រាជធានីភ្នំពេញ ៖ ព្រោះតែជំនឿប្រាសចាកបញ្ញា បានធ្វើឱ្យមនុស្សមួយចំនួនជឿលើជំនឿបែបអរូបីយលើរឿងហេតុ និងលើបាតុភូតផ្សេងៗ ដែលប្រាសចាកពីទ្រឹស្តីព្រះពុទ្ធសាសនាស្រឡះ និងជាជំនឿគ្មានការពិត ដែលជំនឿទាំងនោះមិនត្រឹមតែមិនបានផលអ្វីនោះទេ តែថែមទាំងនាំឱ្យខូចប្រយោជន៍ ប៉ះពាល់ទាំងសុខភាពទៀតផង ។
ដូចដែលយើងបានដឹងហើយថា មនុស្សមួយចំនួនហាក់ដូចជា ផ្ញើវាសនា ផ្ញើសុខទុក្ខរបស់ខ្លួន ទៅនឹងខ្សែអំបោះ ឬខ្សែសីមាថា បើកាលណាបានពាក់ខ្សែអំបោះទាំងនោះនៅលើកដៃ កជើង ឬនៅនឹងក ខ្សែអំបោះទាំងនោះនឹងជួយពួកគេឱ្យបានសុខសប្បាយ មានលាភមានសំណាង ទៅណាមកណាមានគេស្រឡាញ់រាប់អាន និងចៀសផុតពីគ្រោះផ្សេងៗ។

នៅក្នុងហ្វេសប៊ុកផេករបស់ព្រអះង្គនោះ ព្រះតេជគុណ ព្រះធម្មវិជ្ជា ជួន កក្កដា ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះតេជគុណ បានចែករំលែកនូវសារដាស់តឿនដល់បង ប្អូនពុទ្ធបរិស័ទទាំងឡាយថា ៖ ចងអំបោះក្រហមដើម្បីអី? គេថា ដើម្បីឲ្យសុខសប្បាយ កុំឲ្យមានជំងឺដង្កាត់មកបៀតបៀន កុំឲ្យទុក្ខទោម្នាស់ អីកើតឡើង ។

ជាមួយគ្នានោះដែរ ព្រះតេជគុណ ព្រះធម្មវិជ្ជា ជួន កក្កដា ក៏បានមានសង្ឃដីកា ថា តែអាត្មាថា បើអំបោះហ្នឹងវាពូកែ ពេទ្យគេលក់លែងដាច់ហើយថ្នាំពេទ្យនោះ ។ ព្រោះកុំឲ្យមានជំងឺ ដង្កាត់មកបៀតបៀន អំបោះហ្នឹងវាខ្លាំងទៅហើយ ។ ព្រោះអំបោះនេះ ជួយទឹកនោម ផ្អែមអត់បានទេ ហើយអំបោះនេះ ជួយរលាកក្រពះអត់បានទេ មែនទេញោម?

បន្ថែមពីនេះទៀត ព្រះតេជគុណ ព្រះធម្មវិជ្ជា ជួន កក្កដា មានសង្ឃដីកាបន្តថា អ៊ីចឹងហើយ ព្រះពុទ្ធព្រះអង្គត្រាស់ថា បើស្រលាញ់ខ្លួនរក្សាខ្លួនហ្នឹងឲ្យល្អទៅ។ ប្រហុកត្រីស្អុយគង់មានគេស្លរ ធ្វើនំឥតមានស្ករ គង់មានរសជាតិ នៅក្រុងឬស្រែ គង់តែមានញាតិ រស់ខ្ពស់មារយាទ ញាតិពោលបង្អាប់ ។ កូនស្លូត ឬកាច គង់មានម្តាយស្តី ក្មេងតូចស្រដី គង់គេប្រាប់ ខ្ពស់ហួសលំដាប់គ្មានញាតិរាប់អាន ។ មែនៗញោម ?

សូមបញ្ជាក់ថា រឿងជឿលើជំនឿផ្សេងៗ វាជាសិទ្ធិសេរីភាពរបស់អ្នកជឿមែនហើយ តែការជឿត្រូវមានហេតុផល ហើយត្រូវប្រកបដោយបញ្ញាពិចារណាផង ព្រោះជំនឿខ្លះមិនមែនត្រឹមតែមិនផ្តល់ផលប្រយោជន៍ដល់អ្នកជឿនោះទេ តែថែមទាំងធ្វើឱ្យខូចប្រយោជន៍ ខាតពេលវេលា ខូចទាំងសុខភាព បាត់បង់ទាំងទ្រព្យសម្បត្តិទៀតផង ៕
ចែករំលែកព័តមាននេះ