ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ ! ច្រកទ្វារអានសេះ សម្រាប់ថ្លៃបាយ

1 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ទំនិញជាច្រើនប្រភេទនាំចូលពីប្រទេសថៃមកកម្ពុជា ភ្លូកទឹកភ្លូកដីតាមច្រកអាន

0:00
0:00

ខេត្តព្រះវិហារ ៖ ទំនិញជាច្រើនប្រភេទនាំចូលពីប្រទេសថៃមកកម្ពុជា ភ្លូកទឹកភ្លូកដីតាមច្រកអានសេះ បើតាមដឹង មិនឃើញមានបិទក្រដាសបង់ពន្ធទេ សង្ស័យគេចពន្ធ ហើយមេគយនិងបក្ខពួកដូចចិត្តល្អពេកក្រៃ បើកដៃឱ្យក្រុមឈ្មួញនាំចូលដោយសេរី មិនញញើតច្បាប់ឡើយ ។ ដល់ពេលសួរនាំទៅ សម្រាប់លោកប្រធានធំយកថ្លៃបាយស្មោះ ! ដូចលោកប្រធានគយច្រកទ្វារអានសេះដែរ…ហេ ! ហេ !

សេចក្ដីរាយការណ៍ពីច្រកទ្វារអន្តរជាតិអានសេះ បានឱ្យដឹងថា មានក្រុមឈ្មួញធំៗបានសម្រុកនាំទំនិញគ្រប់ប្រភេទពីប្រទេសថៃចូលមកកម្ពុជា ដោយមិនមានបង់ពន្ធ ក្លាយជាទម្លាប់ទៅហើយយ៉ាងពេញបន្ទុក យ៉ាងរលូន ដែលតាមគេនិយាយជាទូទៅគឺយ៉ាងគំហុកតែម្ដង ។ ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណាមួយធ្វើការបង្ក្រាបឬទប់ស្កាត់ឡើយ ឱ្យតែមានតាប្រាក់តាមការនិយាយត្រូវគ្នា ។ ជាពិសេសតៃកុងឡានជាជនស៊ីវិលលោកប្រធានសាខាឈរចាំប្រមូលលុយច្រកថង់តែម្ដង ។

តាមសេចក្ដីរាយការណ៍ដដែលមកថា ការនាំទំនិញចូលដោយមិនមានបង់ពន្ធមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះ គឺមានការបើកដៃនិងឃុបឃិតគ្នាពីសំណាក់លោក ម៉ក់ ស៊ីសាវុធ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះវិហារ និងការិយាល័យគយនិងរដ្ឋាករអានសេះ ទើបក្រុមឈ្មួញ និងអាជីវករដំណើរការដឹកញ្ជូនចុះពីលើភ្នំច្រកអានសេះទៅចែកចាយ ដឹកជញ្ជូនសឹងបាក់រថយន្តទៅហើយ យកទៅស្តុបទុកតាមឃ្លាំង និងចែកចាយទៅខេត្តផ្សេងៗទៀត ។ បើមិនដូច្នោះទេ កុំសង្ឃឹមថា នាំទំនិញគេចពន្ធច្រើនម្លុឹងៗចូលមក និងចែកចាយបាននោះ ។

ប្រភពពីអាជីវកររកស៊ីដឹកទំនិញមកពីប្រទេសថៃ បាននាំគ្នារិះគន់និងបង្ហើបនិយាយចំៗថា លោក ម៉ក់ ស៊ីសាវុធ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះវិហារនិងការិយាល័យគយនិងរដ្ឋាករអានសេះ កំពុងតែមានការប្រព្រឹត្តប្រយោជន៍បុគ្គលយ៉ាងត្រជាក់មេជើង ពេលមានទំនិញនាំចូលពីប្រទេសថៃ ឱ្យកូនចៅរបស់ខ្លួន ជាអ្នកបើកបររថយន្តម្នាក់ឈ្មោះ ម៉ាន សេត វ័យ៥០ឆ្នាំ ដែលមិនមែនជាមន្ត្រី​គយផងនោះមកឈរចាំប្រមូលលុយពីឈ្មួញតាមអំពើចិត្តទៀតផង ដែលល្បីយូរហើយ គ្មានអ្នកណាហ៊ានក្អកទេ ។

អ្នកប្រចាំការនៅទីនោះថាមិនដែលឃើញលោកមេគយ មកបង្ហាញខ្លួននោះទេ ឃើញតែកូនចៅចាំទារលុយក្បាលរថយន្តដែលដាក់ទំនិញពេញៗដូចកេរម៉ែចែកឱ្យ…។

ការបើកឱ្យទំនិញគេចពន្ធនាំចូល មានដូចជាចំណីអាហារ គ្រឿងឧបភោគបរិភោគជាច្រើនប្រភេទមានស្រាបៀរ បន្លែ ផ្លែឈើ ទឹកក្រូច ទឹកដោះគោ និងទឹកបរិសុទ្ធជាដើម ។ល។ គ្រប់គ្នាស្គាល់លោក ម៉ាន សេត អ្នកបើកបររថយន្ត លោកប្រធានធំច្បាស់ណាស់ យូរឆ្នាំហើយស្រួលតថ្លៃណាស់ គេអត់​​ចាប់ទេ ឱ្យតែបង់ប្រាក់តាមការចរចា ។

ជាពិសេសគឺមាន់ដឹកទាំងរថយន្តតែម្ដងក្រុមឈ្មួញនាំចូលបានយ៉ាងរលូន ដោយគ្មាន ការឆែកឆេរ និងរឹតបណ្ដឹងពីមន្ត្រីគយដោយសារគេបង់សេវាឱ្យ ដោយមិនចេញវិក្កយបត្រទេ គឺប្រមូលលុយដាក់ហោប៉ៅចែកគ្នារស់យ៉ាងត្រជាក់មេជើង ធ្វើឱ្យបាត់បង់ចំណូលចូលរដ្ឋទាំងដុលតែម្ដង ។

បើតាមការអះអាងពីមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលបម្រើការងារតាមច្រកបានលួចបង្ហើបឱ្យដឹងថា ទំនិញគេចពន្ធទាំងនោះពីប្រទេសថៃ មានដូចជា ស្រាបៀរជាច្រើនប្រភេទ ភេសជ្ជៈ កំប៉ុង ឬដប ទំនិញគ្រឿងទេស(ចាប់ហួយ) និងគ្រឿងសំអាងការជាដើម ។ ប្រភពបង្ហើបថា រថយន្តត្រូវបង់លុយ ចាប់ពី១០ទៅ២០ម៉ឺនរៀលប៉ុណ្ណោះ មានអ្នកបើកឡានលោកប្រធានធំចាំប្រមូល ។

លោក ម៉ក់ ស៊ីសាវុធ បានឱ្យដឹងនៅរសៀលថ្ងៃ២ ខែកុម្ភៈ ឆ្នាំ២០២៤នោះថា តាមពិតច្រកអានសេះនោះ ទាំងខេត្តនិងថ្នាក់លើគេក៏ដឹងដែរថា មានមាន់លុះត្រាមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម ទើបលោកអាចប្រមូលពន្ធបាន តែនេះអត់មានអី្វទេ ហើយគាត់ថា ពិបាកណាស់បើធ្វើទៅប៉ះជាមួយខាងខេត្ត ។ ប៉ុន្តែលោកថាបើជារូបភាពធំដុំលោកតម្រូវឱ្យបង់ពន្ធហើយ ។ លោកថាគ្មានកម្លាំងគ្រប់គ្រាន់ចាប់ចងទំនិញនោះទេ សុំកុំឱ្យមានរូបភាពធំដុំ ។ គាត់បន្តថារឿងលុយកាក់មិនបង់ឱ្យគាត់ក៏បានដែរ តែមើលប្រធានច្រកគេយកពីប្រជាពលរដ្ឋច្រើនជាងខ្ញុំផង ប៉ុន្តែខ្ញុំសុំថ្លៃបាយទៅ ព្រោះខ្ញុំរាល់ថ្ងៃត្រូវហូបបាយដែរ ។ លោកថា បើបិទច្រកទាំងស្រុងតែម្ដងក៏បានដែរ ។

មានទស្សនៈជាច្រើនបញ្ចេញថា ដើម្បីបញ្ចៀសការបាត់បង់ចំណូលចូលរដ្ឋកាន់តែច្រើនឡើងៗ ដោយសារតែបុគ្គលរូបនេះនិងគ្នីគ្នា ប្រមូលលុយដាក់ហោប៉ៅ យកទៅចែកគ្នាធ្វើមានធ្វើបាន ស្រេចតែអំពើចិត្ត យកឈ្មោះ«ថ្លៃបាយ»មកបិទបាំងដែលធ្វើ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះដល់មន្ត្រីដែលស្អាតស្អំ ។

តាមសម្ដីមេសាខាគយខេត្តព្រះវិហារ ច្រកទ្វារព្រំដែនអានសេះ ទុកសម្រាប់តែនាំទំនិញគេចពន្ធចូល ហើយបង់ពន្ធជូនតែមន្ត្រីមានសមត្ថកិច្ចតែប៉ុណ្ណោះ ។

ឱ ! ច្រកទ្វារអានសេះអើយ…ទុកសម្រាប់តែប្រមូលលុយ «ថ្លៃបាយ»តែប៉ុណ្ណោះ…ហេ ! ហេ !

តាមកត់សម្គាល់ ក្រោយពេលគេហទំព័រកោះសន្តិភាពចេញផ្សាយមួយឈុតជាបឋមមក លោកប្រធានសាខាគយខេត្ត «ឆេះដុំ» ហួសមាឌ…ប្រើសម្ដីប្រមាថអសុរស អសីលធម៌…ធ្វើដូចខ្លួនលោ ក
ជាខ្សែវល្លិ៍ធ្លាក់ពីលើមេឃ អត់មានអ្នកណាហ៊ានក្អកដាក់ ។ មិនអីទេ…ពេលមានព័ត៌មានប្លែក យើងផ្សាយជូនបន្តទៀត ។

សូមបញ្ជាក់ថា…សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី ធ្លាប់បានប្រកាសថា «មន្ត្រីមិនគួរបង្កើតទំនាស់ជាមួយអ្នកសារព័ត៌មាន» sic !

តាមកត់សម្គាល់ «មន្ត្រីល្អ» គេមិនដែលតាមរករឿងអ្នកកាសែតឡើយ ។ គេមានតែញញឹម និងអរគុណដែលអ្នកកាសែតចេះរិះគន់ជួយកេះដើម្បីស្ថាបនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ