ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ឆ្នាំ​មក​ហើយ​! រុ​ស្ស៊ី​មិន​ទាន់​រក​ឃើញ​អ្នក​ជំនួស​តំណែង​ដ៏​អស្ចារ្យ​របស់ Sharapova

9 ខែ មុន

ប្រទេស​រុ​ស្ស៊ី ៖ កីឡា​វាយ​កូន​បាល់ ឬ កីឡា​វាយ​តេ​នី្ន​ស (Tennis) គឺ​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​អឺរ៉ុប​

ប្រទេស​រុ​ស្ស៊ី ៖ កីឡា​វាយ​កូន​បាល់ ឬ កីឡា​វាយ​តេ​នី្ន​ស (Tennis) គឺ​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​អឺរ៉ុប​ខាងកើត ហើយ​ក្នុង​តំបន់​នេះ​មាន​អត្ត​ព​លិ​ក​ល្អ​បំផុត​មួយ​ចំនួន​ក្នុង​ប្រវត្តិសាស្ត្រ​។

ដោយឡែក នៅ​ប្រទេស​រុ​ស្ស៊ី បើ​យើង​និយាយ​អំពី​កីឡា​វាយ​តេ​នី្ន​ស ច្បាស់​ណាស់ យើង​នឹង​នឹកឃើញ​ដល់​កីឡាការិនី Maria Sharapova មុនគេ ដែល​ត្រូវ​បាន​ទុកជា​កីឡាការិនី​ល្អ​បំផុត​គ្រប់ពេល​របស់​ប្រទេស​រុ​ស្ស៊ី ហើយ​រយៈពេល​៤​ឆ្នាំ ចាប់តាំងពី​កីឡាការិនី​វ័យ​៣៦​ឆ្នាំ​រូប​នេះ ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​ជា​ផ្លូវការ កាលពី​ឆ្នាំ ២០២០ កន្លង​ទៅ ក៏​នៅ​ពុំ​ទាន់​មាន​អត្ត​ព​លិ​ក​រុ​ស្ស៊ី​ណា​ម្នាក់ អាច​ជំនួស​តំណែង Sharapova បាន​នៅឡើយ​ទេ​។

អត្ត​ព​លិ​ក​កីឡា​វាយ​តេ​នី្ន​ស​រុ​ស្ស៊ី​ល្បី​ៗ​លំដាប់​ពិភពលោក​មួយ​ចំនួន​រួម​មាន អតីត​កីឡាការិនី​ចំណាត់ថ្នាក់​លេខ ១ ពិភពលោក Maria Sharapova និង​ម្ចាស់​ជើងឯក​វាយ​ជា​គូ​កីឡាការិនី Anna Kournikova ។ ចំណែក​ផ្នែក​បុរស​វិញ កីឡាករ​ឆ្នើម Daniil Medvedev ក៏​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ១ ពិភពលោក​ផង​ដែរ​។

ទោះយ៉ាងណាក៏ដោយ យោងតាមប្រភពពីសារព័ត៌មាន Sports Brief បានធ្វើបញ្ជីចំណាត់ថ្នាក់អត្តពលិកកីឡាវាយតេនី្នសល្អបំផុតគ្រប់ពេលទាំង ១០ របស់ប្រទេសរុស្ស៊ី ដែលមានដូចខាងក្រោម ៖

១០-កីឡាករ Andrey Rublev អាយុ២៦ឆ្នាំ បានបង្កើតភាពល្បីសម្រាប់ខ្លួនឯង ដោយការឈ្នះពានរង្វាន់ French Open ឆ្នាំ ២០១៤ កម្រិតដំបូង (Junior) ជាមួយនឹងការឈ្នះមេដាយមាសអូឡាំពិក និង Davis Cup សម្រាប់រុស្ស៊ី។ ចំណាត់ថ្នាក់ល្អបំផុតរបស់ Rublev គឺលេខ ៥ ពិភពលោក។

៩-កីឡាការិនី Daria Kasatkina អាយុ២៦ឆ្នាំ បានគ្រប់គ្រងការប្រកួតកម្រិតដំបូង Junior Circuit ដោយឈ្នះជើងឯក French Open ក្នុងឆ្នាំ 2014 ចំណែកកម្រិតជាន់ខ្ពស់ (Senior) បានឈ្នះពានរង្វាន់ WTA ចំនួន២ដង ហើយបានជាប់ចំណាត់ថ្នាក់ជាទៀងទាត់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ របស់ពិភពលោកផងដែរ។

៨-កីឡាការិនី Elena Vesnina អាយុ៣៧ឆ្នាំ គឺជាកីឡាការិនីដ៏ល្បីម្នាក់របស់រុស្ស៊ី។ នាងបានឈ្នះពានរង្វាន់ Grand Slams ចំនួន៤ដងក្នុងអាជីព និងធ្លាប់ជាប់ចំណាត់ថ្នាក់លេខ ១ ពិភពលោក នៅក្នុងការប្រកួតដៃគូ។ នាងក៏ឈ្នះមេដាយមាសកីឡាអូឡាំពិកឆ្នាំ ២០១៦ នៅប្រទេសប្រេស៊ីល។

៧-កីឡាករ Nikolay Davydenko អាយុ​៤២​ឆ្នាំ គឺជា​កីឡាករ​ឯកត្តជន​កំពូល​ម្នាក់​របស់​ពិភពលោក នៅ​ដើម​ទស​វត្ស​ឆ្នាំ ២០០០ ហើយ​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​លេខ ៣ ពិភពលោក នៅ​ក្នុង​ឆ្នាំ ២០០៦ ខណៈ​ដែល​គាត់​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ ២០១៤​។

៦-កីឡាការិនី Svetlana Kuznetsova អាយុ​៣៨​ឆ្នាំ បាន​ឈ្នះ​ពានរង្វាន់ Grand Slam ចំនួន​២​គឺ US Open ឆ្នាំ ២០០៤ និង French Open ឆ្នាំ ២០០៩ និង​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​លេខ ២ ពិភពលោក រយៈពេល ២៤​ស​ប្តា​ហ៍ នៅ​ចន្លោះ​ឆ្នាំ ២០០៧-០៨​។

៥-កីឡាករ Yevgeni Kafelnikov អាយុ​៥០ បាន​ក្លាយជា​បុរស​ជនជាតិ​រុ​ស្ស៊ី​ដំបូង​គេ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ១ ពិភពលោក នៅ​ក្នុង​ឆ្នាំ ១៩៩៩​។ គាត់​បាន​ចូល​និវត្តន៍​ក្នុង​ឆ្នាំ ២០១០ ហើយ​នៅ​ឆ្នាំ ២០១៩ គាត់​ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​អត្ត​ព​លិ​ក​វាយ​តេ​ន្នី​សមាន​កិត្តិនាម​ល្បី​រន្ទឺ ឬ Hall of Fame របស់​អន្តរជាតិ​។

៤-កីឡាការិនី Anna Kournikova អាយុ​៤២​ឆ្នាំ គឺជា​កីឡាការិនី​វាយ​តេ​ន្នី​ស​ដ៏​ល្បី​មួយ​រូប​របស់​រុ​ស្ស៊ី​គ្រប់ពេល​។ ស្ថិត​ក្នុង​វ័យ​ជំទង់ Anna បាន​បង្កើត​ភាព​ល្បីល្បាញ ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ ៨ ពិភពលោក នៅ​ក្នុង​ឆ្នាំ ២០០០​។ ការ​បង្កើត​ភាព​ល្បីល្បាញ និងទាក់ទាញរបស់ Anna គឺការប្រកួតដៃគូជាមួយនឹងកីឡាការិនី Martina Hingis ដែលមានរហស្សនាមថា «The Spice Girls of Tennis» ខណៈដែល Anna បានប្រកាសចូលនិវត្តន៍នៅក្នុងឆ្នាំ ២០០៣។

៣-កីឡាករ Marat Safin អាយុ៤៤ឆ្នាំ គឺជាកីឡាកររុស្សីដ៏លេចធ្លោម្នាក់លើឆាកអន្តរជាតិ ដោយបានជាប់ចំណាត់ថ្នាក់លេខ ១ ជាច្រើនដងនៅចន្លោះឆ្នាំ ២០០០-០១។ គាត់បានចូលនិវត្តន៍នៅឆ្នាំ ២០០៩ ហើយនៅឆ្នាំ ២០១៦ ត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីអត្តពលិកវាយតេន្នីសមានកិត្តិនាមល្បីរន្ទឺអន្តរជាតិក្នុងឆ្នាំ ២០១៦។ ក្រោយមកគាត់បានប្រឡូកក្នុងឆាកនយោបាយ និងជាសមាជិកសភារុស្ស៊ីពី ២០១១-១៧។

២-កីឡាករ Daniil Medvedev អាយុ២៨ឆ្នាំ ក្លាយជាកីឡាករកម្រិតជាន់ខ្ពស់នៅឆ្នាំ ២០១៤ និងបានឈ្នះពានរង្វាន់ Grand Slam ១ដងនៅព្រឹត្តិការណ៍ US Open ឆ្នាំ ២០២១។ កីឡាកររូបនេះបានជាប់ចំណាត់ថ្នាក់លេខ ១ ពិភពលោករយៈពេល១៦សប្តាហ៍។ Medvedev ត្រូវបានគេស្គាល់តាមរយៈចរិតឆេវឆាវលើទីលានប្រកួត។

១-កីឡាការិនី Maria Sharapova អាយុ៣៦ឆ្នាំ បានគ្រប់គ្រងតំណែងរាជិនីនៃកីឡាវាយតេន្នីសរបស់ប្រទេសរុស្ស៊ីអស់រយៈពេលជាង២ទសវត្ស។ Sharapova មានការប្រជែងគ្នាយ៉ាងខ្លាំងជាមួយនឹងកីឡាការិនីសហរដ្ឋអាម៉េរិក Serena Williams ខណៈដែលពួកគេបានប្រកួតប្រជែងដណ្ដើមពាន Grand Slam ច្រើនដង និងកក្រើកពិភពលោក។

Sharapova ឈ្នះ Grand Slam ៥ដងពីព្រឹត្តិការណ៍ Wimbledon, US Open, Australian Open និង French Open និងឈ្នះមេដាយប្រាក់អូឡាំពិកឆ្នាំ ២០១២ នៅចក្រភពអង់គ្លេស។ បន្ទាប់ពីប្រកាសចូលនិវត្តន៍នៅឆ្នាំ ២០២០ Sharapova បានចាប់ផ្តើមសិក្សាកម្មវិធីណែនាំសម្រាប់សហគ្រិន។ ទោះបីចូលនិវត្តន៍ក៏ពិតមែន ប៉ុន្តែ Sharapova នៅតែត្រូវបានចាត់ទុកជាកីឡាការិនីតេន្នីសល្អបំផុតគ្រប់ពេលរបស់ប្រទេសរុស្ស៊ី៕ (ប្រភព ៖ Sports Brief)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ