ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ គេសង្កេតឃើញប្រជាពលរដ្ឋ១គ្រួសារ បាននាំប្តីប្រពន្ធ ចុះទៅក្នុងស្ទឹងបយ៉ាខា ដោយនាំយកមកនូវកញ្ច្រែង ដែកស្បែង បាយកញ្ចប់ ទៅជីកគាស់កកាយ ប៉ើងដុំថ្មធំៗចេញ រួចចូកម្ទេចថ្មក្នុងបាតស្ទឹង ដើម្បីរែងផ្សងសំណាង រករ៉ែត្បូងដ៏មានតម្លៃ ខណៈដែលពួកគាត់បានសង្កេតឃើញមនុស្សក្មេងចាស់មួយចំនួន បាននាំគ្នាចុះទៅរែងរកកម្ទេចរ៉ែត្បូងគួរឱ្យចាប់អារម្មណ៍ ហើយមើលទៅទំនង ខណៈដែលអ្នកខ្លះ ក៏បានត្បូងតូច ខ្លះបានធំ ។
បើតាមការរៀបរាប់ពីបុរសម្នាក់ឈ្មោះ ហេង ងួន អាយុ៥២ឆ្នាំ និងប្រពន្ធ ឈ្មោះ ហូយ វី អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ នេះជាលើកទី១ហើយ ដែលប្តីប្រពន្ធគាត់ បាននាំគ្នាយកសម្ភារៈ រែងត្បូងជាលក្ខណៈគ្រួសារ ដូចជាកញ្ច្រែង ដែកស្បែង នាំគ្នាចុះទៅក្នុងស្ទឹងប៉ើងដុំថ្មធំៗ ដែលអាចលើករួច ចេញពីបាតស្ទឹង ដើម្បីយកកញ្ច្រែងរែងរករ៉ែត្បូងដីមានតម្លៃ ព្រោះសង្កេតឃើញបុរសស្ត្រីវ័យចំណាស់មួយចំនួន និងក្មេងៗ បានខិតខំខ្នះខ្នែងចុះទៅក្នុងស្ទឹងរែងរករ៉ែត្បូង ដោយមើលទៅទំនងណាស់ ទើបគាត់សាកល្បងមើលក្រែង លោកប៉ះចំកំទេចរ៉ែត្បូង មានតម្លៃអាចយកទៅលក់ បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។
លោក ហេង ងួន បន្តបន្ថែមទៀតថា កាលពីមុនយូរហើយ គ្រួសារលោកធ្លាប់ជាជើងចាស់ ក្នុងការរែងរករ៉ែត្បូង ក្នុងស្ទឹងបយ៉ាខានេះដែរ។ ប៉ុន្តែក្រោយមក ដោយសារតែរវល់ក្នុងការធ្វើចំការ ដាំពោតក្រហម និងដំឡូងមី ក៏បោះបង់ចោល ដោយទុកកញ្ច្រែង និងសម្ភារផ្សេងៗ នៅក្នុងផ្ទះ។ ប៉ុន្តែ ក្រោយពេលឃើញមនុស្ស ក្មេងចាស់ចុះទៅក្នុងស្ទឹងព្រោងព្រាត គួរឱ្យចង់រែងរករ៉ែត្បូងដែរ ក៏នាំប្រពន្ធវេចខ្ចប់បាយម្ហូប អាហារចុះទៅរែងត្បូង តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ទើបនាំគ្នាឈប់សម្រាកទទួលទានអាហារថ្ងៃត្រង់រួច ដល់ពេលរសៀលបន្តិច នាំគ្នាចុះរែងបន្តទៀត ក្រែងទទួលបានកម្ទេចរ៉ែត្បូងលក់ឱ្យកុងសែបានថវិកានឹងគេ ។
លោកបញ្ជាក់ទៀតថា ក្រោយពីរែង តាំងពីព្រឹករហូតដល់រសៀលនេះ ប៉ះចំកំទេចត្បូងទទឹម និងត្បូងកណ្តៀងខ្លះៗដែរ តែលោកមិនលក់នោះទេ ពោលគឺទុកយកទៅឱ្យជាងកែច្នៃ ធ្វើជាត្បូងដាក់ដាំលើចញ្ចៀនពាក់ទុកជាអនុស្សាវរីយ៍។ តែបើបានច្រើនបន្ថែមទៀត ហើយត្បូងមានទឹកល្អ គាត់នឹងលក់យកថវិកាសម្រាប់ទិញម្ហូបអាហារផងដែរ ។
ចំណែកប្រជាពលរដ្ឋ ដែលចុះរែងត្បូងនៅក្បែរប្តីប្រពន្ធ១គូនេះ ក៏បានលើកឡើងដែរថា ការរែងរករ៉ែត្បូង ពិតជាមានការតស៊ូ និងអត់ធ្មត់បំផុត បើយើងមានសំណាងអាចរែងត្រឹម១ ទៅ២កញ្ច្រែង ក៏ប្រទះរ៉ែត្បូងដ៏មានតម្លៃ។ តែបើមិនទាន់ជួបសំណាង ក៏ត្រូវនាំគ្នាចុះទៅក្នុងស្ទឹងរែងហើយរែងទៀត ពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយថ្ងៃខ្លះ ក៏អត់បានសូម្បីតែបន្តិចបន្តួចដែរ។ លើសពីនេះ ការចាប់យកមុខរបររែងត្បូង ពិតប្រាកដ គឺត្រូវតែរែងបណ្តើរបន់ស្រន់បណ្តើរ នឹងត្រូវសង្ឃឹមថា បើមួយកញ្ច្រែងនេះអត់បាន មួយកញ្ច្រែងក្រោយទៀតនឹងបាន ហើយមិនត្រូវអស់សង្ឃឹមនឡើយ ៕









ចែករំលែកព័តមាននេះ