ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមជម្រាបជូនសាធារណជនថា អនុវត្តតាមបណ្តឹងរបស់ប្រជាពលរដ្ឋតាមបណ្តាញសង្គម ស្ដីពីការបើកល្បែងស៊ីសងអនឡាញខុសច្បាប់ លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ចុះស្រាវជ្រាវ និងបង្ក្រាបជាបន្ទាន់ ។
ជាក់ស្តែង អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានប្រកាសនារសៀលថ្ងៃទី០៩ ខែមករានេះថា ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមជម្រាបជូនសាធារណៈជនអោយបានជ្រាបថា ៖ បន្ទាប់ពីទទួលបានសារពីប្រជាពលរដ្ឋស្នើសុំអាជ្ញាធរជួយពិនិត្យមើលល្បែងស៊ីសងអនឡាញខុសច្បាប់ ទីតាំងស្ថិតនៅសង្កាត់កំពង់សំណាញ់ ។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឲ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ចុះទៅពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបភ្លាម ។
ជាលទ្ធផល នៅថ្ងៃទី០៩ ខែមករានេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់បានធ្វើការបង្ក្រាបទីតាំងលេងល្បែងជល់មាន់ អនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។
ដោយឡែក ចំពោះដកហូតវត្ថុតាំងៈ តុធំ២, តុតូច១ ,កុំព្យូទ័រ១, កៅអីជ័រ ៦ ។ ចំណែកអ្នកលេង និងម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់អស់ ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សហការផ្តល់ព័ត៌មានទីតាំងល្បែងស៊ីសងខុសច្បាប់ ដើម្បីយើងចុះបង្ក្រាបអន្តរាគមន៍ជូនទាន់ពេលវេលា ៕


ចែករំលែកព័តមាននេះ