ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរញីឈ្មោលបន្លំលួយលុយនៅកន្លែងវេលុយអស់ជាង៦ពាន់ដុល្លារគេចខ្លួនដោយសុវត្ថិភាព

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់​ដែល​មាន​ម្នាក់​ជា​ស្ត្រី​បាន​បន្លំ​ចូល​លួច​យក​លុយ​អស់​ចំនួន​ជាង​៦​ពាន់​ដុល្លា​អា​មេ​រិ​ក នៅ​កន្លែង​វេ​លុយ «​ទ្រូ​ម៉ា​នី​» រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែ​មិ​នា ស្ថិត​ក្នុងភូមិ​នំក្រៀប…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់​ដែល​មាន​ម្នាក់​ជា​ស្ត្រី​បាន​បន្លំ​ចូល​លួច​យក​លុយ​អស់​ចំនួន​ជាង​៦​ពាន់​ដុល្លា​អា​មេ​រិ​ក នៅ​កន្លែង​វេ​លុយ «​ទ្រូ​ម៉ា​នី​» រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែ​មិ​នា ស្ថិត​ក្នុងភូមិ​នំក្រៀប សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង បន្សល់​ទុក​តែ​សកម្មភាព នៅ​ក្នុង​កា​ម៉េ​រា​សុ​វត្តិភាព តែ​អំពើ​ចោរកម្ម​នេះ​ហាក់​មិន​ធ្វើ​ឲ្យ​សមត្ថកិច្ច​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ។

ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ ប៉េង ចាន់​នី ស្រី អាយុ​២៦​ឆ្នាំ មាន​មុខរបរ​លក់ដូរ និង​វេ​លុយ​«​ទ្រូ​ម៉ា​នី​» ។ នាង ចាន់​នី បាន​ប្រាប់​កោះសន្តិភាព ក្រោយ​ពេល​កើតហេតុ​បន្តិច​ថា ពេល​កើតហេតុ នាង​នៅ​លក់ដូរ​ម្នាក់ឯង នៅ​ខាង​មុខ​ផ្ទះ ខណៈ​ម្ដាយ​នាង​កំពុងធ្វើការ​ងារ​នៅផ្ទះ​បាយ​ខាងក្រោយ ។ នាង​និយាយ​ថា ពេល​នោះ​មាន​ជនសង្ស័យ​ពីរ​នាក់ និង​មាន​ស្ត្រី​ម្នាក់​ជា​អ្នក​ជិះ​ម៉ូតូ​មក​ឈប់​នៅ​ខាង​មុខ​ផ្ទះ​នាង រួច​ធ្វើ​ជា​ចូល​មក​រក​ទិញ​គ្រឿង​ភេសជ្ជៈ រីឯ​បុរស​ម្នាក់​ទៀត​បាន​បន្លំ​ដើរ​ចូល​ទៅ​លួច​លុយ​ក្នុង​ថតតុ ដែល​ទុក​នៅ​ក្នុង​បន្ទប់​វេ​លុយ ។

នាង ប៉េង ចាន់​នី បាន​និយាយ​បន្ត​ថា ដំបូង​មាន​ស្ត្រី​ម្នាក់​បាន​ឈប់​ម៉ូតូ​នៅ​លើ​ថ្នល់​មុខ​ផ្ទះ រួច​ចុះ​ដើរ​ចូល​មក​រក​ទិញ​គ្រឿង​ភេសជ្ជៈ ដែល​គិត​ជា​ប្រាក់​អស់​ចំនួន​ជាង​៥​ម៉ឺន​រៀល ។ ពេល​ទិញ​រួច ស្ត្រី​នោះ​មិន​កាន់​យក​ទៅ​ទេ ហើយ​ក៏​មិន​ទាន់​ឲ្យ​លុយ​ដែរ បាន​ដើរទៅ​ឡើង​ជិះ​ម៉ូតូ ហើយ​ឲ្យ​នាង​កាន់​យក​ទៅ​ឲ្យ​ដល់​ម៉ូតូ ។ នាង​ប្រាប់​ថា ពេល​យក​ទំនិញ​ទៅ​ឲ្យ​ស្ត្រី​នោះ​បាន​ហុច​លុយ​ឲ្យ​នាង​មួយ​ដុំ​រាប់​ចំនួន​ជាង​៥​ម៉ឺន​រៀល​សុទ្ធតែ​លុយរាយ ។ ស្ត្រី​ចោរ​នោះ​បាន​បង្ខំ​ឲ្យ​នាង​រាប់​ច្រើន​លើក​ច្រើន​សារ បើ​ទោះជា​នាង​រាប់​គ្រប់​ចំនួន​ហើយ​ក្ដី ។

ត្រង់​ចំណុច​នេះ​ជន​រង​គ្រោះ​បាន​ពន្យល់​ថា តាម​ពិត​ស្ត្រី​ចោរ​នោះ​បង្គាប់​ឲ្យ​នាង​រាប់​លុយ​ម្ដង​ហើយ​ម្ដងទៀត ដើម្បី​ផ្ដល់​ឪ​កាស​ឲ្យ​ជន​ម្នាក់ (​ប្រុស និង ជា​បក្ខពួក​) បន្លំ​ដើរ​ចូល​ពី​ចំហៀង​ផ្ទះ ទៅ​លួច​លុយ​នៅ​ក្នុង​បន្ទប់​វេ​លុយ​ក្នុងផ្ទះ​នាង ដែល​នាង​ទុក​ក្នុង​កិ​តុ ។

នាង​បាន​បញ្ជាក់​ថា នាង​បានដឹង​បាត់​លុយ នៅ​ពេល​នាង​យក​លុយ​ទៅ​ទុក ព្រោះ​ឃើញ​លុយ​ធ្លាក់​រប៉ាត់រប៉ាយ ។ ពេល​ដឹង​ភ្លាម នាង​ក៏​ប្រញាប់​ប្រ​ញល់​ឆែក​មើល​កា​ម៉េ​រា​សុវត្ថិភាព ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ដើរ​ចូល​ទៅ​ប្រមូល​យក​លុយ​នៅ​ក្នុង​បន្ទប់​វេ​លុយ ខណៈ​ពេល​នាង​កំពុង​ឈរ​រាប់​លុយ​ជាមួយ​ស្ត្រី​ម្នាក់​នៅ​លើ​ថ្នល់​ខាង​មុខ​ផ្ទះ ទើប​មានការ​ភ្ញាក់ផ្អើល តែ​ហួសពេល​ទៅ​ហើយ ព្រោះ​ស្ត្រី​នោះ​ក៏​ជិះ​ម៉ូតូ​ទៅ​បាត់ រីឯ​ជន​ដៃដល់​ចូល​លួច​លុយ​ក៏​បាត់​ដែរ ។

នៅ​ក្នុង​ហេតុការណ៍​នេះ ហាក់​មិន​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ។ សូ​ម្បី​មន្ត្រី​បុ​ស្ដិ៍​រដ្ឋបាល ព្រែក​ព្រះស្ដេច ដែល​ស្ថិត​នៅ​ខាងត្បូង​នោះ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​សោះ ក៏​គេ​មិនឃើញ​ចេញ​អើពើ​ក្នុង​រឿង​នេះ​ដែរ ។ ដោយឡែក​បើ​ក្រឡេក​មើល​នៅ​កន្លែងផ្ទះ​កើតហេតុ​វិញ នៅ​ម៉ោង​ប្រហែល​ជិត​១០​ព្រឹក គេ​ឃើញ​មាន​តែ​វត្តមាន​មន្ត្រី​នគរបាល​ក្រុង​ពីរ​រូប​ប៉ុណ្ណោះ គឺ​លោកនាយ​ផ្នែក​យុត្ដិធម៌ និង​លោក​អធិការរង​ក្រុង​ជំនួយការ​ការងារ​ព្រហ្មទណ្ឌ ដែល​បាន​ចុះ​ទៅ​សួរនាំ​ជន​រង​គ្រោះ និង​ពិនិត្យ​រូបភាព​នៅ​ក្នុង​កា​ម៉េ​រា​សុវត្ថិភាព ។ ប៉ុន្តែ​បើ​និយាយ​ពី​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​វិញ សូ​ម្បី​តែ​ម្នាក់​ក៏​ពុំ​មានមុខ​នៅ​កន្លែង​កើតហេតុ​ដែរ ។

នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់ នៃ​ថ្ងៃ​កើតហេតុ លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា ករណី​ចោរ​បន្លំ​ចូល​លួច​លុយ​កន្លែង​វេ​លុយ​«​ទ្រូ​ម៉ា​នី​»​ខាងលើ​នេះ គឺ​លោក​ទើប​ទទួល​ព័ត៌មាន​មុន​នេះ​បន្តិច​ប៉ុណ្ណោះ (​មុន​ម៉ោង​១១​ថ្ងៃត្រង់​)​។ លោកស្នងការ​រង​បាន​បញ្ជាក់​ដូច្នេះ​ថា «​រឿង​នេះ​គេ​មិន​រាយការណ៍​គេ​ព្យាយាម​បិត​រឿង​នេះ ។ ប៉ុន្តែ​ពេល​នេះ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​ក្រុង​ហើយ​» ។

ពាក់ព័ន្ធ​នឹង​ភាព​អសកម្ម​របស់​កម្លាំង​សមត្ថកិច្ច​នេះ​បាន​ធ្វើ​ឲ្យ​មហាជន ក៏​ដូច​មន្ត្រី​នានា​ដែរ បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​កម្លាំង​សមត្ថកិច្ច ដោយ​បាន​លើក​ឡើង​ថា ថ្នាក់ដឹកនាំ​បាន​ខំប្រឹង​ប្រែង តែងតាំង​លោក​អធិការរង​ទទួល​ផែន​ផង​ជំនួយការ​ដឹកនាំ​ការងារ​ជំនាញ​ផង​ច្រើន​នាក់​ណាស់ តែ​ការងារ​វិញ​សារ៉ូ គ្មាន​បានការ​ទេ ។ ហើយ​បើ​និយាយ​ពី​លោកស្នងការ​រង​ទទួល​ផែន និង លោកស្នងការ​រង​ជំនួយការ​ដឹកនាំ​ការងារ​ជំនាញ​វិញ​ក៏​មិន​ខុស​គ្នា​ដែរ គឺ​ច្រើន​តែ​ចំនួន​មនុស្ស ធំ​តែ​ស័ក្ដិ តែ​ពេល​មានរឿង​កើតឡើង គេ​មិន​ដែល​ឃើញ​លោកស្នងការ​រង​ពាក់ព័ន្ធ​ទាំងនោះ​ចេញ​មុខ​នៅ​កន្លែង​កើតហេតុ សូ​ម្បី​តែ​ដឹង​រឿង​ក៏​ទេ​ដែរ ។ ដូច​ជា​ករណី​ចោរលួច​លុយ​កន្លែង​«​ទ្រូ​ម៉ា​នី​»​ខាងលើ​នេះ​ជាដើម ។

បើ​តាម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អង្គភាព​អធិការ​ក្រុង​បាត់ដំបង ថ្នាក់ដឹកនាំ​បាន​តែងតាំង​អធិការរង​ចំនួន​០៤​រូប ទទួល​កិច្ច​ការងារ​ព្រហ្មទណ្ឌ​ក្នុង​នោះ​មាន​លោក​អធិការរង​មួយ​រូប​ទទួល​ផែន និង​លោក​អធិការរង​ចំនួន​០៣​រូប​ទៀត ជា​ជំនួយការ​ការងារ​ព្រហ្មទណ្ឌ ។

ដោយឡែក នៅ​ក្នុង​ស្នងការ​ខេត្ត​វិញ ក៏​មិន​ខុស​គ្នា​ដែរ គឺ​មាន​លោកស្នងការ​រង​មួយ​រូប​ទទួល​ផែន​ព្រហ្មទណ្ឌ រីឯ​លោកស្នងការ​រង​ចំនួន​០៣​រូប​ទៀត ជា​ជំនួយការ​ដឹកនាំ​ការងារ​ព្រហ្មទណ្ឌ ។ ប៉ុន្តែ​បើ​ពិនិត្យ​ទៅ​លើ​សកម្មភាព​ជាក់ស្ដែង ទៅ​លើ​ការងារ​ព្រហ្មទណ្ឌ​របស់​ក្រុម​លោក​អធិករ​រង និង​ក្រុម​លោកស្នងការ​រង​ដែល​ធ្វើ​ការងារ​ព្រហ្មទណ្ឌ​កន្លង​មកនេះ​ហាក់​មិនសូវ​ចេញ​មុខ ឬ​គ្មាន​សកម្មភាព​សោះតែ​ម្ដង រហូត​មាន​មហាជន និង​មន្ត្រី​ខ្លះ​រិះគន់​ចំ​ៗ​ថា «​ចង់​ឡើង​ធ្វើ​ធំ តែ​ខ្លួន​គ្មាន​ជំនាញ ចឹ​ង​ហើយ​ទើប​នៅ​ពេល​មានរឿង​ព្រហ្មទណ្ឌ​កើតឡើង​ម្ដង​ៗ គេ​មិនសូវ​ឃើញ​មុខ​លោក​អធិការរង និង​ស្នងការ​រង​ៗ​ទាំងនោះ​មានមុខ​នៅ​កន្លែង​កើតហេតុ​» ។

យើង​ងាក​មក​និយាយ​ពី​សកម្មភាព​ក្រុម​ចោរ​ញី​ឈ្មោល ដែល​ធ្វើ​សកម្មភាព​ចូល​លួច​លុយ​នៅ​កន្លែង​វេ​លុយ​«​ទ្រូ​ម៉ា​នី​»​ខាងលើ​នេះ​វិញ ។ នៅ​ក្នុង​កា​ម៉េ​រា​សុវត្ថិភាព ដែល​ម្ចាស់ផ្ទះ​បាន​បំពាក់​ខាង​មុខ​ផ្ទះ គេ​ឃើញ​មាន​ស្ត្រី​ម្នាក់​ស្លៀកពាក់​ខោអាវ​ពណ៌​ស ពាក់មួក​និង​ពាក់​ម៉ាស់​មុខ​ផង បាន​ចូល​ទិញ​ទំនិញ និង ដើរ​ចេញ​ក្រៅ​ឡើង​ជិះ​ម៉ូតូ ហើយ​មាន​ម្ចាស់ផ្ទះ​ឈរ​រាប់​លុយ​នៅ​ក្បែរ​ផង ។ គ្រានោះ​គេ​ឃើញ​បុរស​ម្នាក់​បាន​បន្លំ​ដើរ​ចូល​ផ្ទះ​ជន​រង​គ្រោះ​ពី​ចំហៀង ខណៈ​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​ឈរ​និយាយ​គ្នា​ជាមួយ​ស្ត្រី​បក្ខពួក​ចោរ​អង្គុយ​លើ​ម៉ូតូ ។ ពេល​ចូល​ដល់​ក្នុង​បន្ទប់​ទ្រូ​ម៉ា​នី គេ​ឃើញ​ជនសង្ស័យ​បាន​ទាញ​កិ​តុ ប្រមូល​យក​លុយ​ច្រក​ថង់ ដែល​ជន​ដៃដល់​ដាក់​តាម​ជា​ស្រេច ។ ជន​នេះ​ពាក់​មួ​យក​ន្តិ​ប និង​ពាក់​ម៉ាស់​មុខ​ដូច​ស្ត្រី​ម្នាក់​នោះ​ដែរ ។

ជន​នេះ​បាន​ច្បាម​ប្រមូល​យក​លុយ​អស់​គ្មាន​សល់​ពី​ក្នុង​ថតតុ រួច​បាន​ព្យាយាម​ចាកចេញ​យ៉ាង​លឿន​ពី​ក្ន​ង​ផ្ទះ​ជន​រង​គ្រោះ​ឆ្ពោះទៅ​ទិស​ខាងត្បូង ខណៈ​ស្ត្រី​ម្នាក់​ជា​បក្ខពួក​ក៏​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​ដែរ​ឆ្ពោះទៅ​ខាងជើង ។ តុល្យការ​នៃ​ការ​បាត់បង់ បើ​តាម​ជន​រង​គ្រោះ គឺ​នាង ប៉េង ចាន់​នី បាន​ប្រាប់​សមត្ថកិច្ច​ថា លុយ​ដែល​ត្រូវ​ក្រុម​ចោរលួច​យក​ទៅ​នោះ គឺ​មាន​ប្រាក់​ខ្មែរ​ចំនួន​៦​លាន​រៀល​, ប្រាក់​ថៃ​ចំនួន​៦​ម៉ឺន​បាត និង​ប្រាក់​ដុល្លា​អា​មេ​រិ​ក​ចំនួន​៣​ពាន់​ដុល្លា ។

បើ​គិត​ជា​ប្រាក់​ដុល្លារ​សុទ្ធ​អស់​ជាង​៦​ពាន់​ដុល្លារ ។ ពិតមែនតែ​ភិនភាគ​ជនសង្ស័យ និង​សកម្មភាព​របស់​ក្រុម​ចោរ​ញី​ឈ្មោល​ទាំង​ពីរ​នាក់​នេះ មាន​ជាប់​នៅ​ក្នុង​កា​ម៉េ​រា​សុវត្ថិភាព​យ៉ាង​ច្បាស់​ក្រឡែត​ក្ដី ។ ប៉ុន្តែ​បើ​តាម លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ហាក់​មិន​រំពឹង​ថា អាច​កំណត់​បាន​នូវ​មុខសញ្ញា​នេះ​បាន​ទេ​នៅ​ពេល​នេះ ។ លោកស្នងការ​រង​រូប​នេះ គ្រាន់តែ​ប្រាប់​ថា ពេល​នេះ​យើង​មិន​ទាន់​កំណត់​មុខសញ្ញា​បាន​ទេ ព្រោះ​មន្ត្រី​ជំនាញ​ទើប​ចុះ​ទៅ​សួរនាំ​ជន​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ