ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​ថា​សង្គ្រាម​ពិភព​លោក​អាច​ផ្ទុះ​បើរុស្ស៊ី និង​ណាតូ​ប៉ះ​គ្នា​ដោយ​ផ្ទាល់

1 ខែ មុន

ញាក់​សាច់​នឹង​សារ​នយោបាយ​ចាក់​ដោត​របស់​លោក​ពូទីន​​ក្រោយ​ពេល​ដឹង​ថា​លោក​ទើប​តែ​ឈ្នះ​ឆ្នោត​ថ្មី​ៗ​ជា​មួយ​នឹង​សំឡេង​គាំទ្រ​ភាគ​ច្រើន​លើស​លប់​រហូត​ដល់​ជាង​៨៧%​។ មិន​រង់​ចាំ​យូរ​ទេ​ លោក​និយាយ​ព្រមាន​ផង និង​ក្រើន​រំលឹក​ផង​ជា​លក្ខណៈ​ជន្ល​ឆ្វេង​​វាយ​ស្ដាំ​នៅ​លើ​ទីលាន​នយោបាយ​ ការ​ទូត និង​យោធា​។ លោក​ថា​បើ​ណាតូ និង​រុស្ស៊ីប៉ះ​ទង្គិច​គ្នា​នៅ​ថ្ងៃ​ណា​មួយ ពេល​នោះ​នៅ​សល់​តែ​មួយ​ជំហាន​ទៀត​នឹង​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​បី​។ លោក​បង្កប់​ពាក្យ​គន្លឹះ​សំខាន់​២​នៅ​ក្នុង​បញ្ហា​នេះ​…

ញាក់​សាច់​នឹង​សារ​នយោបាយ​ចាក់​ដោត​របស់​លោក​ពូទីន​​ក្រោយ​ពេល​ដឹង​ថា​លោក​ទើប​តែ​ឈ្នះ​ឆ្នោត​ថ្មី​ៗ​ជា​មួយ​នឹង​សំឡេង​គាំទ្រ​ភាគ​ច្រើន​លើស​លប់​រហូត​ដល់​ជាង​៨៧%​។ មិន​រង់​ចាំ​យូរ​ទេ​ លោក​និយាយ​ព្រមាន​ផង និង​ក្រើន​រំលឹក​ផង​ជា​លក្ខណៈ​ជន្ល​ឆ្វេង​​វាយ​ស្ដាំ​នៅ​លើ​ទីលាន​នយោបាយ​ ការ​ទូត និង​យោធា​។ លោក​ថា​បើ​ណាតូ និង​រុស្ស៊ីប៉ះ​ទង្គិច​គ្នា​នៅ​ថ្ងៃ​ណា​មួយ ពេល​នោះ​នៅ​សល់​តែ​មួយ​ជំហាន​ទៀត​នឹង​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​បី​។ លោក​បង្កប់​ពាក្យ​គន្លឹះ​សំខាន់​២​នៅ​ក្នុង​បញ្ហា​នេះ​ ទី១-​លោក​មិន​ប្រើ​ពាក្យ​បើ​សិន​ណាតូ​បញ្ជូន​ទ័ព​ទេ ព្រោះទាហាន​ណាតូ​កំពុង​ស្ថិត​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​ជា​បណ្ដើរ​ៗហើយ​។ គ្រាន់​តែ​ថា​គេ​មិន​ប្រកាស​ជា​ផ្លូវ​ការ​​តែ​ប៉ុណ្ណោះ។ ទី២-លោក​មិន​ប្រើ​ពាក្យ​ថា​សង្គ្រាម​លោក​លើក​ទី​៣​នឹង​ផ្ទុះ​​ឡើង​១០០%​​ដូច​​​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ធ្លាប់​ព្រមាន​ទេ​។​ ប៉ុន្តែ​លោក​ប្រើ​ពាក្យ​ថា​នៅ​សល់​មួយ​ជំហាន​ទៀត​នឹង​ផ្ទុះ​។


ទី​ក្រុង​ម៉ូស្គូ៖ ​លោក​ពូទីន​មាន​សារ​នយោបាយ​មុត​ស្រួច​មួយ​ចំនួន​ផ្ដាំ​ទៅ​បស្ចិម​ប្រទេស​បន្ទាប់​ពី​លោក​ដឹង​ច្បាស់​ថា​តំណែង​ប្រធានា​ធិបតី​នៅ​អាណត្តិ​ថ្មី​នៅ​តែ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​លោក​ដដែល​។ មាន​ចំណុច​មួយ​​ លោក​និយាយ​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​លោក​លើក​ទី​បី។ លោក​ថា​បើ​ទៅ​ថ្ងៃ​មុខ​ កង​ទ័ព​រុស្ស៊ី និង​អង្គ​ការ​ណាតូ​ប៉ះ​ទង្គិច​គ្នា​ដោយ​ផ្ទាល់​ ពេល​នោះ​​ខ្វះ​តែ​មួយ​ជំហាន​ទៀត​នឹង​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​បី​ហើយ​។ ប៉ុន្តែ​​នៅ​ក្នុង​លោក​នេះ​គ្មាន​នរណា​​​ចង់​ឃើញ​សេណារីយោ​នេះ​កើត​​ឡើង​ទេ​។​

ប្រសាសន៍​របស់​លោក​ពូទីន​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថាន​ភាពសង្គ្រាម​នៅ​អ៊ុយ​ក្រែន​ត្រូវ​គេ​សម្លឹង​ឃើញ​ថា​ឈាន​ដល់​ដំណាក់​កាល​តាន​តឹង​រវាង​រុស្ស៊ី និង​លោក​ខាង​លិច​ខ្លាំងជាង​ពេល​ណា​ៗ​ទាំង​អស់​ចាប់​តាំង​ពី​វិបត្តិ​មីស៊ីល​នៅ​គុយ​បា (Cuban Missile Crisis) កាល​ពី​ឆ្នាំ​១៩៦២​។ កាល​នោះ លោក​កេណ្ណឺឌី​ប្រុង​ប្រើ​ទ័ព​ជាង​៦​សែន​នាក់​វាយ​ចូល​គុយ​បា​ ខណៈ​ដែល​សូវៀត​ដាក់​កងទ័ព​ជាង​៥​ម៉ឺន​នាក់​នៅ​គុយ​បា​។

កាល​នោះ បើ​ទ័ព​អាមេរិក​វាយ​ចូល​គុយ​បា​ គេ​មិន​ត្រឹម​តែ​វាយ​គុយ​បា​ទេ គឺ​អាច​នឹង​មាន​ផែន​ការ​​វាយ​ចូល​​ទី​ក្រុ​ងម៉ូស្គូ​​ទៀត​​​។ នៅ​ក្នុង​ទ្រឹស្ដី​សង្គ្រាម​ គេ​មិន​អាច​វាយ​ពាក់​កណ្ដាល​ទី ហើយ​ទុក​ចោល​ពាក់​កណ្ដាល​ទី​ឱ្យ​ទី​ទើរ​ៗទេ​។ បើ​វាយ​ឈ្នះ​ត្រូវ​តែ​ឈ្នះ​ឱ្យ​ដាច់​។ បើ​ឈ្នះ​មិន​ដាច់​ទេ​ ប្រយ័ត្ន​តែ​គេ​វាយ​បក​វិញ​ដាច់​ផ្ងារ​ដូច​ករណី​អ៊ីទ្លែ​វាយ​សហ​ភាព​សូវៀត​កាល​ពី​សង្គ្រាម​លោក​លើក​ទី​២​។ ដូច្នេះ​ ភាគីទាំង​២​​អាមេរិក និង​សូវៀត​​នឹង​លេង​គ្នា​មួយ​អស់​ដៃ​។​ អស់​ប៉ុន្មាន​ក៏​អស់​ទៅ​ដើម្បី​ការ​រស់​រាន​មាន​ជីវិត​នៃ​ជាតិ​របស់​ខ្លួន​។

ឥឡូវ​នេះ ករណី​ប៉ះ​គ្នា​រវាង​ណាតូ និង​រុស្ស៊ី​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​ឬ​យ៉ាង​ណា​នៅ​មិន​ដឹង​នៅឡើយ​ទេ​។ ប៉ុន្តែ​នៅ​ពេល​លោក​ម៉ាក្រុង​ ប្រធានា​ធិបតី​បារាំង ​បញ្ជាក់​ជំហរ​របស់​លោក​ម្ដង​ជា​ពីរ​ដង​ថា​លោក​មិន​បោះ​បង់​ចោលជា​ដាច់​ខាត​គម្រោង​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​ លទ្ធ​ភាព​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមាជិក​ណាតូ និង​រុស្ស៊ី​កាន់​តែ​មាន​ភាគរយ​ខ្ពស់​មែន​ទែន​។

ឧប​មា​ថា​នៅ​ក្នុង​សេណារីយោនេះ បើ​ទុក​ជា​អាមេរិក ឬ​ណាតូ​ដាក់​ទ័ព​នៅ​អ៊ុយ​ក្រែន​ក៏​អត់​មាន​ទាស់​ខុស​អី​ដែរ ព្រោះ​សូវៀត​​ក៏​ធ្លាប់​ដំឡើង​ជើង​ទម្រ​បាញ់​នុយក្លេអ៊ែរ​នៅ​គុយបា និង​ដាក់​ទ័ព​រាប់​ម៉ឺន​នាក់​នៅ​ទី​នោះ​ដែរ​​កាល​ពី​អតីត​កាល​។​​ ម៉្យាង​ទៀត​ គេ​គិត​ថា​ទោះ​បី​រុស្ស៊ី​អាច​នឹងកំពុង​តែ​​មាន​ប្រៀប​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​​ ប៉ុន្តែ​លោក​ខាង​លិច​មិន​អាច​បណ្ដោយ​ឱ្យ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​​ជា​ដាច់​ខាត​​។ លោក​ពូទីន​ក៏​ដឹង​ត្រង់​ចំណុច​នេះ​ដែរ​។ ​អីចឹង​ហើយ​បាន​ជា​​លោក​​បោះ​ដៃ​ទៅ​រក​ការ​ចរ​ចា​គ្នា​​​​។​

អ្នក​សារ​ព័ត៌​មាន​បាន​សាក​សួរ​លោ​កពូទីន​ដោយ​ផ្ទាល់​ដើម្បី​ចង់​ដឹង​ប្រតិ​កម្ម​របស់​លោក​ចំពោះ​​ការ​លើក​ឡើង​របស់​លោក​​ម៉ាក្រុង​​ដែល​ចង់​បញ្ជូន​ទ័ព​ និង​លទ្ធ​ភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​រុស្ស៊ី​ និង​ណាតូ។​ លោក​ពូទីន​​ឆ្លើយ​តប​ថា​អ្វី​ៗ​សុទ្ធ​តែ​អាច​កើត​មាន​នៅ​ក្នុង​ពិភព​លោក​សម័យ​ទំនើប​នេះ​។ គ្រប់​គ្នា​ដឹង​ច្បាស់​ណាស់​ថា​បើ​ដូច្នេះ​មែន (រុស្ស៊ី និង​ណាតូ​ប៉ះ​គ្នា) នៅ​សល់​តែ​មួយ​ជំហាន​ទៀត​នឹង​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​បី​។​ ខ្ញុំ​គិត​ថា​ប្រហែល​ជា​គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​ព្រឹត្តិ​ការណ៍​នេះ​កើត​ឡើង​ទេ​។

លោក​ពូទីន​បញ្ជាក់​ថា​អ្នក​ខាង​ក្រៅ​អាច​នឹង​មិន​ដឹង​អាថ៌​កំបាំង​នេះ​ទេ​។ ប៉ុន្តែ​លោក​ប្រាប់​ឱ្យ​ដឹង​ទៅចុះ​។ ទាហាន​ណាតូ​កំពុង​មាន​វត្ត​មាន​រួច​ជា​ស្រេច​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​។ រុស្ស៊ី​ចាប់​បាន​សំឡេង​ទាហាន​ទាំង​នោះ​និយាយ​គ្នា​ជា​ភាសា​អង់គ្លេស​ និង​ភាសា​​បារាំង​នៅ​លើ​សមរភូមិ​។​ លោក​ថា​ពួក​គេ​ទៅទី​នោះ​គ្មាន​អនាគត​ល្អ​ទេ​។ ទុក​ជា​ក្នុង​បុព្វ​ហេតុ​អ្វី​ក៏​ដោយ ​ពួកគេ​បាន​ត្រឹម​តែ​​ស្លាប់គរ​ជើង​គ្នា​ទាំង​អសារ​ឥត​ការ​តែ​ប៉ុណ្ណោះ​​៕

ប្រភព៖ Reuters និង​ប្រភព​ដទៃ​ទៀត
https://www.reuters.com/world/europe/putin-warns-west-russia-nato-conflict-is-just-one-step-ww3-2024-03-17/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ