ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាល្បីៗមួយចំនួនត្អូញត្អែររឿងទិញផ្ទះ និងដីមិនសមប្រកប

1 ខែ មុន
  • ភ្នំពេញ

នៅ​ក្នុង​ពេល​ដែល​វិស័យ​អចលនទ្រព្យ​ស្រុត​ចុះ កុំ​ថា​ឡើយ​ប្រជាពលរដ្ឋ សូ​ម្បី​តែ​បុគ្គល​សាធារណៈ​ដូច​ជាតា​រា​ៗ​មួយ​ចំនួន ក៏​កំពុង​តែ​ជួប​បញ្ហា ហើយ​ត្អូញត្អែរ​នឹង​បញ្ហា​ទិញ​ផ្ទះ និង​ដី​បាន​មិន​សមប្រកប​ជា​បន្តបន្ទាប់​ផង​ដែរ ។ អ្នក​នាង សុខ ចាន់​ធីតា…

នៅ​ក្នុង​ពេល​ដែល​វិស័យ​អចលនទ្រព្យ​ស្រុត​ចុះ កុំ​ថា​ឡើយ​ប្រជាពលរដ្ឋ សូ​ម្បី​តែ​បុគ្គល​សាធារណៈ​ដូច​ជាតា​រា​ៗ​មួយ​ចំនួន ក៏​កំពុង​តែ​ជួប​បញ្ហា ហើយ​ត្អូញត្អែរ​នឹង​បញ្ហា​ទិញ​ផ្ទះ និង​ដី​បាន​មិន​សមប្រកប​ជា​បន្តបន្ទាប់​ផង​ដែរ ។

អ្នក​នាង សុខ ចាន់​ធីតា ហៅ​កា​តុ ជា​សិល្បករ​ផ្នែក​កំប្លែង​មួយ​រូប​បាន​លើក​ឡើង នៅ​លើ​បណ្តាញ​សង្គម​ថា «​ប៉ុន្មាន​ថ្ងៃនេះ​ក្នុង​បណ្តាញ​សង្គម មានរឿង​រ៉ាវ​ជា​ច្រើន អ្នកខ្លះ​ចង់​ធ្វើ​នេះ អ្នកខ្លះ​ចង់​នោះ តែ​ចំណែក​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ទេ ចង់បាន​តែ​ផ្ទះ​ដែល​ជា​ញើស​ឈាម ដែល​ខំ​សន្សំ​ពីរ​នាក់​ប្តី​ប្រពន្ធ​ទាំង​យប់​ទាំង​ថ្ងៃ ទាំង​ក្នុង​ការងារ​សិល្បៈ និង​ការងារ​រកស៊ី​ផ្សេង​ៗ​ដើម្បី​យក​លុយ​ទិញ​ផ្ទះ​[….] តែ​អស់​រយៈពេល​ជិត​បី​ឆ្នាំ​ហើយ ឃើញ​តែ​ឥដ្ឋក្រហម​បាន​ពាក់កណ្តាល​» ។

អ្នក​នាង​កា​តុ បន្ត​ថា «​សួរ​គេ​ដែរ តែ​គេ​ឱ្យ​ខ្ញុំ​យោគយល់ តើ​យោគយល់​ប៉ុន្មាន​ឆ្នាំ​ទៀត (​អាតូច​យល់​អាធំ​) ខ្ញុំ​សែនពិបាក​ចិត្ត​រាល់ថ្ងៃ តែ​ម្ចាស់​បុរី​ដើរ​ធ្វើបុណ្យ​ដូច​គ្មាន​រឿង​អី ចុះ​ទម្រាំ​បងប្អូន​នៅផ្ទះ​ជួល​យក​លុយ​ពី​ធនាគារ តើ​ពួក​គាត់​គិត​យ៉ាងម៉េច? ជួយ​ពិចារណា​តាម​ការ​គួរ​» ។

ស្រ​ដៀង​គ្នា​នេះ​ដែរ លោក ចែ​ម ចាន់​រ៉ា ដែល​ត្រូវ​បាន​មហាជន​ស្គាល់​ថា​ជា នាយ​ពាក់​មី តារា​កំប្លែង​ល្បី​ប្រចាំ​ប្រទេស នៅ​ថ្ងៃ​ទី​១៨ ខែមីនា បាន​បង្ហោះ​សារ​ហួសចិត្ត​មួយ បន្ទាប់​ពី​លោក​បាន​ទិញ​ផ្ទះ​ក្នុង​បុរី​មួយ​កន្លែង​ពេល​បាន​ចុះ​មើលឃើញ​សភាព​ផ្ទះ ស្ទើរ​មិន​គួរ​ឱ្យ​ជឿ ខណៈ​ដែល​ជាង​ធ្វើ​ផ្ទះ​ឱ្យ​លោក​ធ្វើ​ឱ្យ​រួចពីដៃ ហាក់បី​មើលងាយ​លោក​ណាស់ ។

តាម​រយៈ​សារ​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់ លោក ចែ​ម ចាន់​រ៉ា បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «​ផ្ទះ​ទិញ​កុងត្រា​១៨​ខែ​ទិញ​ដាច់​បង់លុយ​ដាច់ តែ​ជាង​៣​ឆ្នាំ​ហើយ នៅ​ធ្វើ​មិន​ទាន់​ហើយ​ទៀត ។ សូម​ម្ចាស់​បុរី ជួយ​ធ្វើ​អោយ​ផង ជា​ពិសេស​សូម​ដាក់​ជាង​ដែល​មាន​ជំនាញ​មក​ធ្វើ​ផង​ដី​ខ្ពស់​ជាង​ផ្ទះ​សសរ​ចាក់​មិន​ត្រង់​ជួរ​គ្នា ការ៉ូ​ក្រាល​ខ្ពស់​ទាប​នៅ​មាន​ទៀត​! ខ្ញុំ​ជា​អ្នក​ធ្លាប់​ធ្វើ​សំណង់​ដែរ ។ ខ្ញុំ​យល់​ច្បាស់​ពី​សំណង់ ដល់​ពេល​ដាក់​ជាង​គ្មាន​ជំនាញ ធ្វើ​ផ្ទះ​ខ្ញុំ​ចឹ​ង​ដូច​មើលងាយ​ខ្ញុំ​ណាស់ ខ្ញុំ​ប្រាប់​ហើយ​ថា ផ្ទះ​ខ្ញុំ​ទិញ​ទុក​អោយ​កូន​នៅ មិនមែន​ទិញ​ទុក​លក់​វិញ​ទេ សូម​យកចិត្តទុកដាក់​លើ​ជាង​ផង​» ។

ថ្មី​ៗ​នេះ តារា​សម្ដែង សា​វិ​ន ហ្វី​លី​ព បាន​ចេញ​មក​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​ឱ្យ​មហាជន​បានដឹង​ថា លោក​បាន​ក្លាយជា​ជន​រង​គ្រោះ​ក្រោយ​បាន​ទិញ​ដី​នៅ​ក្នុង​គម្រោង​ទី​៣០ របស់​លោកស្រី ម៉​ន ដា​នី នៅ​ខេត្តកំពត ប្រមាណ​ជាង​១០​ឡូ​តិ៍ ដែល​ឥឡូវនេះ​ត្រូវ​បាន​និយ័ត​ករ​អាជីវកម្ម​អចលនទ្រព្យ​វត្ថុ និង​បញ្ចាំ​ប្រកាស​ថា​ជា គម្រោង​ដែល​លក់​គ្មាន​ច្បាប់​ទទួលស្គាល់​ត្រឹមត្រូវ ។

ជាមួយ​គ្នា​នេះ តារា​សម្ដែង សា​វិ​ន ហ្វី​លី​ព បាន​រៀបរាប់​ជា​សំ​ណេ​រ​ភ្ជាប់​ជាមួយ​រូបថត​ជា​ច្រើន​សន្លឹក​យ៉ាង​ដូច្នេះ «​នៅ​ទីបំផុត​និយ័ត​ករ​អាជីវកម្ម​អចលនទ្រព្យ និង​បញ្ចាំ ទើប​ចេញ​លិខិត​ជូនដំណឹង​ថា គម្រោង​ដី​ទ្បូ​ត៌​ទី​៣០ ម៉​ន ដា​នី នៅ​ខេត្តកំពត គឺ​បាន​ពុះ​ទ្បូ​ត៌​លក់​ដោយ​គ្មាន​ច្បាប់ ក្រោយ LIVE លក់​ផ្អើល​ប្រទេស​កន្លង​មក ។ ខ្ញុំ​បាន​ក្លាយជា​ជន​រង​គ្រោះ​ម្នាក់​ដែល​បាន​ទិញ​ដី​នេះ​ជាង​១០​ទ្បូ​ត៌ (​បង់លុយ​ផ្ដាច់​) ក្នុង​ចំណោម​ជន​រង​គ្រោះ​រាប់រយ​នាក់ កំពុងធ្វើការ​តវ៉ា​ទៅ​ក្រសួង​ដែនដី ខណៈ​ពេល​នេះ​លោកស្រី ម៉​ន ដា​នី ដែល​ជា​មនុស្ស​ដែល​ខ្ញុំ​គោរព​រាប់អាន​ក៏​មិនដឹង​នៅ​ទីណា​ដែរ?

ប្រភព​មួយ​បញ្ជាក់​ថា លោកស្រី ម៉​ន ដា​នី ក៏​នៅ​មិន​ទាន់​ឱ្យ​លុយ​ម្ចាស់​ដី​នេះ​នៅ​ទ្បើ​យ​ទេ​..​ខ្ញុំ​សង្ឃឹមថា ប្អូនស្រី ម៉​ន ដា​នី នឹង​ចេញ​មុខ​មក​ដោះស្រាយ​លើ​បញ្ហា​នេះ​ជូន​អតិថិជន​មិន​ខាន​»​។

ទាក់ទង និង​រឿង​ផ្ទះ និង​ដី​ឡូ​ត៌​នេះ នៅ​ក្នុង​វេទិកា​តុមូល ស្តី​ពី​វេទិកា​ពិភាក្សា​ស្តី​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​អចលនទ្រព្យ​នៅ​កម្ពុជា ឆ្នាំ​២០២៤ ថ្មី​ៗ​នេះ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ថ្លែង​ថា វិស័យ​អចលនទ្រព្យ​មាន​កំណើន​យឺត​ៗ មិន​អាច​មាន​សន្ទុះ​លឿន​បាន​នោះ​ទេ ហើយ​មានការ​ប្តូរ​ទម្រង់​សម្រាប់​ឆ្នាំ​២០២៤​នេះ ។
លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បន្ត​ថា «​ដី​ឡូ គឺ​ចប់​ហើយ ដី​ឡូ​ត៌​ដែល​មាន​បញ្ហា​ពី​មុន​មក​ធ្វើ​អោយ​ពលរដ្ឋ​រៀងចាល ។ ខ្ញុំ​ជឿ​ថា ពលរដ្ឋ​យើង​ឆាប់​រៀង​ណាស់ ។ គាត់​លែង​ទិញ​ដី​ឡូ​ត៌ ប្រភេទ​ហ្នឹងហើយ ។ ដី​ឡូ​ត៌​ដែល​លក់​បានជា​ដី​ឡូ​ត៌ គឺជា​ដី​ឡូ​ត៌​ដែល​ម្ចាស់​ជាប់​លុយ​ធនាគារ​លក់ ចុះថ្លៃ​៥០​ភាគរយ​ទើប​លក់​បាន​» ។

លោក ស៊ន សៀ​ប ប្រធាន​សមា​គ​អ្នក​វាយតម្លៃ និង​ភា្ន​ក់​ងារ​អចលនទ្រព្យ​កម្ពុជា បានអោយ​ដឹង​ថា ដី​ឡូ​ត៌​ដែល​អាច​មាន​ទីផ្សារ​ក្នុង​ការ​លក់ ឬ​ទិញ អាស្រ័យ​លើ​កត្តា​ធំ​ៗ​ចំនួន ៥ រួម​មាន តំបន់​ដែល​មាន​ទីតាំង​មាន​ប្រជាពលរដ្ឋ​រស់នៅ មាន​ផ្លូវ​ត​ភ្ជាប់​ទៅ​នឹង​បណ្តាញ ទូរ​គម​នា​គម​ផ្សេង​ៗ សុវត្ថិភាព​ភាព​ងាយស្រួល​ទៅ​ផ្សារ សាលារៀន មន្ទីរពេទ្យ និង​កន្លែង​ដែល​កំពុង​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ ។

លោក ស៊ន សៀ​ប បន្ត​ថា «​កន្លង​មក​ឃើញ​ថា មានការ​ប្រទូស​សារាយ​បញ្ហា​ច្រើន ។ ដី​ឡូ​ត៌​យើង​បែងចែក​ជា​ពីរ ។ ដី​ឡូ​ត៌​ដែល​យើង​ធ្វើ​កន្លង​មក​ច្រើន គឺ​ដី​ឡូ​ត៌​នៅ​ក្នុង​គម្រោង ។ គម្រោង ហ្នឹង​គេ​ទិញ​ហើយ​អត់​ទាន់​មាន​ប្លង់ មិន​ទាន់​មាន​អ្វី​ច្បាស់លាស់ ផ្លូវ​ក៏​អត់​ទាន់​មាន លូ​អត់​ទាន់​មាន ទឹក​អត់​ទាន់​មាន ភ្លើង​ក៏​អត់​ទាន់​មាន ហើយ​ទីតាំង​ទៀត​មិន​អាច​ទៅ​នៅ​បាន​» ៕ ដោយៈ ស នី​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ