ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតគ្រូប្រដាល់ដ៏ល្បីប្រចាំខេត្តបន្ទាយមានជ័យធ្លា.ក់ខ្លួ.នដើរបបក់ត្រីចិញ្ចឹមជីវិត

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អតីតគ្រូប្រដាល់ដ៏ល្បី |និងជាប្រធានសមាគមកីឡាប្រដាល់ប្រចាំ

0:00
0:00

ខេត្តបន្ទាយមានជ័យ ៖ អតីតគ្រូប្រដាល់ដ៏ល្បី |និងជាប្រធានសមាគមកីឡាប្រដាល់ប្រចាំ
ខេត្ត​បន្ទាយមានជ័យដំបូងគេ គឺលោកគ្រូចាន់ ពៅ អាយុ៧៣ឆ្នាំ បានធ្លាក់ខ្លួនដើរបបក់ត្រី
ចិញ្ចឹម​ជីវិតយ៉ាងលំបាកលំបិនក្រោយបោះបង់អាជីពជាគ្រូប្រដាល់ក្បាច់គុនបុរាណខ្មែរ ។

ថ្មីៗនេះ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ចំណុចអូរតាកុច នៅក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានជួបសាកសួរលោកគ្រូចាន់ ពៅ ផ្ទាល់ ។

លោកគ្រូបានរៀបរាប់ឱ្យដឹងថា រូបលោកមានបងប្អូន៦​នាក់ (ប្រុស៣នាក់ ស្រី៣នាក់) ស្ថិតក្នុងត្រកូលកសិករដែលមានឪពុកឈ្មោះថែម ខន ម្ដាយឈ្មោះ ស្វាត យឿន មានស្រុកកំណើតនៅភូមិចម្ការសំរោង ឃុំចម្ការសំរោង ខេត្តបាត់ដំបង។

ដោយមាននិស្ស័យស្រឡាញ់កីឡាប្រដាល់ណាមួយលោកមានឪពុកមាឈ្មោះ ប៊ុន លី បើកក្លិបប្រដាល់ក្នុងខេត្តបាត់ដំបង លោកបានចូលហ្វឹកហាត់ និងបានឡើងសង្វៀនតាំងពីអាយុជាង១០ឆ្នាំ ដើម្បី​យកប្រាក់ទៅសិក្សារៀនសូត្ររហូតបានជាប់ឌីប្លូម ។ លោកចាប់ផ្ដើមមានឈ្មោះបោះសំឡេងនៅក្នុងឆ្នាំ១៩៧០ និងល្បីខ្លាំងក្នុងឆ្នាំ១៩៧៣ ។ លោកបានជួបប្រកួតជាមួយកីឡាករកែវ អើយ កីឡាករជា សារៈកីឡាករភុំ រី កីឡាករខាប់ ភិន និងកីឡាករជាច្រើនទៀតនៅក្នុងជំនាន់នោះ ។

លោកគ្រូក៏ធ្លាប់ឡើងទៅប្រកួតនៅប្រទេសថៃដូចជាក្នុងខេត្តជាប់ព្រំដែនរហូតដល់ទីក្រុងបាងកកសរុបជាង៣០ដងផងដែរ ។ ការប្រកួតរបស់លោកបានធ្វើឱ្យកីឡាករថៃជាច្រើនរូបបាក់ស្បាតនិងទទួលស្គាល់ក្បាច់គុនរបស់លោកដែលផ្ដួលកីឡាករទាំងនោះឱ្យចាញ់ខ្លះសន្លប់ខ្លះចាញ់ដោយពិន្ទុដោយសារតែស្នៀតប្រដាល់ពិសេសរបស់លោកគឺក្បាច់សេះហោះ ដែលភាគច្រើនគឺលោកលោតប្រើជង្គង់ និងពុះកែងពីលើ ។ សម្រាប់ការប្រកួតនៅប្រទេសថៃគឺលោកមិនដែលចាញ់នោះឡើយ។

នៅក្នុងរបបខ្មែរក្រហម លោកគ្រូបានទៅរស់នៅឯខេត្តកំពង់ឆ្នាំង និងខេត្តកំពត រហូតដល់ឆ្នាំ១៩៧៩ លោកគ្រូបានវិលមករស់នៅទីក្រុងភ្នំពេញ ។ លុះដល់ឆ្នាំ១៩៨១ លោកគ្រូបានទៅនៅខេត្តបាត់ដំបង និងបានឆ្លងដែនទៅនៅជំរំជាយដែន ។ រហូតដល់ឆ្នាំ១៩៩៣ លោកក៏បានវិលមករស់នៅឯស្រុកកំណើតខាងប្រពន្ធនៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នៅទីនោះលោកគ្រូចាប់ផ្ដើមបើកក្លិបប្រដាល់ដោយដាក់ឈ្មោះ«សមាគមនិស្ស័យយុវកីឡាប្រដាល់»ដោយបានទទួលសិស្សជាច្រើននាក់មានទាំងប្រុសទាំងស្រីចូលមកហ្វឹកហាត់។

លោកគ្រូបានបញ្ជាក់ថា ពេលនោះនៅក្នុងប្រទេសកម្ពុជាយើងមិនសូវមានទីផ្សារប្រដាល់ ណាមួយតម្លៃខ្លួនកីឡាករមិនទាន់បានថ្លៃផងធ្វើឱ្យក្លិបលោកទទួលបានចំណូលស្ដួចស្ដើង។ ទោះបីយ៉ាងណាលោកគ្រូនៅតែតស៊ូបង្ហាត់សិស្ស ។ រហូតដល់ឆ្នាំ២០២៣ ដោយសារអស់លទ្ធភាព ព្រោះសូម្បីតែចិញ្ចៀន និងខ្សែកប្រពន្ធក៏លោកគ្រូដោះលក់យកមកមើលជំងឺកូនសិស្ស និងចុងក្រោយលក់អស់ទាំងដីនិងផ្ទះទៀតទើបលោកគ្រូសម្រេចចិត្តបិទក្លិបប្រដាល់តែម្ដង។

មកដល់បច្ចុប្បន្ន កូនសិស្សរបស់លោកទទួលបានភាពជោគជ័យ ខ្លះបើកក្លិបប្រដាល់ផ្ទាល់ខ្លួន ខ្លះជាមន្ត្រីរាជការ រហូតមានអ្នកខ្លះបានទៅរស់នៅឯក្រៅប្រទេសទៀតផង ។ ផ្ទុយពីជីវិតរបស់លោកគ្រូដោយសារស្រឡាញ់កីឡាប្រដាល់ និងចិញ្ចឹមកូនសិស្សច្រើនពេក ហើយពេលនោះតម្លៃខ្លួនរបស់កីឡាករមិនសូវបានថ្លៃនិងមិនសូវមានទីផ្សារក្នុងការប្រកួត បណ្ដាលឱ្យលោកគ្រូធ្លាក់ខ្លួនក្រលក់ដីលក់ផ្ទះរហូតដើរបបក់ត្រីចិញ្ចឹមប្រពន្ធយ៉ាងកម្សត់វេទនា ។ ជាចុងក្រោយ លោកគ្រូបានអំពាវនាវដល់អ្នកមានធនធាន សូមជួយបើកក្លិបប្រដាល់ឡើងវិញដើម្បីឱ្យលោកមានលទ្ធភាពផ្ទេរក្បាច់គុនទៅឱ្យក្មេងជំនាន់ក្រោយផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ