សម្រេចឃុំខ្លួនផ្កាយ២ម្នាក់ដាក់PJ ពាក់ព័ន្ធស៊ីដាច់ប្រាក់គេរឿងរត់ការចូលក្របខណ្ឌប៉ូលិស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ បានសម្រេចចេញដីកាឃុំខ្លួនលោកផ្កាយ២ ជាអនុប្រធាននាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យម្នាក់ដាក់ពន្ធនាគារ PJ ជាបណ្ដោះអាសន្ន នេះបើតាមការបង្ហើបឱ្យដឹងពីមន្ត្រីនគរបាលព្រហ្មទណ្ឌ ។ រឿងពាក់ព័ន្ធ៖ ចាប់ខ្លួនមន្ត្រីនគរបាលផ្កាយ២ម្នាក់ តាមដីកាតុលាការ ពាក់ព័ន្ធករណីឆបោក

លោកផ្កាយ២រូបនេះ មានឈ្មោះ អេង សាវឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាលជាតិ មានឋានន្ទរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃ និងមានទីលំនៅផ្ទះលេខ០២អឺ០ ផ្លូវលំ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល វេលាម៉ោង០៨ព្រឹកកម្លាំងការិយាល័យបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការនាំខ្លួនជនសង្ស័យ
ម្នាក់ នៅចំណុចផ្លូវលេខ៤៦៦ ប្រសព្វផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី
ភ្នំពេញ ។
ពាក់ព័ន្ធពីបទ.ឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីថ្ងៃទី១៧.២២.២៧ ខែកញ្ញា ឆ្នាំ២០២១ និងអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣១៩«ឆ១»ដ.ច.ន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញដោយលោក ហម ម៉េងសែ អនុប្រធានសាលា ដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ មកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី ។
តាមការបង្ហើបឱ្យដឹងទៀតថា លោកផ្កាយ២អនុប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យរូបនោះ ដែលជាប់ពាក់ព័ន្ធបណ្តឹងព្រហ្មទណ្ឌពីបទ.ឆបោក រឿងទទួលយកប្រាក់អ្នកដទៃជាង៥ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅរត់ការចូលក្រមខណ្ឌនគរបាលជាតិ តែធ្វើកិច្ចការនោះមិនបានសម្រេច ហើយក៏ស៊ីដាច់ប្រាក់ជនរងគ្រោះ ។ ក្រោយឃាត់ខ្លួននៅរសៀលថ្ងៃដដែល សមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនចៅក្រមស៊ើបសួរ ។
លុះពេលការស៊ើបសួរត្រូវបានបញ្ចប់ ចៅក្រមសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ប៉ុន្តែដោយពេលវេលាល្ងាចពេក នគរបាលព្រហ្មទណ្ឌក៏យកលោកផ្កាយ២ទៅគ្រប់គ្រង១យប់វិញ ដោយរង់ចាំព្រឹកថ្ងៃទី១៩ ខែមីនា នេះ ទើបនាំទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារPJ ៕
មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។

ចែករំលែកព័តមាននេះ