ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តស្ទឹងត្រែង ​៖ ​កុំ​យក​ផលប្រយោជន៍ប្តូរ​នឹង​មនសិការ​ជាតិ និង​ការ​បម្រើប្រជាជន

16 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​លោក សរ សុ​ពុ​ត្រា អភិបាលខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ បាន​ថ្លែង​នូវ​ការ​ណែនាំ​យ៉ាង​មុត​ស្រួច​ទៅកាន់​អភិបាលក្រុង​.​ស្រុក​ទាំង​៤​រូប…

ខេត្តស្ទឹងត្រែង​ ៖ ​លោក សរ សុ​ពុ​ត្រា អភិបាលខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ បាន​ថ្លែង​នូវ​ការ​ណែនាំ​យ៉ាង​មុត​ស្រួច​ទៅកាន់​អភិបាលក្រុង​.​ស្រុក​ទាំង​៤​រូប ដែល​ទើបតែ​ប្រកាស​ចូល​កាន់​មុខ​តំណែង ដោយ​បាន​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ «​មនសិការ​ជាតិ និង​ការ​បម្រើប្រជាជន​» ជា​ធំ​។ លោក​បាន​ហាម​ដាច់ខាត​មិន​ឱ្យ​មន្ត្រី​រូប​ណា​ម្នាក់ «​យក​ផល​ប្រ​យោ​ជន៍​ទៅ​ប្តូរ​ជាមួយ​មនសិការ​ជាតិ និង​ការ​បម្រើប្រជាជន​» ឡើយ​។

លោក​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់​ដោយ​បានលើក​ឡើង​ថា​៖ «​យើង​ត្រូវ​រួម​គ្នា​កម្ចាត់​ចោល​អ្នក​ដែល​ធ្វើការ​យកជើងរាទឹក មិន​ត្រូវ​ទុក​មន្ត្រី​អាក្រក់​ទាំងនោះ​ឱ្យ​នៅ​ក្នុង​ជួរ​មន្ត្រី​ល្អ​របស់​យើង​ឡើយ​» ដើម្បី​នាំ​នាវា​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅ​រក​ភាព​រីក​ចម្រើន​ពិតប្រាកដ​។​យើង​ទាំងអស់​គ្នា​ត្រូវ​យក សាមគ្គីភាព​ផ្ទៃក្នុង ជា​កត្តា​កំណត់​ក្នុង​ការដឹកនាំ​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព និង តម្លាភាព ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​។ ត្រូវ​ផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដោយ ឥត​រើសអើ​ង និង មិន​ប្រកាន់​និន្នាការ​នយោបាយ ណាមួយ​ឡើយ​។​ត្រូវ​ជៀសវាង​ឱ្យ​បាន​ដាច់ខាត​ពី​បទល្មើស និង​កិច្ច​អន្តរាគមន៍​ខុសច្បាប់​នានា ហើយ​ត្រូវ​រស់នៅ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ ដោយ​យក​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ​។

លោក​អភិបាល​បាន​លើក​ឡើង​ទៀត​ថា​៖ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ត្រូវ​រក្សា កិត្តិយស​រយៈពេល​វែង ក្នុង​ការ​បម្រើប្រជាជន ដើម្បី​ឱ្យ​ពេល​ចូល​និវត្ត​ន៍​អាច​នាំ​យក​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​ទុក​ប្រាប់​ដល់​កូនចៅ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក​ក៏​បាន​ណែនាំ​ទៅ​ដល់​អាជ្ញាធរ​ឃុំ​.​សង្កាត់ និង​មន្ត្រី​ផ្នែក​អប់រំ​ក្រុង​.​ស្រុក ឱ្យ​ពិនិត្យ​មើល​ការ​លក់ដូរ​ទំនិញ​នៅ​តាម​សាលារៀន​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​លើ​កក​ម្ពស់​ផ្នែក សុខភាព​របស់​កុមារ ដែល​ជា​ទំពាំង​ស្នងឫស្សី​សម្រាប់​ប្រទេស​ជាតិ​។​លោក​ថ្លែង​បែប​នេះបន្ទាប់​រក​ឃើញ​នៅ​ក្នុង​សាលា​និង​ក្រៅរបង​សាលា​លក់​ចំណីអាហារ​ហាមឃាត់​ជា​ច្រើន​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​កុមារ​។

លោក លី មី​ណា អភិបាលក្រុង​ស្ទឹង​ត្រែងដែល​ទើប​ចូល​កាន់​តំណែង​ថ្មី បាន​ប្តេជ្ញា​អនុវត្តយ៉ាង​ម៉ឺងម៉ាត់​តាម​ការ​ណែនាំ​របស់​លោក​អភិបាល​ខេត្ត​។ លោក​នឹង​ខិតខំ​បំពេញការងារ​តាម​រចនាសម្ព័ន្ធ គ្រប់គ្រង និង​ការ​ទទួលខុសត្រូវ ដើម្បី​ឆ្លើយ​តប​នឹង​តួនាទី​ជា​សេនាធិការ​របស់​ក្រសួងមហាផ្ទៃ និង​រដ្ឋបាល​ខេត្ត​។

ការ​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​អភិបាលក្រុង​.​ស្រុក​នោះ​ដោយ​៖​លោក សាយ កុសល អភិបាលក្រុង​ស្ទឹង​ត្រែង ទៅ​ជា​អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​លោក លី មី​ណា អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ មក​ជា​អភិបាលក្រុង​ស្ទឹងត្រែង​។​លោក សន សា​រឿ​ន អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ទី​ជា​អភិបាលស្រុក​សៀម​ប៉ា​ង​។

លោក ផា​ន់ យុ​ត អភិបាលស្រុក​សៀម​ប៉ា​ង មក​ជា​អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ