ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ អះអាង​ច្បាស់​ៗ​ថា ថៃ​ជា​អ្នក​ចាប់ផ្តើម​សង្គ្រាម​ឡើង​វិញ​ជាមួយ​កម្ពុជា

4 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​អះអាង​ច្បាស់​ៗ​ថា ប្រទេស​ថៃ​ជា​អ្នក​ចាប់ផ្តើម​សង្គ្រាម​ឡើង​វិញ​ជាមួយ​ប្រទេស​កម្ពុជា​។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​អះអាង​ច្បាស់​ៗ​ថា ប្រទេស​ថៃ​ជា​អ្នក​ចាប់ផ្តើម​សង្គ្រាម​ឡើង​វិញ​ជាមួយ​ប្រទេស​កម្ពុជា​។ ការ​អះអាង​នេះ កើតឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ផែនការ​ផលិត​នាវាចម្បាំង​ថ្មី​សម្រាប់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ដែល​ជា​ផ្នែក​មួយ​នៃ «​កង​នាវា​មាស​» ឬ «Golden Fleet» នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ (​ម៉ោង​នៅ​កម្ពុជា​)​ ។

ថ្លែង​ចំពោះ​មុខ​បណ្តា​អ្នក​សារព័ត៌​មាននៅ​ក្នុង​ពិធី​នោះ លោក ត្រាំ បាន​បញ្ជាក់​ថា លោក​បាន​ដោះ​ស្រាយ​បញ្ចប់សង្គ្រាម​ចំនួន​៨ ដោយ​ក្នុង​នោះ ​រួម​មាន​ទាំង​សង្គ្រាម​រវាង​ថៃ និង​កម្ពុជា​ផង​ដែរ​។
ឆ្លើយ​តប​នឹង​សំណួ​អ្នក​សារព័ត៌មាន លោក ត្រាំ បាន​ថ្លែង​ដូច្នេះ​ថា «​ខ្ញុំ​បាន​ដោះស្រាយ​បញ្ចប់សង្គ្រាម​ចំនួន​៨​ ។ ថៃ​កំពុង​ចាប់ផ្តើម​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ហើយ​ ។ អ្នកដឹង​ទេ ពួក​គេ (​ថៃ​) បាន​ចាប់ផ្តើម (​សង្គ្រាម​) ជាមួយ​កម្ពុជា​ ។ ពួក​គេ (​ថៃ និង​កម្ពុជា​) បាន​ចាប់ផ្តើម (​សង្គ្រាម​) ឡើង​វិញ​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា លោក Marco (​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​) យើង​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ ​ដើម្បី​បញ្ចប់ (​សង្គ្រាម​រវាង​ថៃ និង​កម្ពុជា​)​ ។ ដូច្នេះ​ យើង​បាន​ដោះស្រាយ​បញ្ចប់សង្គ្រាម​ចំនួន​៨ ហើយ​សង្គ្រាម​មួយ​នេះ គឺ​នៅ​កណ្តាល​គេ​»​។

គួរ​រំលឹក​ថា មុន​ការ​លើក​ឡើង​នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក លោក Marco Rubio បាន​បើក​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក ស៊ី​ហា​សក្តិ ភួង​កេ​ត​កែវ (Sihasak Phuangketkeow) ដោយ​ជំរុញ​ថៃ​ចាត់វិធានការ​ជាក់ស្តែង ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​តាម​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា និង​វិល​ត្រឡប់​ទៅ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​ឡើង​វិញ​ ។

យោង​តាម​ការ​ចេញផ្សាយ​ពី​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ តាម​រយៈ​លោក Tommy Pigott អ្នកនាំពាក្យ​រង​សំខាន់​របស់​ក្រសួង​បានឱ្យ​ដឹង​ថា លោក Marco Rubio រដ្ឋ​មន្ត្រី​ការ​បរទេស​អា​មេ​រិ​ក បាន​ជួប​ពិភាក្សា (​តាម​ទូរស័ព្ទ​) ជាមួយនឹង​លោក ស៊ី​ហា​សក្តិ ភួង​កេ​ត​កែវ រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​។

ជា​លទ្ធផល លោក Marco Rubio បាន​គូសបញ្ជាក់​អំពី​ការ​ព្រួយបារម្ភ​របស់​សហរដ្ឋអាមេរិក​ទាក់ទង​នឹង​អំពើ​ហិង្សា​ជា​បន្តបន្ទាប់ តាម​បណ្តោយ​ព្រំដែន​កម្ពុជា និង​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​បន្ទាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង​។

លើស​ពី​នេះ​ទៀត លោក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក បាន​ជំរុញ​ឱ្យ​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ ចាត់​វិធាន​ការ​ជាក់ស្តែង ដើម្បី​បន្ថយ​ស្ថានការណ៍ និង​ឱ្យ​ប្រទេស​ថៃ​វិល​ត្រឡប់​ទៅ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ