អាជ្ញាធរ​​ និង​​សង្គម​​ស៊ី​វិល​​រួម​គ្នា​​បើក​​យុទ្ធ​នា​ការ​​​អំពាវ​នាវ​​ស្វែង​រក​មូល​និធិ​​​សប្បុរស​ជន​


ខេត្តសៀមរាប ៖ អា​ជា្ញ​ធរ​ខេត្ដសៀមរាប និងអង្គការ​សង្គម​ស៊ី​វិល​ចំនួន៣៦ ដែល​កំពុង​បំពេញ​បេស​កកម្ម​ពាក់​ព​ន្ធ័​ទៅ​នឹង​កុមារ​នៅ​លើ​ទឹក​ដី​ប្រវត្ដិសាស្ដ្រ​ខេត្ដសៀមរាប បាន​ធ្វើ​យុទ្ធនា​ការ​រួម​គ្នា​មួយ ​ដើម្បី​ស្វែងរក​មូល​និ​ធិ​សប្បុរស​ធ​ម៌​ឧ​បត្ថ​ម្ភ​ជួយ​ដល់​ក្រុម​កុមារ​កំព្រា កុមារ​ទីទ័ល​ក្រ កុមារ​ពិការ និងកុមារ​ងាយ​រង​គ្រោះ​នៅ​ក្នុង​តំបន់​។ ​យុទ្ធ​នាការ​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី១ មិថុនា ឆ្នាំ​២០១១ ​ខណៈ​ដែល​ខេត្ដសៀម​រាប បាន​រៀបចំ​ពិធី​អបអរសាទរ​រំលឹក​ខួប​ទី​៦២ នៃ​ទិវា​កុមារ​អន្ដរ​ជាតិ​១ មិ​ថុនា ខួប​លើក​ទី​១០​ទិវា​ពិភព​លោក ប្រឆាំង​ពលកម្ម​កុមារ​១២ មិថុនា និង​​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០១១ ​ដែល​រៀប​ចំ​ឡើង​ដោយ​ស្ថានីយ​ទូរ​ទស្សន៍​ខ្សែកាប​អង្គរ​ខេត្ដ​សៀមរាប ក្រោម​អធិបតីភាព​លោក​ស៊ូ ភិ​រិ​ន្ទ អភិ​បាល​​ខេត្ត​សៀមរាប និង​មានការ​ចូលរួម​ដោយ​លោក​ច​ន្ទ័ សុផល ប្រធាន​ក្រុម​ប្រឹក្សា​​ខេត្ដ លោក​ឧកញ៉ា សុខ ចំរើន អគ្គនាយក​ស្ថានីយ​ទូរទស្សន៍​ខ្សែកាប​អង្គរ ព្រមទាំង​មន្ដ្រី​មន្ទី​រ-​អង្គ​ភាព​ជុំវិញ​ខេត្ដ សិស្សានុសិស្ស​-​កុមារ​មក​ពី​អង្គ​ការ​​នានា សរុប​ប្រមាណ​ជាង​២.២០០​នាក់​ចូល​រួម​ផង​ដែរ​។

អ្នកស្រី ម៉​ន សា​រ៉​ន មក​ពី​អង្គការ​កុមារ​និង​អភិ​វ​ឌ្ឈ​ន៍​ជា​តំណាង​អង្គការ​សង្គម​ស៊ី​វិល​ទាំង​៣៦ ដែល​ត្រូវ​បាន​អ​ញ្ជើ​ញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប​ខាងលើ​​បាន​ថ្លែង​នៅ​ក្នុង​មតិ​ចាប់អារម្មណ៍​​​ដូច្នេះ​ថា «​ក្នុង​នាម​អង្គការ​សង្គម​ស៊ី​វិល​ទាំង​៣៦ ដែល​កំពុង​តែ​បំ​ពេញ​បេស​កកម្ម​នៅ​លើ​ទឹកដី​ខេត្ដ​ប្រ​វ​ត្ដិ​សាស្ដ្រ​សៀមរាប សូម​ធ្វើការ​អំពាវនាវ​ដល់​សប្បុរស​ជនជាតិ​-​អន្ដរ​ជាតិ​ ជា​ពិសេស​សមាគម​រោងចក្រ​ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន​នានា មេ​ត្ដាបរិ​ច្ចា​គជា​ថវិកា សំភារ​សិក្សា ថ្នាំពេទ្យ គ្រឿង​ឧប​ភោគ​បរិភោគ​ជូន​ដល់​​អង្គការ​កុមារ​កំព្រា​នានា​ទូទាំង​ខេត្ដសៀម​រាប ដើម្បី​សម្រួល​នឹង​គាំទ្រ​ដល់​សកម្មភាព​មនុស្ស​​ធ​ម៌ ​ព្រមទាំង​ឱ្យ​អង្គការ​​នោះ​អាច​ដំណើរ​ការ​បាន​ និង​បន្ដសកម្មភាព​​របស់ខ្លួន​ជួយ​ដល់​កុមារ​ទាំងនោះ​»។

អ្នកស្រី​តំណាង​រូប​នោះ​បាន​បញ្ជា​ក់​នៅ​ក្នុង​មតិ​ចាប់អារម្មណ៍​របស់​ខ្លួន​ថា «បណ្ដា​អង្គការ​ទាំង​អស់​បាន​និង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​រំលែក​ទុក្ខ​លំបាក​ពី​ក្រុម​កុមារ​កំព្រា កុមារ​ពិការ កុមារទ័ល​ក្រ កុមារ​ងាយ​រង​គ្រោះ​ឱ្យ​កាន់តែ​ប្រសើ​រឡើងជា​លំដាប់ ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ស្រប​តាម​អនុ​សញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​របស់​អង្គការសហ​ប្រជា​ជាតិ» ។ អ្នក​ស្រី​បន្ថែម​ថា «បច្ចុប្បន្ន​យើង​ទាំងអស់​គ្នា​ជា​តំណាង​អង្គការ​បាន​ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ​ស្វែងរក​មូលនិធិ​បរិច្ចាគ​ពី​សប្បុរស​​ជនជាតិ​-​អន្ដរជាតិ​ទាំង​ក្នុង​​ និង​​ក្រៅ​ប្រទេស ដើម្បី​ផ្គត់ផ្គង់​បន្ថែម​ដល់​ការ​រស់នៅ ​ការ​រៀនសូត្រ​របស់​កុមារ​នៅ​តាម​អង្គការ​នីមួយ​ៗ ក្នុង​គោលបំណង​ឱ្យ​កុមារ​ទាំងនោះ​បាន​រួច​ផុត​ពី​ភាព​អវិជ្ជា ជា​ពិសេស​ទទួល​បាន​សិទ្ធិ​​គ្រប់​យ៉ាង​ដើម្បី​អនាគត​ដ៏​ត្រ​ចេះ​ត្រចង់​ក្លាយទៅជា​សសរ​ទ្រូង​ដ៏​រឹង​មាំ​សម្រាប់​អភិ​វ​ឌ្ឈ​ន៍​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​ឆាប់រហ័ស​ដូច​បណ្ដាប្រទេស​ជឿន​លឿន​​នានា​នៅ​លើ​សកល​លោក​។

​ទោះបីជា​យ៉ាងណា​ គេ​ពុំ​អាច​ដឹង​ថា​ នៅ​ទូទាំង​ខេត្ដ​ទេសចរណ៍​ប្រវត្ដិសាស្ដ្រ​សៀមរាប ដែល​មាន​ចំណាត់​ថ្នាក់​ក្រ​លំដាប់​ទី​ពីរ​ បន្ទាប់​ពី​ខេត្ដ​​ប៉ៃលិន​នោះ​មាន​ចំនួន​កុមារ​កំព្រា ឬ​កុមារ​ទីទ័ល​ក្រ រួម​ទាំង​កុមារ​ងាយ​រង​គ្រោះ​ប៉ុន្មាន​នាក់​នោះ​ទេ ដោយ​គ្រាន់តែ​មានការ​បញ្ជា​ក់ថា ​ពួក​កុមារ​​ទាំងនោះ​បាន​ជួបនឹង​បញ្ហា​លំ​បាក​លំបិន​ជា​ទី​បំផុត​នៅ​ក្នុង​ជីវភាព​របស់​ពួក​គេ​។ អភិបាលខេត្ដ​សៀមរាប លោក​ស៊ូ ភិ​រិ​ន្ទ ជា​អធិប​តីនៅ​ក្នុង​ពិធី​រំលឹក​ខួប​ទី​៦២ បាន​មាន​ប្រសាសន៍​ថា ​ជា​និច្ច​​កាល​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិ​ប​ណ្ឌិតរបស់​សម្ដេច​អគ្គ​មហា​សេនា​ប​តីតេ​ជោ ហ៊ុន សែន និង​​ជា​ប្រធាន​កិត្ដិយស​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុម​ារបាន​យកចិត្ដទុកដាក់យ៉ាង​ខ្លាំង​ដល់​កុមារ​កម្ពុជា គឺ​សម្ដេច​តែងតែ​ប​ញ្ចូ​ល​រាល់​តម្រូវ​ការ​នៃ​ការ​អភិ​វ​ឌ្ឍ​ន៍​កុមារ​ក្នុង​គ្រប់​កម្មវិធី​អភិ​វ​ឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ព្រម​ជាមួយ​នោះ​សម្ដេច និង​លោក​ជំទាវ​ក៏បាន​ធ្វើ​សកម្មភាព​មនុស្ស​ធ​ម៌​ជាក់ ស្ដែង​ជា​ច្រើន​ជួយ​ដល់​កុមារ ដូច​ជា​កសាង​សាលា​រៀន មន្ទី​រ​ពេទ្យ មណ្ឌលកុមារ​កំព្រា ផ្ដល់​សេវា​សង្គមកិច្ច​ដល់​កុមារ​ងាយ​រង​គ្រោះ និង​កុមារ​ពិការ ។

​លោក​បាន​បន្ថែម​​ថា ​ទោះបីជា​យ៉ាង​នេះ​ក្ដី​កុមារ​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ប​ញ្ហា​​មួយ​ចំនួន ដូច​ជា​កុមារ​ទំនាស់​នឹង​ច្បាប់ បញ្ហា​គ្រឿងញៀន អំពើ​ហិង្សា​លើ​កុមារ ពល​កម្ម​កុមារ ជំងឺដ​ង្កា​ត់​ផ្សេង​ៗ​ជាដើម កុមារ​ក្រីក្រ គុណភាព​អប់រំ​ជាដើម ដែល​ទាមទារ​​ឱ្យ​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​មាន​ភារកិច្ច​យ៉ាង​ធំធេង ក្នុង​ការ​ធានា​ឱ្យ​កុមារ​​រស់នៅ​ប្រកបដោយ​សេចក្ដីសុខ​ចំរើន​ធំ​ធាត់ មាន​សុខភាព​ល្អ ប្រាជ្ញា​វៀងវៃ និង​ក្លាយ​ទៅ​ជា​ពល​រដ្ឋ​ល្អ ស័ក្ដិ​សមជា​ទំពាំង​ស្នង​ឫ​ស្សី​ជា​អ្នក​បន្ដវេន​នា​ពេល​អនាគត​របស់​ប្រទេស​ជាតិ​។

​អ្នក​ចូល​​រួម​ម្នាក់​មក​ពី​អង្គការ​គរ​ថ្លង់ ដែល​ភ្នែក​ទាំង​គូ​ជាទីស្រឡាញ់របស់​គាត់​ពិការ​បាន​ថ្លែង​អំពាវ​នាវ​នៅ​ក្នុង​ពិធី​នោះ​ថា «​ពួក​ខ្លួន​ពិត​ជា​មិន​អាច​រស់នៅ​ដោយ​ភាព​រងា​ឯកោ​ខ្វះ​ការ​យក​ចិត្ដ​ទុកដាក់​ពី​សំណាក់ រាជរដ្ឋាភិបាល និងបង​ប្អូន​​ជនរួមជាតិ សប្បុរសជន​ជិត​ឆ្ងាយ​បាន​ទេ​» ដូច្នេះ​សូម​បន្ដ​ជួយ​ពួក​យើង​ដែល​កំ​ពុង​រស់នៅ​ក្នុង​ភាព​មហា​សែន​លំបាក​នេះ​ផង ​ដើម្បី​ទុកជា​បុណ្យ​កុសល​ទៅ​​អនាគត​ជាតិ​របស់​លោក​អ្នក ។

អគ្គនាយក​ស្ថានីយទូរទស្សន៍​ខ្សែកាប​អង្គរ លោក​ឧ​ក​ញ៉ា សុខ ចំរើន ទី​ប្រឹក្សា​ក្រសួង​ព័ត៌​មាន​ដែល​ផ្ដួចផ្ដើម​រៀបចំ​ពិធី​រំលឹក​ខួប​​លើក​ទី​៦២ ទិវា​កុមារ​អន្ដរជាតិ​១ មិ​ថុនា ខួប​លើក​ទី​១០​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២ មិថុនា និង​​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០១១ នេះ ក៏​បាន​អំពាវនាវ​នៅចុង​មតិ​ស្វាគមន៍​របស់​លោក​ដែរ​ថា «លោក​សូម​ឱ្យ​សប្បុរសជន​ទាំងអស់​មេត្ដា​បន្ដ​ឧបត្ថ​ម្ភ​គាំទ្រ​ដល់​យុទ្ធនាការ​ដែល​បាន​រៀបចំ​ឡើង​នេះ​ក្នុង​កម្លាំង​មនុស្ស​ធ​ម៌ សប្បុរស​ធ​ម៌​សម្រាប់​ទ្រទ្រង់​កុមារ​កំព្រា កុមារ​ងាយ​រង​គ្រោះ និង​កុមារ​ទីទ័ល​ក្រ ក្នុង​ខេត្ដសៀមរាប​ឱ្យ​បាន​កាន់​តែ​ទូលំទូលាយ​ឡើង ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រាប់​ដល់​ពិភព​លោក​​តាម​រយៈ​ភ្ញៀវ​ទេសចរ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ដែល​មក​ទស្សនា​នៅ​លើ​ទឹកដី​អង្គរ​ដ៏​​អ​ច្ឆ​រិយៈ​របស់​យើង ៕

សប្បុរសធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ