ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី ៖ ត្រូវ​ចាត់វិធានការ​បង្ក្រាប​ឱ្យ​បាន​ហ្មត់ចត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ថែម​ទៀត សំដៅ​ថែរក្សា​សន្តិសុខ​សង្គម

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ណែនាំ​ឱ្យ​ត្រួតពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ឱ្យ​បាន​ហ្មត់ចត់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅ​តាម​មូលដ្ឋាន សំដៅ​ថែរក្សា​សន្តិសុខ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ណែនាំ​ឱ្យ​ត្រួតពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ឱ្យ​បាន​ហ្មត់ចត់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅ​តាម​មូលដ្ឋាន សំដៅ​ថែរក្សា​សន្តិសុខ និង​សុវត្ថិភាព រួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ ។

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី លទ្ធផល​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ទី​ស្តី ការ​ក្រសួង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ពុះពារ​ប្រកបដោយ​ឆន្ទៈ និង​ការ​ប្តេជ្ញា​ចិត្ត​មោះមុត រួបរួម​គ្នា​បំពេញបេសកកម្ម​បម្រើ​បុព្វហេតុ​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល ១​ឆ្នាំ​កន្លង​ទៅ​នេះ ។

ជាមួយនឹង​ការ​អបអរសាទរ​ចំពោះ​សមិទ្ធផល សម្រេច​បាន​ក្នុង​ឆ្នាំ​២០២៣ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ក៏​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​គន្លឹះ​មួយ​ចំនួន ជា​ពិសេស​បន្ត​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ឱ្យ​កាន់តែ​សកម្ម​ថែម​ទៀត ក្នុង​នោះ ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ឱ្យ​បាន​កាន់តែ​សកម្ម​ផុលផុស​នៅ​តាម​មូលដ្ឋាន និង​នៅ​តាម​ក្រសួង​-​ស្ថាប័ន​។​ត្រូវ​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ម៉ឺងម៉ាត់ សំដៅ​កាត់​បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​គ្រោះថ្នាក់ និង​ផល​ប៉ះពាល់​ដល់​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​បន្ទុក​របស់​សង្គម ដែល​បង្ក​ឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា ៖ “​ត្រូវ​បន្ត​គ្រប់គ្រង ត្រួតពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ឱ្យ​បាន​ហ្មត់ចត់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ នៅ​តាម​មូលដ្ឋាន សំដៅ​ថែរក្សា​សន្តិសុខ និង​សុវត្ថិភាព រួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ និង​ភាព​សុខដុមរមនា​របស់​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​”​។

សូម​បញ្ជាក់​ថា ក្រសួងមហាផ្ទៃ បាន​រៀបចំ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤ រយៈពេល ២​ថ្ងៃ ដែល​ពិធី​បើក​សន្និបាត​បាន​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៕

អត្ថបទសរសេរ ដោយ