ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ រឹត​បន្តឹង​ការ​ប្រើ​ស្លាក​លេខ​(​ន​.​ប​) និង​(​ខ​.​ម​) ខុស​ទិស​ដៅ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ដាស់តឿន​ដល់​មន្ត្រី​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ ជា​ពិសេស​កងកម្លាំង​នគរបាល…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ដាស់តឿន​ដល់​មន្ត្រី​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ ជា​ពិសេស​កងកម្លាំង​នគរបាល ដែល​ប្រើប្រាស់​រថយន្ត​ពាក់​ផ្លា​ក​លេខ (​ន​.​ប​) សូម​ប្រើប្រាស់​ឲ្យ​ចំ​ជំនាញ ពោល​គឺ​បម្រើ​សមត្ថកិច្ច និង​អង្គភាព​របស់​ខ្លួន​ឲ្យ​ចំ​ទិស​ដៅ ។

ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ​បន្ដ​របស់​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា បាន​ថ្លែង​ថា បើ​តាម​រយៈ​ការ​រាយការណ៍​ពី​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ យានយន្ត​ពាក់​ស្លាក​លេខ (​ន​.​ប​) មួយ​ចំនួន គឺ​បាន​ជិះ​ទៅ​ធ្វើការ​នៅ​កាស៊ីណូ (​ម៉ូតូ​) ខណៈ​ពី​មុន​មក ក៏​ធ្លាប់​ឃើញ​យានយន្ត​ពាក់​ស្លាក​លេខ (​ន​.​ប​) បាន​ឈប់​នៅ​មុខ​ខារ៉ាអូខេ (KTV)​។ អ៊ីចឹង​រថយន្ត​មិន​អាច​ឲ្យ​ខ្ចី​ទៅ​លើ​នរណា​ម្នាក់​ទេ បុគ្គល​ណា គឺ​បុគ្គល​នោះ​ហើយ សូម​ប្រើប្រាស់​ឱ្យ​ចំ​មុខ និង​ចំ​ជំនាញ ។

ជាមួយ​គ្នា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ដល់​លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ក៏​ដូច​ជា​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ទាំងអស់ មេត្តា​យកចិត្តទុកដាក់​ចំពោះ​អ្នក​ប្រើប្រាស់​ផ្លា​ក​លេខ (​ន​.​ប​) នេះ បើ​ចាំបាច់ អ្នក​ណា​ដែល​ប្រព្រឹត្ត​ខុសច្បាប់ ត្រូវ​តែ​ដក​ស្លាក​លេខ​មក​វិញ ហើយ​ឱ្យ​អ្នក​នោះ​ទៅ​បង់ពន្ធ​ដោយ​ខ្លួនឯង​។ ហើយ​បញ្ហា​នេះ ហាក់​មានការ​កើនឡើង​មួយ​ចំនួន​នៅ​តាម​បណ្ដា​ខេត្ត ដែល​បាន​ប្រើប្រាស់​ខុស​មធ្យោបាយ​។ ការ​ប្រើប្រាស់​ស្លាក​លេខ (​ន​.​ប​) នេះ មិន​គួរ​ឈឺក្បាល​ទៀត​ទេ មក​ដល់​ម៉ោង​នេះ ។

ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ស្លាក​លេខ ដូច​គ្នា​នេះ​ដែរ ក្រសួងការពារជាតិ ក៏​បាន​គូសបញ្ជាក់​ថា ស្លាក​លេខ​ខេមរភូមិន្ទ (​ខ​.​ម​) បាន​អនុញ្ញាត​ឲ្យ​តែ​នាយទាហាន ដែល​មាន​សិទ្ធ​ពេញលេញ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល ឬ​ជនបរទេស​ប្រើប្រាស់​បាន​ឡើយ ។

យោង​តាម​សេចក្តីជូនដំណឹង ស្តី​ពី​ការ​ប្រើប្រាស់​យានយន្ត​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ របស់​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា អាស្រ័យ​ដោយ​ស្ថានភាព នៃ​ការ​ប្រើប្រាស់​យានយន្ត ពាក់​ស្លាក​លេខ​ចរាចរ ខេមរភូមិន្ទ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ សង្កេត​ឃើញ​កើត​មាននូវ​បាតុភាព​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម សាធារណៈ ដូច​ជា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បុគ្គល​អ្នក​ប្រើប្រាស់​មួយ​ចំនួន​មាន​ភាព​ក្រអឺតក្រទម​មិន សក្តិ​សមជា​មន្ត្រី​យោធា ធ្វើ​ឱ្យ​មានការ​វាយតម្លៃ និង​ទទួល​ការ​រិះគន់​ពី​សាធារណជន ជា​ពិសេស​ប៉ះពាល់​ដល់​កិត្តិយស​នៃ​កង​យោធពលខេមរភូមិន្ទ​ទាំងមូល ។

អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ សូម​ជូនដំណឹង និង​បញ្ជាក់​បន្ថែម​អំពី ការ​ប្រើប្រាស់​យានយន្ត​ពាក់ ស្លាក​លេខ​ចរាចរ​ខេមរភូមិន្ទ​ទាំងអស់ ដោយ​អនុវត្ត​តាម​អនុក្រឹត្យ លេខ​៧៧ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៨ អ្នក​ប្រើប្រាស់​ត្រូវ​តែ​ជា​នាយទាហាន ដែល​មាន​សិទ្ធ​ពេញលេញ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល ឬ​ជនបរទេស ប្រើប្រាស់​បាន​ឡើយ ។

ក្រសួង​ការពារ​បាន​បញ្ជាក់​ថា ៖ «​ការ​ប្រើប្រាស់​យានយន្ត​ពាក់​ផ្លា​ក លេខ​ចរាចរ​ខេ​មរ ភូមិន្ទ​ត្រូវ​ស្រប​តាម​ការ​កំណត់​របស់​ក្រសួងការពារជាតិ ចំពោះ​ក្រុមហ៊ុន​សហការ​វិនិយោគ វិស័យ​ការពារ​ជាតិ​នានា​ក៏​ត្រូវ​បាន​អនុវត្ត​ដូច​គ្នា ។ ក្នុង​ករណី​ដែល​អនុវត្ត​ការ ប្រើប្រាស់​ផ្ទុយ ខុស​ពី​ខ្លឹមសារ ខាងលើ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ នឹង​ចាត់វិធានការ​ច្បាប់​ជា​ធរមាន »​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​បាន​ស្នើ​ឲ្យ​បណ្តា​ស្ថាប័ន កងឯកភាព​ចំណុះ​ក្រសួងការពារជាតិ អគ្គ​បញ្ជាការដ្ឋាន និង​គ្រប់​បណ្ដា​ប្រភេទ​ទ័ព​ជំនាញ​ទាំងអស់ មេត្តា​ជ្រាប និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ៕

អត្ថបទសរសេរ ដោយ