ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូបលក់ដូរជិត៦០តូបសង់លើផ្លូវសាធារណៈ ត្រូវ​អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះរុះរើ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តូបលក់ដូរជិត៦០តូប ដែលសង់បែបលក្ខណៈរឹងមាំនៅលើផ្លូវសាធារណៈ ប្រវែង

រាជធានីភ្នំពេញ ៖ តូបលក់ដូរជិត៦០តូប ដែលសង់បែបលក្ខណៈរឹងមាំនៅលើផ្លូវសាធារណៈ ប្រវែងជាង១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោកចៅសង្កាត់ វ៉ា សា​វឿន ចុះទៅធ្វើការរុះរើ ​នៅ​ព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤ នេះ​។

ការប្រើកណ្ដាប់ដៃដែកនេះ គឺក្រោយពីអាជ្ញាធរបានចុះហាមឃាត់មិនឱ្យសាងសង់មិនស្ដាប់ រហូតដល់ធ្វើការជូនដំណឹងដល់ម្ចាស់តូបទាំងនោះឱ្យធ្វើការរុះរើដោយខ្លួនឯងច្រើនដងមកហើយ ប៉ុន្តែពួកគាត់បានត្រឹមតែឆ្លើយថា«បាទ និងចាស៎ » ឱ្យតែរួចពីមាត់ប៉ុណ្ណោះ ហើយមិនព្រមរុះរើដោយខ្លួនឯងឡើយ។

អាជ្ញាធរខាងលើបានឱ្យដឹង​ថា តូបលក់ដូរទាំងនោះបានសាងសង់លើផ្លូវសាធារណៈនេះច្រើនឆ្នាំមកហើយ ដែលកាលមុនមានតិចប៉ុណ្ណោះ ហើយអាជ្ញាធរបានចុះទៅហាមឃាត់មិនឱ្យសាងសង់ដែរ តែពួកគាត់មិនស្ដាប់សោះ។ក្រោយមកក៏មានអ្នកទៅសង់ជាបន្តបន្ទាប់ថែមទៀតជាហូរហែ ដែលគិតមកដល់ពេលនេះមានរហូតដល់ទៅចំនួន៥៨តូបឯណោះ ជាហេតុបានបង្កឱ្យបាត់បង់សោភ័ណភាពផ្លូវ ជាពិសេសបង្កឱ្យមានការកកស្ទះចរាចរនិង ធ្វើឱ្យប្រជាពលរដ្ឋក្ដៅក្រហាយរាល់ថ្ងៃ ។ មិនតែប៉ុណ្ណោះក៏បានធ្វើឱ្យមានការព្រួយបារម្ភនៅពេលមានឧប្បត្តិហេតុផ្សេងៗកើតឡើងជាយថាហេតុ ដូចជាគ្រោះអគ្គិភ័យជាដើម រថយន្តពន្លត់អគ្គិភ័យប្រាកដជាពិបាកនិងចូលទៅពន្លត់។

តាម​ប្រភពដដែលបានប្រាប់ឱ្យដឹងបន្តទៀតថា បន្ទាប់មកអាជ្ញាធរសង្កាត់បានចេញសេចក្ដីជូនដំណឹងជាបន្តបន្ទាប់ច្រើនដង សុំឱ្យម្ចាស់តូបទាំងនោះ ធ្វើការរុះរើចេញដោយខ្លួនឯង ដើម្បីទុកផ្លូវឱ្យបានធំទូលាយសម្រាប់ការធ្វើដំណើរ។ ប៉ុន្តែពួកគាត់មិនព្រមរុះរើចេញដោយខ្លួនឯងឡើយ ពួកគាត់យល់ព្រមឱ្យរួចតែពីមាត់ប៉ុណ្ណោះ ដូច្នេះទើបពេលនេះលោកចៅសង្កាត់ចោមចៅទី៣បានដឹកនាំកម្លាំងចុះទៅធ្វើការរុះរើដោយផ្ទាល់តែម្ដង។ ព្រោះមិនអាចទុកឱ្យនៅកកស្ទះចរាចររាល់ថ្ងៃ និងត្រូវមហា​ជនរិះគន់មកលើអាជ្ញាធររាល់ថ្ងៃ និងបង្កផលលំបាកដល់អ្នកដំណើរ ព្រោះតែក្រុមអ្នកលក់ដូរលើផ្លូវទាំងនេះតទៅទៀតបានឡើយ។

សូមបញ្ជាក់ផងដែរថា ក្រោយពីអាជ្ញាធរសង្កាត់ខាងលើប្រើកណ្ដាប់ដៃដែក ចុះទៅធ្វើការរុះរើបែបនេះម្ចាស់តូបមួយចំនួនបានស្នើសុំទៅកាន់អាជ្ញាធរ ដើម្បីធ្វើការរុះរើដោយខ្លួនឯង ព្រោះមិនចង់ឱ្យមានការខូចខាតរបស់របរនិងតូបរបស់ខ្លួន។ ចំណែកឯតូបមួយចំនួនទៀត ត្រូវបានកម្លាំងអាជ្ញាធររុះរើដោយផ្ទាល់ ហើយម្ចាស់បានត្រឹមតែឈរមើល ឬជញ្ជូនអីវ៉ាន់ចេញតែប៉ុណ្ណោះ។

នៅក្នុងឱកាសនោះម្ចាស់តូបខាងលើមិនបាននិយាយច្រើនទេ ពួកគាត់គ្រាន់តែនិយាយដោយខ្លីថា ពួកគាត់មួយចំនួនបានទិញតូបនៅទីនោះតៗគ្នាក្នុង១តូបៗតម្លៃរាប់ពាន់ដុល្លារ និងអ្នកខ្លះទៀត​ជួល​គេក្នុង១ខែៗ រាប់រយដុល្លារ ដើម្បីដាក់លក់អីវ៉ាន់ផ្សេងៗទៅតាមមុខជំនួញរៀងៗខ្លួន។ ប៉ុន្តែទោះបីបែបណា ពួកគាត់មិនបានប្រាប់ពីអ្នកដែលលក់និងជួលតូបឱ្យពួកគាត់នោះថាជានរណាឡើយ ហើយការសងតូបក់ដូរលើផ្លូវសាធារណៈបែបនេះវាខុសច្បាប់និងប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ដែលធ្វើដំណើរតាមផ្លូវនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ