ទីក្រុងប៊ែឡាំង៖ បុរសជនជាតិអាល្លឺម៉ង់ម្នាក់ចាក់វ៉ាក់សាំងជាង២០០ម្ជុលដោយគ្មានបញ្ហា។ បើដូច្នេះមែន គាត់អាចនឹងជាប់ឈ្មោះជាអ្នកទទួលវ៉ាក់សាំងច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ កន្លងមក អ្នកខ្លះធ្លាប់ចាក់វ៉ាក់សាំងបង្ការជំងឺជាច្រើនមុខ។ ប៉ុន្តែគេចាក់ពេលឃ្លាតគ្នាច្រើនឆ្នាំទើបចាក់ម្ដង ហើយចាក់យ៉ាងខ្លាំងត្រឹមរាប់សិបម្ជុលប៉ុណ្ណោះពេញ១ឆាកជីវិតរបស់ពួកគេ។ ប្លែកអ្វីតែបុរសអាល្លឺម៉ង់ម្នាក់នេះចាក់វ៉ាក់សាំងកូវីដ១៩ចំនួន២១៧ម្ជុលត្រឹមតែរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ។

ប្រព័ន្ធភាពស៊ំារបស់បុរសវ័យ៦២ឆ្នាំម្នាក់នេះនៅតែបំពេញមុខងារបានយ៉ាងល្អ។ បុរសម្នាក់នេះជម្នះចិត្តខ្លាំងមែនទែន។ ទោះបីអ្នកដទៃខំនិយាយបញ្ចុះបញ្ចូល និងរារាំងយ៉ាងណាក៏មិនអាចហាមឃាត់ចិត្តរបស់គាត់បានឡើយ។ បុរសនេះផ្ទុះការចាប់អារម្មណ៍ពីសំណាក់ក្រុមអ្នកស្រាវជ្រាវនៅអាល្លឺម៉ង់កាលពីឆ្នាំ២០២២។ កាលនោះ គាត់ចាក់វ៉ាក់សាំងបាន៩០ម្ជុល។

មុនដំបូងគេយល់ច្រឡំលើគាត់។ គេគិតថាគាត់ប្រហែលជាសម្រុកចាក់វ៉ាក់សាំងដើម្បីប្រមូលប័ណ្ណចាក់វ៉ាក់សាំងទៅលក់ឱ្យអ្នកដទៃ (អ្នកខ្លះខ្ជិលចាក់វ៉ាក់កូវីដ១៩។ ពួកគេទិញប័ណ្ណដើម្បីបន្លំថាខ្លួនបានចាក់ហើយ)។ រដ្ឋអាជ្ញាអាល្លឺម៉ង់ក៏បើកការស៊ើបអង្កេតករណីនេះក្រែងលោមានករណីឆបោក។ ប៉ុន្តែស៊ើបចុះស៊ើបឡើងទៅហាក់ដូចជាគ្មានធាតុផ្សំនៃបទល្មើសទាល់តែសោះ។ រដ្ឋអាជ្ញាប្រមូលបានភស្តុតាងថាបុរសអាល្លឺម៉ង់ម្នាក់នេះបានចាក់វ៉ាក់សាំង១៣០ម្ជុលនៅក្នុងរយៈពេល៩ខែ។

ប៉ុន្តែបុរសនេះប្រាប់ថាតាមពិតគាត់ចាក់វ៉ាក់សាំងកូវីដ១៩ចំនួន៨ប្រភេទខុសៗគ្នាសរុប២១៧ម្ជុលនៅក្នុងរយៈពេល២៩ខែ។ អ្នកជំនាញខាងមេរោគម្នាក់ឈ្មោះគីឡាន សូបឺ (Kilian Schober) ប្រាប់ថាបុរសអាល្លឺម៉ង់រូបនេះនៅពេលគេព្យាយាមទាក់ទងគាត់ គាត់ហាក់ដូចជាមានចិត្តចង់ចាក់វ៉ាក់សាំងយ៉ាងខ្លាំងដើម្បីចង់ដឹងពីផលវិបាកនៃការចាក់វ៉ាក់សាំងកូវីដច្រើនម្ជុល។

បើចាក់វ៉ាក់សាំងច្រើនម្លឹងៗ តើគាត់អាចត្រូវគេចារទុកនៅក្នុងក្រាំងប្រវត្តិសាស្ត្រដែរឬទេ?
ករណីចាក់វ៉ាក់សាំងច្រើនដល់កម្រិតនេះក៏ល្អម៉្យាងដែរ ងាយស្រួលឱ្យអ្នកវិទ្យាសាស្ត្រ និងអ្នកសិក្សាស្រាវជ្រាវអាចតាមដានផលវិបាកផ្សេងៗ។ អ្នកវិទ្យាសាស្ត្រខ្លះធ្លាប់គិតថាបើមនុស្សចាក់វ៉ាក់សាំងច្រើនដល់ថ្នាក់នេះធ្វើឱ្យប្រព័ន្ធភាពស៊ំាលែងបំពេញមុខងារបានល្អ។ មូលហេតុដោយសារកោសិកាភាពស៊ំាលែងកម្ចាត់មេរោគសកម្មដូចមុន។

ប៉ុន្តែសម្រាប់ករណីបុរសជនជាតិអាល្លឺម៉ង់ម្នាក់នេះផ្សេងពីគេ។ បន្ទាប់ពីចាក់វ៉ាក់សាំងកាន់តែច្រើន កោសិកាភាពស៊ំារបស់គាត់កើនចំនួនកាន់តែច្រើន។ អង្គបដិប្រាណក៏ខ្លាំងជាងអ្នកចាក់វ៉ាក់សាំងកូវីដ១៩ត្រឹម៣ដូសទៅទៀត។ មិនតែប៉ុណ្ណោះ កម្លាំងកំហែងរបស់គាត់គ្មានថយចុះទេ។ គាត់នៅតែមានកម្លាំងមាំមួនដូចក្របីឡើងក។

អ្នកវិទ្យាសាស្ត្រសូមផ្ដាំទៅអ្នកដទៃទៀត កុំឃើញគាត់ចាក់វ៉ាក់សាំងជាង២០០ម្ជុល ឯងយកតម្រាប់តាមដើម្បីដេញជើងគាត់ ឬចង់បំបែកកំណត់ត្រាពិភពលោក ប្រយ័ត្នស្លាប់គ្មានអំបិលប្រឡាក់ ព្រោះមនុស្សយើងមានសរីរៈរាងកាយខុសៗគ្នា។ នៅក្នុងលោកនេះមានមនុស្សដែលមានលក្ខណៈពិសេសយូរៗទើបជួបម្ដង។ អ្នកខ្លះមានប្រព័ន្ធការពារខ្លួនពិសេសអាចទប់ស្កាត់មិនឱ្យឆ្លងជំងឺអ្វីមួយ។ ឧទាហរណ៍ អ្នកខ្លះអត់ឆ្លងជំងឺអេដស៍។ សត្វក៏ដូចគ្នាដែរ។ មូលហេតុដែលសត្វស្ការហ៊ានប្រយុទ្ធមួយស្មើជាមួយពស់វែក ព្រោះវាមានប្រព័ន្ធភាពស៊ំានឹងពិសពស់។ ពស់ចឹកមិនស្លាប់។

នៅក្នុងករណីបុរសជនជាតិអាល្លឺម៉ង់ដែលគេមិនបញ្ចេញអត្តសញ្ញាណម្នាក់នេះ គេមិនទាន់រកឃើញថាអ្នកដទៃទៀតណាម្នាក់បានទទួលវ៉ាក់សាំងច្រើនជាងគាត់ទេ។ អ្នកជំនាញខាងមេរោគនៅសាកលវិទ្យាល័យតូក្យូប្រាប់ថាគាត់ពិតជាអ្នកចាក់វ៉ាក់សាំងច្រើនជាងគេបំផុតសម្រាប់ពេលបច្ចុប្បន្ន។ ប៉ុន្តែមិនទាន់មានស្ថាប័នណាផ្ដល់វិញ្ញាបនប័ត្រទទួលស្គាល់ជាផ្លូវការនៅឡើយទេ៕
ប្រភព៖ Vietnam Express
https://e.vnexpress.net/news/news/man-reports-no-side-effects-after-receiving-217-covid-vaccine-shots-4719532.html
ចែករំលែកព័តមាននេះ