ខេត្តព្រះវិហារ ៖ ទំនិញនាំចូលលពីប្រទេសថៃតាមច្រកអានសេះ មេគយសារភាពថា រាប់ក្បាលឡានយកតែលុយថ្លៃបាយប៉ុណ្ណោះ ។ ទំនិញជាច្រើនប្រភេទនាំចូលពីប្រទេសថៃមកកម្ពុជា តាមច្រកអានសេះដោយមិនឃើញមានបិទក្រដាស់បង់ពន្ធទេ សង្ស័យគេចពន្ធហើយមេគយ និងបក្សពួកប្រមូលយកប្រាក់ផ្ទាល់ៗ បើកដៃឲ្យក្រុមឈ្មួញនាំចូលដោយសេរីមិនញញើត ។

សេចក្តីរាយការណ៍ពីច្រកទ្វារអន្តរជាតិអានសេះបានឲ្យដឹងថា មានក្រុមឈ្មួញធំៗបានសម្រុកនាំទំនិញគ្រប់ប្រភេទពីប្រទេសថៃចូលមកកម្ពុជា ដោយមិនមានបង់ពន្ធយ៉ាងពេញបន្ទុកយ៉ាងរលូននៃទឹកដីខេត្តព្រះវិហារយ៉ាងគំហុកតែម្តង ដោយគ្មានអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធណាមួយធ្វើការបង្ក្រាប ឬទប់ស្កាត់ឡើយប្រមូលយកប្រាក់គឺចប់ ។

តាមសេចក្តីរាយការណ៍ដដែលមកថា ការនាំទំនិញចូលដោយមិនមានបង់ពន្ធមកពីប្រទេសថៃតាមច្រកអានសេះឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះ គឺមានការបើកដៃនិងឃុបឃិតគ្នាពីសំណាក់លោកម៉ក់ ស៊ីសាវុធ ប្រធានសាខាគយ និងរដ្ឋករខេត្តព្រះវិហារ និងការិយាល័យគយ និងរដ្ឋករច្រកទ្វារអានសេះ ទើបក្រុមឈ្មួញ និងអាជីវករដំណើរការដឹកញ្ជូនចុះពីលើភ្នំច្រកអានសេះទៅចែកចាយ និងស្តុបទុកតាមឃ្លាំង និងចែកចាយទៅខេត្តផ្សេងៗទៀតបាន បើមិនដូច្នោះទេ កុំសង្ឃឹមថា នាំទំនិញគេចពន្ធចូលមក និងចែកចាយបាននោះ ។

ប្រភពពីអាជីវកររកស៊ីដឹកទំនិញពីប្រទេសថៃបាននាំគ្នារិះគន់ និងបង្ហើបនិយាយចំៗថា ជាទង្វើរបស់លោកម៉ក់ ស៊ីសាវុធ ប្រធានសាខាគយ និងរដ្ឋករខេត្តព្រះវិហារ និងការិយាល័យគយ និងរដ្ឋាករអានសេះពេលមានទំនិញនាំចូលពីប្រទេថៃឲ្យកូនចៅរបស់ខ្លួនជាអ្នកបើកបររថយន្តម្នាក់ឈ្មោះម៉ាន សេត អាយុ៥០ឆ្នាំ ដែលមិនមែនជាមន្ត្រីគយផងនោះ មកឈរចាំទាលុយពីឈ្មួញតាមអំពើចិត្តទៀតផង ។ ហើយអ្នកប្រចាំការនៅទីនោះថា មិនដែលឃើញលោកមេគយមកបង្ហាញខ្លួនទេ ឃើញតែកូនចៅចាំទារលុយក្បាលរថយន្តដែលដាក់ទំនិញពេញៗនោះ ។

ការលួចបើកឲ្យទំនិញគេចពន្ធនាំចូលមានដូចជាចំណីអាហារជាច្រើនប្រភេទមានបន្លែផ្លែឈើទឹកក្រូចទឹកដោះគោ និងទឹកសុទ្ធជាដើម។ល។ ជាពិសេស គឺមាន់ដឹកទាំងរថយន្តតែម្តងក្រុមឈ្មួញ នាំចូលបានយ៉ាងរលូនដោយគ្មានការឆែកឆេរ និងរឹត បន្តឹងពីមន្ត្រីគយទល់ដែនដោយសារគេបង់សេវាឲ្យដោយមិនចេញវិក័យបត្រប្រមូលលុយដាក់ហោប៉ៅចែកគ្នាយ៉ាងងាយជិតតែប្រយោជន៍ផ្ទាល់ខ្លួន ។ បើតាមការអះអាងពីមន្ត្រីពាក់ព័ន្ធមួយចំនួនដែលបម្រើការងារតាមច្រកព្រំដែនបានលួចបង្ហើបឲ្យដឹងថា ទំនិញគេចពន្ធទាំងនោះពីប្រទេសថៃ មានដូចជា ស្រាបៀរជាច្រើនប្រភេទ, ភេសជ្ជៈកំប៉ុង ឬដប និង ទំនិញចាប់ហួយ និងគ្រឿងសម្អាងការជាដើម ។

ប្រភពបង្ហើបថា រថយន្តត្រូវបង់លុយចាប់ពី១០ ទៅ២០ម៉ឺនរៀល ។ យ៉ាងណាក៏ដោយ ក្រុមឈ្មួញនិង អាជីវករតូចតាចដែលមិនអាចទ្រាំនឹងទង្វើគាបសង្កត់ជម្រិតទារលុយពីមន្ត្រី និងភ្នាក់ងារគយក្រោមការគ្រប់គ្ររបស់លោកម៉ក ស៊ីសាវុធ បានធ្វើការអំពាវនាវប្រាប់កោះសន្តិភាពដោយត្រង់ៗឈប់លាក់លៀមហើយ ។

លោកម៉ក់ ស៊ីសាវុធ បានឲ្យដឹងនៅរសៀលថ្ងៃ០២ កុម្ភៈ ឆ្នាំ២០២៤ នោះថា តាមពិតច្រកអានសេះនោះទាំងខេត្តនិងថ្នាក់លើ គេក៏ដឹងដែរថា មានមាន់លុះត្រាមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម ទើបលោកអាចប្រមូលពន្ធបាន តែនេះអត់មានអីទេ ហើយគាត់ថា ពិបាកណាស់ បើធ្វើទៅប៉ះជាមួយខាងខេត្ត ។ ប៉ុន្តែលោកថា បើជារូបភាពធំដុំលោកតម្រូវឲ្យបង់ពន្ធហើយលោកថា គ្មានកម្លាំងគ្រប់គ្រាន់ចាប់ចងទំនិញនោះទេ សុំកុំឲ្យមានរូបភាពធំដុំ ។

គាត់បន្តថា រឿងលុយកាក់មិនបង់ឲ្យគាត់ក៏បានដែរ តែមើលប្រធានច្រកគេយកពីអ្នកនាំទំនិញច្រើនជាងខ្ញុំផង ចំណែកខ្ញុំសុំថ្លៃបាយទៅ ព្រោះខ្ញុំរាល់ថ្ងៃត្រូវហូបបាយដែរ ។ ហើយលោកនិយាយបែបខឹងអ្នករាយការណ៍ថា បើបិទច្រកទាំងស្រុងតែម្តងក៏បានដែរ ។
ព័ត៌មានបន្ថែម កោះសន្តិភាពមានផ្សាយជូនបន្តទៀត ។



ចែករំលែកព័តមាននេះ