រាជធានីភ្នំពេញ ៖ នៅទីបំផុត សមត្ថកិច្ចបានធ្វើការអប់រំទៅសិស្សសាលាស្រីម្នាក់ ដែលបានបង្ហោះវីដេអូប្រើប្រាស់បារីអេឡិចត្រូនិច ធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ ពិសេសនោះ គឺក្មេងៗតែម្ដង ។

ជាក់ស្តែង យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានភ្នំពេញបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានករណីសិស្សស្រីម្នាក់ ប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់នោះមក នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា ក៏បានធ្វើការកោះហៅសិស្សស្រី ដែលបានបង្ហោះវីដេអូប្រើប្រាស់បារីអេឡិចត្រូនិចមកសួរនាំអប់រំណែនាំឱ្យធ្វើកិច្ច
សន្យា ។
ប្រភពបន្តថា ក្នុងនោះដែរ គឺមានទាំងការធានាពីអាណាព្យាបាល លោកគ្រូ-អ្នកគ្រូ ដោយបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/ Vape) ពីព្រោះវាបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងច្បាប់មិនអនុញ្ញាតឱ្យប្រើប្រាស់នោះទេទើបសមត្ថកិច្ចអនុញ្ញាតត្រឡប់ទៅផ្ទះវិញ។
ជាមួយគ្នាដែរ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល តែងតែចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀនដល់សិស្សានុសិស្សតាមសាលារៀន និងប្រជាពលរដ្ឋតាមខ្នងជាប្រចាំ ៕
ចែករំលែកព័តមាននេះ