ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហៃទី​បា.ញ់​ស្លា.ប់​មេ​បង​ធំ​បាន​ម្នាក់​ទៀត​មុន​ការ​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ

1 ខែ មុន

ទីក្រុង​ផត​អូ​ព្រីន​ស៍៖ បន្ទាប់​ពី​ក្រុម​បង​ធំ​ឡើង​ចាង​ខ្លាំង​នៅ​ប្រទេស​ហៃទី ឥឡូវ​នេះ សមត្ថ​កិច្ច​ចាប់​ផ្ដើម​បើក​យុទ្ធ​នា​ការ​វាយ​បក​ទៅ​លើ​ពួក​គេ​វិញ​ហើយ ហើយ​បាន​បាញ់​សម្លាប់​សុទ្ធ​តែ​មេ​របស់​ពួក​គេ​តែ​ម្ដង​។ សមត្ថ​កិច្ច​បើក​ប្រតិ​បត្តិ​ការ​​បាញ់​សម្លាប់​មេ​បង​ធំ​ឈ្មោះ​អឺន ចាល់​មេ (Ernst Julme) រហស្ស​នាម​ទី​ក្រិច…

ទីក្រុង​ផត​អូ​ព្រីន​ស៍៖ បន្ទាប់​ពី​ក្រុម​បង​ធំ​ឡើង​ចាង​ខ្លាំង​នៅ​ប្រទេស​ហៃទី ឥឡូវ​នេះ សមត្ថ​កិច្ច​ចាប់​ផ្ដើម​បើក​យុទ្ធ​នា​ការ​វាយ​បក​ទៅ​លើ​ពួក​គេ​វិញ​ហើយ ហើយ​បាន​បាញ់​សម្លាប់​សុទ្ធ​តែ​មេ​របស់​ពួក​គេ​តែ​ម្ដង​។ សមត្ថ​កិច្ច​បើក​ប្រតិ​បត្តិ​ការ​​បាញ់​សម្លាប់​មេ​បង​ធំ​ឈ្មោះ​អឺន ចាល់​មេ (Ernst Julme) រហស្ស​នាម​ទី​ក្រិច (Ti Greg)។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​​មួយ​ថ្ងៃ​បន្ទាប់​ពី​សមត្ថ​កិច្ច​​បាញ់​សម្លាប់​មេ​បង​ធំ​មួយ​ទៀត​កាល​ពី​ម្សិល​មិញ​។​

ការ​ស្លាប់​មេ​បង​ធំ​ឈ្មោះ​ «ចាល់​មេ» ​ដែល​ជា​ប្រធាន​ក្រុម​បាប៊ី​ឃ្យូ (Barbeque) ជា​សញ្ញា​ព្រមាន​ចំពោះ​ក្រុម​បង​ធំ​ដទៃ​ទៀត​​ថា​ពួក​គេ​មិន​អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស្រេច​តែ​នឹង​ចិត្ត​ត​ទៅ​ទៀត​ឡើយ​។ កាល​ពី​មុន​នេះ ពួកគេ​ដើរ​អុក​ឡុក​​ពេញ​រដ្ឋ​ធានី​ផត​អូព្រីន​ស៍។ និយាយ​ទៅ, ពួកគេ​សឹង​តែ​ប៉ាវ​ផ្ដាច់​ទី​​ក្រុង​នេះ​មួយ​ទាំង​មូល​​។ ចាល​មេ​ទើប​តែ​រត់​ចេញ​ពី​គុក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​

នៅ​ពេល​ប្រទេស​ជាតិ​ធ្លាក់​ទៅ​ក្នុង​ភាព​អនា​ធិប​តេយ្យ​​បែប​នេះ ក្រុម​អ្នក​នយោបាយ​សម្រេច​ចិត្ត​​ជ្រើ​សរើស​សមាជិក​ក្រុម​ប្រឹក្សា​​​ជាតិ​​ដើម្បី​គ្រប់​គ្រង​សភាព​ការណ៍​នៅ​ក្នុង​សម័យ​អន្តរ​កាល និង​​ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោត​​នា​ពេល​ខាង​មុខ​។​ ក្រុម​ប្រឹក្សា​​នេះ​ប្រមូល​ផ្ដុំ​ក្រុម​អ្នក​នយោបាយ​ដែល​បែក​បាក់​គ្នា​​​។ គេ​ត្រូវ​តែង​តាំង​អ្នក​ជំនួស​​នាយក​រដ្ឋ​មន្ត្រី​អារីយែល ហឹន​រី (Ariel Henry) ដែល​ប្រកាស​លា​លែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​។ លោក​ត្រូវ​តែ​បង្ខំ​ចិត្ត​ចុះ​ពី​អំណាច​ព្រោះ​ក្រុម​​​​បង​ធំ​មិន​ស្វាគមន៍​គាត់​ត​ទៅ​ទៀត​ទេ​។

គេ​រំពឹង​ថា​​ប៉ុន្មាន​ថ្ងៃ​ទៀត ក្រុម​ប្រឹក្សា​​ដែល​មាន​សមាជិក​៩​រូប​​អាច​នឹង​បង្កើតចេញ​​។ ប៉ុន្តែ​ក្រុម​អ្នក​នយោបាយ​ខ្លះ​មិន​ឯក​ភាព​គ្នា​រស់នៅ​ក្រោម​ដំបូល​តែ​មួយ​ទេ​។ ​បក្ស​នយោបាយ​​១ ​ប្រកាស​ច្រាន​ចោល​ផែន​​ការ​នេះ​ពី​ដំបូង​ដៃ​​។ ​ប៉ុន្តែ​ក្រោយ​មក​ប្រកាស​គាំទ្រ​វិញ​​។ ចំណែក​ក្រុម​ដទៃ​ទៀត​ដែល​​ត្រូវ​គេ​ផាត់​ចេញ​មិន​ឱ្យ​ចូល​រួម​នៅ​ក្នុង​ផែន​ការ​បង្កើត​ក្រុម​ប្រឹក្សា​នេះ​​មិនចង់​ឃើញ​អ្នក​នយោបាយ​នៅ​ក្នុង​របប​មុន​ចូល​រួម​នៅ​ក្នុង​ក្រុម​ប្រឹក្សា​នេះ​ទេ​។ ពួកគេ​ចោទ​ប្រកាន់​ថា​អ្នក​ទាំង​នោះ​ជា​មនុស្ស​ពុក​រលួយ​។​


ការ​ប្រយុទ្ធ​គ្នា​បន្ត​កើត​មាន​នៅ​ក្នុង​ទីក្រុង​
នៅ​ពេល​​​ក្រុម​ប្រឹក្សា​ជាតិ​ជិត​បង្កើត​បាន​ហើយ​ គេ​សង្កេត​ឃើញ​ថា​​ការ​​បាញ់​គ្នា​យ៉ាង​សន្ធាប់​នៅ​តែ​កើត​មាន​កាល​ពី​យប់​មិញ​នៅ​ក្នុង​រដ្ឋ​ធានី​​​។ អ្នក​ខ្លះ​រត់​គេច​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ជាយ​ក្រុង​។ កាល​ពី​ថ្ងៃ​ពុធ មាន​ករណី​បាញ់​ស្លាប់​ក្រុម​បង​ធំ​ជា​ច្រើន​នាក់​ និង​ដុត​កម្ទេច​សាក​សព​ចោល​ថែម​ទៀត​។ ក្នុង​នោះ មាន​មេ​ក្រុម​បង​ធំ​ម្នាក់​ឈ្មោះ​ម៉ាកាន់​ដាល់ (Makandal)​។

អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​ស្ថាប័ន​អន្តរ​ជាតិ​មួយ​ចំនួន​ទៀត​បន្ត​ជម្លៀស​បុគ្គលិក​របស់​ខ្លួន​ និង​ជន​ជាតិ​បរទេស​តាម​ឧទ្ធម្ភាគ​ចក្រ​ព្រោះ​អាកាស​យាន​ដ្ឋាន​ធំ​របស់​ប្រទេស​ហៃទី​គ្មាន​សុវត្ថិ​ភាព​ទេ​។ រដ្ឋាភិបាល​កាណាដា​ថ្លែង​ថា​កង​ទ័ព​របស់​ខ្លួន​នឹង​សហ​ការ​ជា​មួយ​ស្ថាន​ទូត​នៅ​ហៃទី​ដើម្បី​ជួយ​សម្រួល​ការ​ជម្លៀស​មនុស្ស​។ ការ​ថ្លែង​ដូច​នេះ​បន្ទាប់​ពី​មាន​របាយ​ការណ៍​ថា​​ទាហាន​កាណាដា​ចាប់​ផ្ដើម​ជាន់​លើ​ដី​ហៃទី​ជា​បណ្ដើរ​ៗ​ហើយ​ដើម្បី​ការ​ពារ​ស្ថាន​ទូត​របស់​ខ្លួន​។

រដ្ឋាភិបាល​អាមេរិក​ក៏បាន​ជម្លៀស​ពល​រដ្ឋ​របស់​ខ្លួន​៩០​នាក់​ចេញ​ពី​ប្រទេស​ហៃ​ទី​ឆ្ពោះ​ទៅ​ទី​ក្រុង​ម៉ាយ​អាមី​ខ្លះ​ (Miami) ​និង​​ទៅ​សា​ធារណ​រដ្ឋ​ដូមីនី​កាំង​ខ្លះ (Dominican Republic)។ ​អាមេរិក​ទើប​តែ​ជម្លៀស​ពល​រដ្ឋ​របស់​ខ្លួន​៧០​នាក់​ផ្សេង​ទៀត​ចេញ​ពី​ប្រទេស​ហៃ​ទី​កាល​ពី​ថ្ងៃ​អាទិត្យ​។ នេះ​បើ​យោង​តាម​ការ​ជូន​ដំណឹង​ពី​ក្រសួង​ការ​បរទេស​៕​​​

ប្រភព៖ Reuters
https://www.reuters.com/world/americas/un-welcomes-reports-haiti-transition-council-nearly-ready-conflict-flares-2024-03-21/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ