ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ សំឡេងប្រជាជាតិខ្មែរលើឆាកអន្តរជាតិ កំពុងមានឥទ្ធិពលក្នុងដោះស្រាយបញ្ហាព្រំដែន

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បញ្ជាក់​ថា សំឡេង​របស់​ប្រជាជាតិ​ខ្មែរ និង​ការងារ​ការទូត ដ៏​សកម្ម​ក្លៀវក្លា​ប្រកបដោយ​ភាព​ចាស់ទុំ និង​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​តាមដាន​យ៉ាង​យកចិត្តទុកដាក់…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បញ្ជាក់​ថា សំឡេង​របស់​ប្រជាជាតិ​ខ្មែរ និង​ការងារ​ការទូត ដ៏​សកម្ម​ក្លៀវក្លា​ប្រកបដោយ​ភាព​ចាស់ទុំ និង​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​កំពុង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ ដោយ​សន្តិវិធី​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ ចំពោះ​ករណី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម​ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​រម្លឹក​ឡើង​វិញ​នូវ​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​របស់​ថ្នាក់ដឹកនាំ​នៃ​យើង ដើម្បី​ឧទ្ទិស​ដល់​មហា​សាមគ្គី​ជាតិខ្មែរ​ដ៏​រឹង​មាំ និង​សារសំខាន់ ដែល​ខ្មែរ​ត្រូវ​រួម​គ្នា ដើម្បី​ថែរក្សា​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី ។

ឯកឧត្តម​បាន​លើក​ឡើង​ថា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សារ​អបអរសាទរ​ខួប ៤៧​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ ៧​មក​រា បាន​ដាស់​ស្មារតី​កូន​ខ្មែរ​ថា ៖ នៅ​លើ​មាគ៌ា​ឆ្ពោះទៅ​មុខ​បន្ត​ទៀត សូម​ជនរួមជាតិ​គ្រប់​រូប​បន្ត​លើកកម្ពស់​ស្មារតី​ស្នេហា​ជាតិ ប្រឹង​ឈរ​ខ្លួនឯង ខិតខំ​ខ្លួនឯង និង​ពង្រឹង​ភាព​ម្ចាស់​ការ​ខ្លួនឯង ដើម្បី​ធានា​ដល់​ការ​ការពារ និង​កសាង​ប្រទេស​ជាតិ​យើង ។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ផ្អែក​លើ​កម្លាំង​មហា​សាមគ្គី និង​ស្មារតី​ស្នេហា​ជាតិ​ដ៏​មោះមុត យើង​ពិតជា​បន្ត​យកឈ្នះ​លើ​រាល់​ឧបសគ្គ​បាន មិន​ថា ឧបសគ្គ​នោះ​ធំ​ប៉ុណ្ណា​ឡើយ ។ យើង​ចង​ចាំ​ប្រវត្តិសាស្ត្រ​នេះ ចង​ចាំ​ឧក្រិដ្ឋកម្ម​បំផ្លាញ​មរតក​វប្បធម៌ ដែល​ជា​ដួង​ព្រលឹង​របស់​ជាតិ ចង​ចាំ​ការ​ប្រមាថមើលងាយ​មក​លើ​ជាតិ មាតុភូមិ និង​ប្រជាជន​យើង ។

ចំណែក​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​សារ​ទៅ​កាន់​វីរ​កងទ័ព វីរ​កង​នគរបាល​ជាតិ និង​ជនរួមជាតិ កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ ក៏​បាន​អង្រួន​ស្មារតី​កូន​ខ្មែរ​ថា ៖ ទុក្ខ​លំបាក និង​ពលិកម្ម​សាច់​ស្រស់ ឈាម​ស្រស់​របស់​វីរជន​យើង​នៅ​ឯ​សមរភូមិ គឺជា​ការ​ដាស់តឿន​មិន​ឱ្យ​យើង​បំភ្លេច​បាន​មួយ​វិនាទី​ណា​ឡើយ​ថា «​បែកបាក់ គឺ​ស្លា​.​ប់ សាមគ្គី​រឹង​មាំ គឺ​រស់​» ។ ដូច្នេះ ស្រប​តាម​ពាក្យចាស់​ពោល​ថា «​ចង្កឹះ​មួយ​បាច់ គេ​កាច់​មិន​បាក់​» យើង​ត្រូវ​យក​ការ​លំបាក​នៅ​ពេល​នេះ​ធ្វើ​ជា​ឱកាស ដើម្បី​ឱ្យ​ខ្មែរ​គ្រប់​រូប​ចេះ​ពួតដៃគ្នា កសាង​ជាតិខ្មែរ​យើង​ឱ្យ​កាន់តែ​រឹង​មាំ និង​កាន់តែ​ប្រសើរ​ឡើង​ប្រកបដោយ​ភាព​ធន់ នៅ​ក្រោម​ម្លប់​ដ៏​សែន​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ​នៃ​យើង ។

សម្តេច​ធិ​បតី បាន​បង្ហាញ​ក្តី​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​យើង​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​ទិស​ទី​នឹង​បន្ត​ផ្តល់​ជំនឿ​ដ៏​មុតមាំ​លើ​រាជរដ្ឋាភិបាល និង​រួបរួមសាមគ្គី​គ្នា​ក្នុង​ស្មារតី​ជាតិខ្មែរ​តែ​មួយ ប្រើប្រាស់​តម្លៃ​នៃ​សន្តិភាព ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ពលរដ្ឋ​ឆ្នើម​របស់​កម្ពុជា និង​ក្លាយជា​កម្លាំង​ដ៏​រឹង​មាំ មិន​អាច​បំបែកបំបាក់​បាន ក្នុង​កិច្ច​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី ក៏​ដូច​ជា ក្នុង​ការ​អភិវឌ្ឍ​ជាតិ មាតុភូមិ​កម្ពុជា ជាទី​ស្នេហា​បំផុត​នៃ​យើង​ឱ្យ​កាន់តែ​រីក​ចម្រើន​ខ្លាំងក្លា​ឡើងជា​លំដាប់ និង​ក្លាយជា​ប្រជាជាតិ​មួយ​ប្រកបដោយ​មោទនភាព និង​កិត្យានុភាព​ខ្ពស់ត្រដែត​លើ​ឆាក​អន្តរជាតិ ។

ទន្ទឹម​នឹង​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​របស់​ថ្នាក់ដឹកនាំ​នៃ​យើង​ដូច​បាន​លើក​ឡើង​ខាងលើ យើង​ទាំងអស់​គ្នា​ក៏​បាន​សង្កេត​ឃើញ​យ៉ាង​ច្បាស់​នឹង​ភ្នែក​គ្រប់​ៗ​គ្នា​ថា កម្លាំង​មហា​សាមគ្គី​ឯកភាព​ជាតិខ្មែរ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ជា​ពិសេស​ដើម្បី​បុព្វហេតុ​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី ពិតជា​មាន​ទំហំ​ធំធេង និង​ខ្លាំងក្លា​គួរ​ជាទី​មោ​ទ​នៈ​យ៉ាង​ក្រៃ​លែង ។ សំឡេង​ប្រឆាំង​សង្គ្រាម និង​ទាមទារ​រក​សន្តិភាព​របស់​ព្រះសង្ឃ មន្ត្រីរាជការ យុវជន និង​ប្រជាជន​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​បាន​លាន់លឺ​ពាសពេញ​ពិភពលោក ។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ សំឡេង​របស់​ប្រជាជាតិ​ខ្មែរ និង​ការងារ​ការទូត​ដ៏​សកម្ម​ក្លៀវក្លា​ប្រកបដោយ​ភាព​ចាស់ទុំ និង​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​កំពុង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ​» ។

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​អ្នកនាំពាក្យ​បាន​អះអាង​ថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែបន្ទាត់​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​។

សរុប​មក​វិញ ជំហរ​ច្បាស់លាស់ និង​ម៉ឺងម៉ាត់​បំផុត​របស់​រាជរដ្ឋាភិបាល ស្រប​ទាំងស្រុង​ជាមួយ​ជំហរ​របស់​សហគមន៍​អន្តរជាតិ ខណៈ​ដែល​ភាគី​ថៃ​ក៏​បាន​ឯកភាព​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់ និង​អនុលោម​តាម​ច្បាប់​អន្តរជាតិ ដូច​មាន​ចែង​ក្នុង​ចំណុច​ទី​៣ នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។ នេះ​គឺជា​ក្តី​សង្ឃឹម​ក្នុង​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ប្រកបដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ ជាមួយ​ប្រទេស​ថៃ​ដោយ​រក្សា​បាន​ទាំងស្រុង​នូវ​ដែន​អធិបតេយ្យភាព​ស្របច្បាប់​របស់​កម្ពុជា ។

ដូច្នេះ នេះ គឺជា​កាលៈទេសៈ​ដ៏​សំខាន់​បំផុត​មួយ​ដែល​ខ្មែរ​ត្រូវ​ប្រើ​កម្លាំង​មហា​សាមគ្គី​ជាតិ​ដ៏​ខ្លាំងក្លា​របស់​ខ្លួន ដោយ​ផ្តល់​ទំនុកចិត្ត និង​ការ​គាំទ្រ​យ៉ាង​មុតមាំ​ដល់​រាជរដ្ឋាភិបាល ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​កម្ពុជា ដែល​ត្រូវ​បានការ​ពារ​យ៉ាង​រឹង​មាំ​ដោយ​ច្បាប់​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ