទៅ​ឡាវ មិន​មាន​បង្ហាញ​ដោយ​ត្រង់​ៗ​អំពី​ចំណុច​ឈ្មួញ​ថាមពល​របស់​កម្ពុជា​នេះ​ទេ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រភព​ដដែល​បានអោយ​ដឹង​ថា នៅ​ក្នុង​ឱកាស នៃ​ដំណើរ​ទស្សនៈកិច្ច​នោះ សម្តេច​ធិ​បតី​នឹង​ជួប​សំដែង​ការ​គួរសម​ជាមួយនឹង​ថ្នាក់ដឹកនាំ ឡាវ​នានា ហើយ​នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយនឹង​លោក សន​សៃ ស៊ី​ផា​ន់​ដ​ន គឺ​បាន​បង្ហើប​ថា មេដឹកនាំ​កម្ពុជា និង​ឡាវ នឹង​ពិភាក្សា​អំពី​មធ្យោបាយ​នានា​ក្នុង​ការ​លើកកម្ពស់​បន្ថែម ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ជា​ច្រើន​ដែល​ជា​ផលប្រយោជន៍​រួម​របស់ ប្រទេស​ទាំង​ពីរ ។
ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ពិភាក្សា គេ​នឹង​មាន​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​លើ​វិស័យ ឬ​គម្រោង​មួយ​ចំនួន ។

សរុប​មក​វិញ ប្រសិនបើ​កម្ពុជា​អាច​ក្លាយជា​ឈ្មួញកណ្តាល​លើ​ផ្នែក​ថាមពល​ពី​ឡាវ​ទៅ​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី​មែន​នោះ កម្ពុជា​នឹង​អាច​ទទួល​បាន​ភាគលាភ ដើម្បី​ជា​ចំណូល​ចូលជាតិ​បន្ថែម​ទៀត ទោះបីជា​មិន​ច្រើន​ក៏​វា​ជា​ប្រភព​ចំណូល​បន្ថែម​ដល់​រដ្ឋាភិបាល និង​ប្រទេស​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ