រាជធានីភ្នំពេញ ៖ បេក្ខភាពបវរកញ្ញាវ័យក្មេង «ល្អ ហួស» បានចេញប្រឆាំងតបទៅនឹងព័ត៌មានដែលបានចុះផ្សាយជុំវិញទំនាក់ទំនងស្និទ្ធស្នាល ជាមួយកូនប្រុសតារាចម្រៀងលោក ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ ខណៈពេលពួកគេបានសម្តែង MV ជាមួយគ្នាជាលើកដំបូង ។

ល្អ ហួស អះអាងថា រូបនាង និងតារាចម្រៀងលោក សុវត្ថិ មុនីវណ្ណ គឺគ្រាន់តែជាការសម្តែងជាមួយគ្នានៅក្នុងបទចម្រៀងប៉ុណ្ណោះ ដោយនាងគ្មានទំនាក់ទំនងអ្វីជិតស្និទ្ធជាមួយតារាចម្រៀងវ័យក្មេងរូបនេះ ដូចជាព័ត៌មានលេចឮនោះឡើយ ។

ការចេញមុខបដិសេធខាងលើនេះពីល្អ ហួស បានធ្វើឡើង បន្ទាប់ពីនាងបានចូលរួមសម្តែងនៅក្នុងបទចម្រៀងជាលើកដំបូងជាកូនតារាចម្រៀងលោក ព្រាប សុវត្ថិ តាមរយៈបទនាងអើយ ដែលបទនេះកំពុងផ្ទុះពេញបណ្តាញសង្គម ។

តាមរយៈនៃការសម្តែងសម្រាប់ ល្អ ហួស និងលោក សុវត្ថិ មុនីវណ្ណ ត្រូវបានទស្សនិកជនលើកសរ
សើរថា ល្អ និងមានភាពរស់រវើក រហូតមានមហាជនខ្លះក៏បានធ្វើការផ្គូផ្គងអ្នកទាំងពីរជាដៃគូដ៏ស័ក្តិសមផងដែរ ។

យ៉ាងណា សម្រាប់ការលើកឡើងរបស់មហាជននាពេលនេះ ក៏បានលេចចេញព័ត៌មានក្រៅផ្លូវការមួយថា ក្រុមគ្រួសារលោក ព្រាប សុវត្ថិ ជាពិសេស ភរិយារបស់លោកសម្តែងការមិនសប្បាយចិត្ត ដ្បិតអ្នកស្រីមិនចង់ឃើញមានការផ្គូរផ្គងកូនប្រុសរបស់ខ្លួនជាមួយនារីណាម្នាក់ឡើយ ខណៈពេលការហួងហែងពីសំណាក់ភរិយារបស់លោក ព្រាប សុវត្ថិ នាពេលនេះ ក៏ទទួលការរិះគន់ពីសំណាក់មហាជនផងដែរ ។

ទោះជាយ៉ាងណា ជុំវិញបញ្ហាខាងលើនេះ បញ្ចៀសការយល់ច្រឡំ ល្អ ហួស ក៏បានចេញមុខបញ្ជាក់ជាសាធារណៈថា នាងខ្ញុំសូមបញ្ជាក់ជូនពុកម៉ែបងប្អូនឱ្យបានជ្រាបការសម្តែងជាមួយលោក សុវត្ថិ មុនីវណ្ណ ក្នុង MV បទនាងអើយគ្រាន់តែជាការសម្តែងចម្រៀងប៉ុណ្ណោះ នាងខ្ញុំគ្មានទំនាក់ទំនងអ្វីជិតស្និទ្ធជាមួយគាត់នោះទេ (បងប្រុសមុនីវណ្ណ) ។

នាងបញ្ជាក់ថា ករណីព័ត៌មានផ្សាយថា អ្នកមីងភរិយាលោកពូព្រាប សុវត្ថិ ហួងហែងកូនប្រុសសម្តែងសិទ្ធស្នាលជាមួយខ្ញុំ គឺជាព័ត៌មានប្រឌិតគ្មានប្រភពច្បាស់លាស់នឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរគ្រួសារលោកពូព្រាបសុវត្ថិនិងនាងខ្ញុំផ្ទាល់ ។ សូមពុកម៉ែបងប្អូនជ្រាបជាព័ត៌មាន និងទទួលនូវការគោរពស្រឡាញ់ពីនាងខ្ញុំ « ល្អហួស » ៕







ចែករំលែកព័តមាននេះ