ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ ហុង វ័ន ជិត​១​ពាន់​នាក់ ធ្វើ​កូដកម្ម ក្រោយ​ថៅកែ​កាត់​លុយ​ជំនាញ ៤​ដុល្លារ ​ធ្លាប់​ទទួល​បាន​ ១៥​ឆ្នាំ​មក​ហើយ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ហុង វ័ន ខេ​ម​បូ​ឌា ហ្កា​មេន ជិត​១​ពាន់​នាក់…

រាជធានី​ភ្នំពេញ ៖ កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ហុង វ័ន ខេ​ម​បូ​ឌា ហ្កា​មេន ជិត​១​ពាន់​នាក់ បាន​ខកខាន មិន​បាន​ធ្វើ​ការងារ​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​ពួក​គាត់​បាន​ប្រមូលផ្ដុំ​គ្នា ធ្វើ​កូដកម្ម ក្រោយ​ពេល​ថៅកែ​កាត់​ប្រាក់​ជំនាញ​ក្នុង​ម្នាក់​ៗ ចំនួន ៤​ដុល្លារ​។ ដែល​ប្រាក់​ជំនាញ​នេះ ពួក​គាត់​ទទួល​បាន​រយៈពេល​១៥​ឆ្នាំ​កន្លង​មក​ហើយ ស្រាប់តែ​នៅ​១​ខែ​ចុង​ក្រោយ​នេះ ថៅកែ បាន​កាត់​ផ្ដាច់​ចោល​អស់ ហើយ​បើក​តែ​ប្រាក់ខែ​តាម​ចំនួន​កំណត់​របស់​ក្រសួង​ការងារ ឲ្យ​ដល់​ពួក​គាត់​ប៉ុណ្ណោះ ទើប​ពួក​គាត់​មិន​ព្រម រួច​នាំ​គ្នា​ធ្វើ​កូ​កម្ម ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្ដល់​ប្រាក់​ជំនាញ​នោះ​មក​វិញ និង​រក្សា​ឲ្យ​នៅ​ដដែល​ជា​រៀង​រហូត ។

កូដកម្ម​នេះ បាន​ចាប់ផ្ដើម​ផ្ទុះ​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ហើយ​រហូត​មក​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកុម្ភៈ កម្មករ កម្មការិនី​ទាំងនោះ ពុំ​ទាន់​ចូល​ធ្វើការ​នៅឡើយ​។ កម្មករ​បាន​បន្ត ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​រោងចក្រ និង​បាន​ទាមទារ នូវ​លក្ខខណ្ឌ​ការងារ​ថ្មី​ៗ​មួយ​ចំនួន​ថែម​ទៀត​ផង​។ រោងចក្រ​ខាងលើ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

កម្មករ​ខាងលើ បាន​និយាយ​ថា នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ហុង វ័ន ខេ​ម​បូ​ឌា ហ្កា​មេន នេះ​មាន​កម្មករ កម្មការិនី បម្រើ​ការងារ​ចំនួន ៩៤៨​នាក់ ហើយ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាំងអស់​គ្នា​តែ​ម្ដង​។ ដើម្បី​ទាមទារ​សុំ​ឲ្យ​ថៅកែ ផ្ដល់​ប្រាក់​ជំនាញ ៤​ដុល្លារ​របស់​កម្មករ​ម្នាក់​ៗ ដែល​ត្រូវ​បាន​ថៅកែ​ផ្ដាច់​ចោល​នោះ​មក​វិញ ហើយ​ក៏​ទាមទារ​កុំ​ឲ្យ​ថៅកែ​កាត់​ប្រាក់​ឈ្នួល ក្នុង​ពេល ដែល​ពួក​គាត់​ធ្វើ​កូដកម្ម​ក​ប៉ុន្មាន​ថ្ងៃ​មកនេះ ព្រមទាំង​សុំ​ឲ្យ​ថៅកែ​ទូ​ទាក់​ប្រាក់​ប្រាក់​អតីតភាព​ការងារ ។

ក្រុម​កម្មករ​ខាងលើ បាន​រៀបរាប់​ប្រាប់​ទៀត​ថា ពួក​គាត់​មិន​ស្នើ​សុំ​ឲ្យ​ថៅកែ ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​នោះ​ឡើយ គឺ​ទាមទារ​យក​តែ​ប្រាក់​របស់​ខ្លួន ដែល​ត្រូវ​ថៅកែ​កាត់​នោះ​មក​វិញ​តែ​ប៉ុណ្ណោះ​។ រីឯ​ប្រាក់​ជំនាញ ៤​ដុល្លារ​នោះ ពួក​គាត់​ទាំងអស់​ទទួល​បាន​រយៈពេល​១៥​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​នៅ​រយៈពេល​១​ខែ​ចុង​ក្រោយ​នេះ ស្រាប់តែ​ថៅកែ កាត់​ផ្ដាច់ មិន​ព្រម​បើក​ឲ្យ​តទៅ​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​ខាតបង់​អត្ថប្រយោជន៍​។ ទើប​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​បែប​នេះ​តែ​ម្ដង ពួក​គាត់​បាន​ចាប់ផ្ដើម​ធ្វើការ​តវ៉ា នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយសារ​តែ​ថៅកែ​មិន​ព្រម​បើកប្រាក់​ខាងលើ​នោះ​ឲ្យ ហើយ​ពួក​គាត់​ក៏​អត់​ចូល​ធ្វើការ​រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ខែកុម្ភៈ​។

ដោយឡែក អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​ឲ្យ​ដឹង​ថា រយៈពេល​ដែល​កម្មករ​ធ្វើការ​តវ៉ា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ក្រុមការងា​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ (​ក្រុមការងារ​ដោះស្រាយ​បាតុកម្ម និង​កូដកម្ម​របស់​ក្រសួង​) បាន​ចុះ​ធ្វើការ​សម្រប​សម្រួលការ​តវ៉ា​របស់​កម្មករ​នៅ​រោងចក្រ​ខាងលើ ។

ជា​លទ្ធផល ៖ ១. ថៅកែ​រោងចក្រ​បាន​ឯកភាព​យលព្រម​ផ្ដល់​ប្រាក់​ជំនាញ ចំនួន​៤$ ដែល​បាន​កាត់​ផ្ដាច់​នោះ​ជូន​កម្មករ​វិញ ហើយ​កម្មករ​បាន​សន្យា និង​ចូល​ធ្វើការ​វិញ​ជា​ធម្មតា ថ្ងៃ​ទី​២៩ ខែកុម្ភៈ ។

២. ប៉ុន្តែ​ដល់​ថ្ងៃ​សន្យា​កម្មករ នៅ​តែ​មិន​ព្រម​ចូល​ធ្វើការ​វិញ ហើយ​បាន​បន្ត​ការ​តវ៉ា​ទៀត ហើយ​បាន​ទាមទារ​ឲ្យ​ភាគី​រោងចក្រ កុំ​កាត់​ប្រាក់​ឈ្នួល​នៅ​ក្នុងអំឡុងពេល​ដែល​ពួក​គាត់​ធ្វើ​កូដកម្ម រយៈពេល​៥​ថ្ងៃ ។

៣. មក​ដល់​នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ កម្មករ ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​ថ្មី​មួយទៀត គឺ​ឲ្យ​ភាគី​រោងចក្រ​ធ្វើការ​ទូទាត់​ប្រាក់​អតីតភាព​ការងារ ដែល​ពួក​គាត់​ធ្វើការ​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ ឲ្យ​បាន​រួចរាល់ ទើប​ព្រម​ចូល​ធ្វើការ​ងារ​វិញ ដូច្នេះ​ដំណោះស្រាយ​មិន​អាច និង​បញ្ចប់​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ