ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​អើយ​មនុស្ស​! រក​ឃើញ​សត្វព្រៃ​ជិត​១០០​ក្បាល​លាក់​ក្នុង​វ៉ាលិស​បិទ​ជិតឈឹង

1 ខែ មុន

បាងកក ៖ សត្វព្រៃ​កម្រ​ជា​ច្រើន​ក្បាល​ត្រូវ​បាន​មន្ត្រី​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ​ថតកាំរស្មីអ៊ិច​ឆែកឆេរ​ឃើញ​លាក់​ទុក​ក្នុង​វ៉ាលិស​ចំនួន​០៨​ផ្សេង​គ្នា​របស់​បុរស​ឥណ្ឌា​មួយ​ក្រុម​ដែល​ប៉ុនប៉ង​រត់ពន្ធ​ទៅ​កាន់​ទីក្រុងបុ​ម​បៃ ។ បុរស​អ្នក​ទេសចរណ៍​ជនជាតិ​ឥណ្ឌា​ចំនួន​៦​នាក់ ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ចំនួន​៨៧​ក្បាល ក្នុង​នោះ មាន​ទាំង​ខ្លា ពស់វែក…

បាងកក ៖ សត្វព្រៃ​កម្រ​ជា​ច្រើន​ក្បាល​ត្រូវ​បាន​មន្ត្រី​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ​ថតកាំរស្មីអ៊ិច​ឆែកឆេរ​ឃើញ​លាក់​ទុក​ក្នុង​វ៉ាលិស​ចំនួន​០៨​ផ្សេង​គ្នា​របស់​បុរស​ឥណ្ឌា​មួយ​ក្រុម​ដែល​ប៉ុនប៉ង​រត់ពន្ធ​ទៅ​កាន់​ទីក្រុងបុ​ម​បៃ ។

បុរស​អ្នក​ទេសចរណ៍​ជនជាតិ​ឥណ្ឌា​ចំនួន​៦​នាក់ ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ចំនួន​៨៧​ក្បាល ក្នុង​នោះ មាន​ទាំង​ខ្លា ពស់វែក និង​ខ្លាឃ្មុំ​ក្រហម ដែល​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ។

សារព័ត៌មាន Bangkok Post បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​០៦ ខែមីនា ថា ការ​រក​ឃើញ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​បាន​កត់សម្គាល់​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​កាំរស្មីអ៊ិច​ទៅ​លើ​វ៉ា​លី​មួយ​ចំនួន​របស់​លើ​ជើងហោះហើរ​អន្តរជាតិ Thai Airways ទៅ​កាន់​ទីក្រុង​បុ​ម​បៃ ។

លោក Athapol Charoenshunsa អគ្គនាយក​នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ សត្វព្រៃ និង​រុក្ខជាតិ (DNP) បាន​និយាយ​ថា មន្ត្រី​នៃ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សត្វព្រៃ​ប្រចាំ​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ​បាន​រាយការណ៍​ថា វ៉ាលិស​ចំនួន​៨ ដែល​ជា​កម្មសិទ្ធិ​របស់​អ្នកដំណើរ​ជនជាតិ​ឥណ្ឌា​៦​នាក់ ត្រូវ​បាន​ឆែកឆេរ​រក​ឃើញ​សត្វព្រៃ​ជា​ច្រើន​ប្រភេទ រួម​ទាំង​សត្វ​ល្មូ​ន និង​ថនិកសត្វ ។

អគ្គនាយក​DNP បាន​និយាយ​ថា សត្វ​ទាំងនោះ​នឹង​ត្រូវ​ផ្ទេរ​ទៅ​កាន់​នាយកដ្ឋាន​ដើម្បី​សង្គ្រោះ​មុន​ពេល​ព្រ​លែង​ចូល​ព្រៃ​ធម្មជាតិ​វិញ ។ នាយកដ្ឋាន​គយ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​យើង​បាន​រក​ឃើញ សត្វ​ជា​ច្រើន​ប្រភេទ រួម​ទាំង​ត្រកួត​២៩​ក្បាល សត្វ​ពស់​២១​ក្បាល សត្វ​ស្លាប​ចំនួន​១៥​ក្បាល​ដែល​រួម​ទាំង​សត្វ​សេក​ផង​ដែរ ។ សត្វព្រៃ​ចម្រុះ​ទាំងនេះ ស្ថិត​នៅ​ក្នុង​បញ្ជី​ការពារ​នៃ​អនុសញ្ញា​ស្តី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៃ​សត្វព្រៃ​និង​រុក្ខជាតិ ហៅ​កាត់​ថា Cites ។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន AFP ដែល​បាន​ដង​ស្រង់​សម្តី​ប៉ូ​លី​ស​ថៃ​បាន​អះអាង​ថា ករណី​ថ្មី​បំផុត​ចុង​ក្រោយ​នេះ ជនសង្ស័យ​ជា​ជនជាតិ​ឥណ្ឌា​ទាំង​៦​នាក់​អាច​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជា​អតិបរមា​១០​ឆ្នាំ និង​ត្រូវ​បង្ខំ​ឱ្យ​បង់ពន្ធ​នាំ​ចូល​ក្នុង​ចំនួន​ទ្វេគុណ​នឹង​បួន​ដង ។ ក្រៅពី​រង​ការ​ចោទប្រកាន់​ពី​បទ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ជនសង្ស័យ​ទាំងនេះ​ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំពាន​ច្បាប់​គយ​ផង​របស់​ប្រទេស​ថៃ​ផង​ដែរ ។

សារព័ត៌មាន​CNA របស់​សិង្ហ​បុរី​ក៏​បាន​ចេញផ្សាយ​ស្តី​ពី​ករណី​ជួញដូរ​សត្វព្រៃ​ពីរ​ប្រទេស​ថៃ​ទៅ​ឥណ្ឌា​នេះ​ផង​ដែរ ដោយ​បញ្ជាក់​ថា ប្រទេស​ថៃ​គឺជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ដ៏​សំខាន់​សម្រាប់​អ្នក​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដែល​ជា​រឿយ​ៗ សត្វព្រៃ​កម្រ​ៗ​តែង​ត្រូវ​បាន​រត់ពន្ធ​យក​ទៅ​លក់​សត្វ​នៅ​ក្នុង​ប្រទេស​ចិន និងវៀតណាម ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​បែរមុខ​ព្រួញ​ទៅ​កាន់​ឥណ្ឌា​មួយទៀត​។

កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៤ បុរស​អ្នក​ទេសចរណ៍​ជនជាតិ​ម៉ុង​ហ្គោ​លី​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​ដូច​គ្នា​ពី​បទ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដោយ​រក​ឃើញ ត្រកួត​យក្ស​Komodo ពស់ថ្លាន់ និង​ត្រី​រស់​ពីរ​ដប​ចេញពី​ប្រទេស​ថៃ​។

ហើយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៣ បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​សេ​អ៊ូ​ល បាន​រត់ពន្ធ​សត្វព្រៃ​ជិត​៦០ និង​បុរស​ជនជាតិ​អ៊ី​ស្រា​អែ​ល ម្នាក់​ទៀត​ក៏​បាន​ជួញដូរ​សត្វ​កម្រ​សរុប​៨០​ក្បាល ត្រូវ​បាន​ប៉ូ​លី​ស​ឃាត់ខ្លួន​ផង​ដែរ ។ ហើយ​សត្វ​ទាំងអស់​ដែល​ត្រូវ​ជួញដូរ ត្រូវ​បាន​គេ​ខ្ចប់​ចូល​ទៅ​ក្នុង​វ៉ា​លី​បិត​ជិត​ដើម្បី​បំភាន់​ភ្នែក​មន្ត្រី​ត្រួតពិនិត្យ​នៅ​អាកាសយានដ្ឋាន ។

យ៉ាងណា​ក៏​ដោយ ដោយសារ​តែ​សកម្មភាព​លួចលាក់​ជួញដូរ​សត្វព្រៃ​តាម​យន្តហោះ​កើត​មាន​បែប​នេះ ទើប​កន្លង​មក សត្វ​មួយ​ចំនួន ជា​ពិសេស​គឺ​សត្វ​ពស់​តែ​ម្តង តែងតែ​ត្រូវ​បានឃើញ​ប្រទះ​ឃើញ​ជា​ញឹក​ញ៉ាប់​នៅ​ក្នុង​កាប៊ី​ន​យន្តហោះ​ដែល​ធ្វើ​ឱ្យ​អ្នកដំណើរ​ភ្ញាក់ផ្អើល ហើយ​ករណី​ខ្លះ​បាន​បង្ខំ​ឱ្យ​យន្តហោះ​ធ្វើការ​ចុះ​ចត​ជា​បន្ទាន់​ថែម​ទៀត​ផង ៕ ដោយ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ