ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ប្រេង​ឡើងថ្លៃ ! អ្នកជំនាញ​ស្នើ​រដ្ឋ​គួរ​កាត់​បន្ថយ ឬ​លើកលែង​ពន្ធ​នាំ​ចូល​យានយន្ត​អគ្គិសនី

2 ម៉ោង មុន
  • ភ្នំពេញ

វិបត្តិ​ប្រេង​សកល​ដែល​បណ្តាល​មក​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា បាន​ជំរុញ​ឱ្យ​តម្លៃ​ប្រេងឥន្ធនៈ​បាន និង​កំពុង​ឡើងថ្លៃ ជា​បន្តបន្ទាប់ និង​បង្ក​ជា​ការ​ភ័យ​ខ្លាច​ដល់​ប្រជាជន ។ ជាក់ស្តែង​សាំង​ធម្មតា​បន្ត​ហក់​ឡើង​ដល់​៥២០០​រៀល ខណៈ​ម៉ា​ស៊ូ​តថ្លៃ​៦០៥០​រៀល ក្នុង​១​លី​ត្រ នៅ​ស្រុក​ខ្មែរ​យើង…

វិបត្តិ​ប្រេង​សកល​ដែល​បណ្តាល​មក​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា បាន​ជំរុញ​ឱ្យ​តម្លៃ​ប្រេងឥន្ធនៈ​បាន និង​កំពុង​ឡើងថ្លៃ ជា​បន្តបន្ទាប់ និង​បង្ក​ជា​ការ​ភ័យ​ខ្លាច​ដល់​ប្រជាជន ។

ជាក់ស្តែង​សាំង​ធម្មតា​បន្ត​ហក់​ឡើង​ដល់​៥២០០​រៀល ខណៈ​ម៉ា​ស៊ូ​តថ្លៃ​៦០៥០​រៀល ក្នុង​១​លី​ត្រ នៅ​ស្រុក​ខ្មែរ​យើង ដែល​តម្លៃ​ថ្មី​ដែល​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ទាំងអស់ ត្រូវ​អនុវត្ត​តាម​សេចក្តីណែនាំ​របស់​រាជ​ភិ​បាល ពី​ថ្ងៃ​ទី​១១-១៣ ខែមីនា ។

នៅ​តាម​ប្រទេស​មួយ​ចំនួន រួម​ទាំង​ប្រទេស​កម្ពុជា​ផង​នោះ​ឃើញ​មាន​មនុស្ស​ខ្លះ​បាន​សម្រុក​ទៅ​ទិញ​ប្រេង​ស្តុក​ទុក​ដែល​បង្ក​ឱ្យ​មានការ​ស្ទះ​ផ្គត់ផ្គង់ និង​គ្រោះថ្នាក់​សន្តិសុខ​អគ្គិភ័យ ។ រដ្ឋាភិបាល​នានា​កំពុង​ចាត់វិធានការ​សន្សំ​សំចៃ និង​គ្រប់គ្រង​ស្តុក​បម្រុង​ផង​ដែរ ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​អំពាវនាវ​ឱ្យ​មាន​វិធាន​អនុវត្ត​ជាក់លាក់​ក្នុង​ស្ថានភាព​កង្វះ​ប្រេងឥន្ធនៈ ខណៈ​ប្រេងឥន្ធនៈ​បន្ត​ឡើងថ្លៃ​ឥត​ឈប់​ឈរ ។

នៅ​ថ្ងៃ​ទី​១១ ខែមីនា​នេះ លោក បណ្ឌិត យង់​ពៅ អគ្គលេខាធិការ​រាជ្យ​បណ្ឌិតសភា​កម្ពុជា បាន​បង្ហោះ​សារ​មួយ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក ដោយ​លើក​ឡើង​ថា ៖« សង្គ្រាម​នៅ​មជ្ឈិមបូព៌ា នាំ​ទៅ​ដល់​វិបត្តិ​សកល​ច្រើន​យ៉ាង​លើ​វិបត្តិ​រ៉ាំរ៉ៃ​ស្រាប់​ដូច​ជា ៖ ការ​ប្រែប្រួល​សណ្ដាប់ធ្នាប់​សកល និង​វិបត្តិ​សេដ្ឋកិច្ច​សកល​អាច​ធ្លាក់​ដុនដាប​ដួល​ដល់​ដី ។

រីឯ​កម្ពុជា​យើង​ក៏​មិន​អាច​គេច​ផុត​ពី​វិបត្តិ​សកល​នេះ​ដែរ​បន្ថែម​លើ​វិបត្តិ​កើ​ក​ចេញពី​ថៃ​ឈ្លានពាន ។ អ្វី​ដែល​យើង​ប្រឈម​ខ្លាំង​បន្ថែម​នេះ គឺ​បរិមាណ​ស្តុក​ប្រេងឥន្ធនៈ​ដែល​ជា​ប្រភព​ថាមពល​សេដ្ឋកិច្ច​សង្គម និង​ជា​គន្លឹះ​ស្ថិរភាព​ជាតិ​» ។

ការណ៍​នេះ​លោក​ទទូច​ឱ្យ​រដ្ឋ និង​ពលរដ្ឋ​ចូលរួម​អនុវត្ត​នូវ​វិធាន​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​កង្វះ​ប្រេង​ក្នុង​យន្តការ​ខ្សែ​ច្រវាក់​ផលិតកម្ម ៖ ដោយ​ប្រើប្រាស់​ដោយ​សន្សំ​សំចៃ​បំផុត ។

បន្ថែម​ពី​នេះ​លោក​ក៏​ស្នើ​ឱ្យ​បញ្ឈប់​ការ​ឆ្លៀត​កេង​ចំណេញ​លើ​វិបត្តិ​ដ៏​ធំ​នេះ​ពី​សំណាក់​ឈ្មួញ ហើយ​សមត្ថកិច្ច​ត្រូវ​ត្រួតពិនិត្យ​ច្បាស់លាស់ ដើម្បី​បង្ការ​បញ្ហា​ទាំងនេះ ។ ជា​យោបល់​របស់​លោក​ដំណោះស្រាយ​មួយ ក្នុង​ចំណោម​ដំណោះស្រាយ​សំខាន់​ៗ​ក្នុង​ការ​កាត់​បន្ថយ ឬ​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​ក្នុង​គ្រានេះ គឺ​ពលរដ្ឋ​គួរ​ជ្រើសរើស​ការ​ធ្វើ​ដំណើរ​រួម​គ្នា និង​ធ្វើ​តារាង​ចែកវេន​បំពេញការងារ​នៅផ្ទះ ។

រីឯ​រដ្ឋ​គួរ បន្ថែម​រថយន្តក្រុង​រថយន្ត ក្នុង​ទីប្រជុំជន និង​បន្ថែម​គោលដៅ​រត់ ។ លើស​ពី​នេះ លោក​បណ្ឌិត យង់ ពៅ ក៏​បាន​ស្នើ​ដល់​រដ្ឋ​ថា «​គួរ​កាត់​បន្ថយ ឬ​លើកលែង​ពន្ធ​នាំ​ចូល​យានយន្ត​អគ្គិសនី​ជាដើម​» ។

លោក​សង្កត់ធ្ងន់​ថា សម្រាប់​ប្រេងឥន្ធនៈ​បម្រុង​សម្រាប់​ប្រតិបត្តិការ​យោធា​ដាច់ខាត​ត្រូវ​ធានា​សុវត្ថិភាព ឱ្យ​ខាង​តែ​បាន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​កម្ពុជា​ដោយ​តម្លៃ​ដែល​ត្រូវ​ដាក់​លក់រាយ​ក្នុង ១​លី​ត្រ​ប្រេងសាំង​ធម្មតា​៥២០០​រៀល និង​ប្រេងម៉ាស៊ូត​៦០៥០​រៀល​សម្រាប់​រយៈពេល​៣​ថ្ងៃ ពោល គឺ​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​១៣ មីនា ៕ ដោយ​ ៖ អ៊ួក ចាន់ធីតា