«ប្រទេសរុស្ស៊ីហាក់ដូចជាប្រតិកម្មខ្លាំងៗទៅនឹងពាក្យសម្ដីរបស់លោកម៉ាក្រុងដែលចង់បញ្ជូនកងទ័ពទៅអ៊ុយក្រែន។ បន្ទាប់ពីវិមានក្រឹមឡាំងព្រមានមួយសាហើយថាប្រយ័ត្នផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអង្គការណាតូ។ ថ្ងៃនេះសម្ព័ន្ធមិត្តលោកពូទីនព្រមានថែមទៀតថាបើបារាំងបញ្ជូនទ័ពទៅអ៊ុយក្រែន ពួកគេនឹងស្លាប់គរជើងដូចជំនាន់សង្គ្រាមណាប៉ូឡេអុងឆ្នាំ១៨១២។»
ទីក្រុងម៉ូស្គូ៖ សម្ព័ន្ធមិត្តរបស់លោកពូទីននិយាយដាស់តឿនលោកម៉ាក្រុង ប្រធានាធិបតីបារាំង ដែលទើបតែចេញសារនយោបាយកាលពីប៉ុន្មានថ្ងៃមុននេះថា «ទោះជាក្នុងកាលៈទេសៈណាក៏ដោយ លោកមិនអាចបណ្ដោយឱ្យប្រទេសរុស្ស៊ីមានជោគជ័យនៅក្នុងសង្គ្រាមអ៊ុយក្រែនជាដាច់ខាត។ កាលនោះ លោកម៉ាក្រុងប្រាប់ថាលោកបានដាក់ចេញនូវលទ្ធភាពគ្រប់យ៉ាងដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី។ ក្នុងនោះក៏មានការបញ្ជូនកងទ័ពបារាំងទៅអ៊ុយក្រែននាពេលអនាគតផងដែរ។
បន្ទាប់ពីឮពាក្យសម្ដីនេះ សម្ព័ន្ធមិត្តលោកម៉ាក្រុងព្រមានថាកុំបញ្ជូនទ័ពបារាំងទៅអ៊ុយក្រែន ប្រយ័ត្នមានជោគវាសនាដូចកងទ័ពរបស់អធិរាជសង្គ្រាមបារាំងណាប៉ូឡេអុង បូណាប៉ា (Napoleon Bonaparte) ដែលធ្លាប់លើកកងទ័ពឈ្លានពានរុស្ស៊ីកាលពីឆ្នាំ១៨១២។ ទីបំផុត អធិរាជអង្គនេះទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ និងនាំកងទ័ពជាងកន្លះលាននាក់ទៅស្លាប់នៅរុស្ស៊ី។
តាមពិត ករណីដែលលោកម៉ាក្រុងចង់បញ្ជូនទ័ពទៅអ៊ុយក្រែននោះមិនមែនបញ្ជូនទៅឆាប់ៗនេះទេ ហើយក៏មិនដឹងថានឹងបញ្ជូនទៅឬអត់។ គ្រាន់តែថាសម្រាប់ពេលបច្ចុប្បន្នគ្មានការចាំបាច់ដើម្បីធ្វើបែបនេះទេ។ ប៉ុន្តែពួករុស្ស៊ីជាពួកដែលចូលចិត្តប្រើសម្ដីខែង។ ពួកគេបញ្ចេញប្រតិកម្ម និងព្រមានជាបន្តបន្ទាប់។ អស់ពីអ្នកនាំពាក្យវិមានក្រឹមឡាំងដែលព្រមានផ្ទុះសង្គ្រាមជាមួយគ្នាបើបស្ចិមប្រទេសបញ្ជូនទ័ពទៅអ៊ុយក្រែន។ ឥឡូវនេះ សម្ព័ន្ធមិត្តលោកពូទីនក៏ចេញសេចក្ដីព្រមានជាបន្តបន្ទាប់។
ប្រតិកម្មជាដំបូងចេញពីប្រធានរដ្ឋសភារុស្ស៊ី លោកវ៉ូឡូឌីន (Volodin) ជាមនុស្សជិតស្និទ្ធរបស់លោកពូទីន។ លោកថាលោកម៉ាក្រុងចង់តាំងខ្លួនជាអធិរាជណាប៉ូឡេអុង។ លោកម៉ាក្រុងមិនត្រូវដើរជាន់ដានចាស់របស់អធិរាជអង្គនេះទេ ប្រយ័ត្នស្ដាយក្រោយ។ «លោកម៉ាក្រុង បើចង់រក្សាតំណែងឲ្យស្ថិតស្ថិរដូចសព្វថ្ងៃនេះ មិនត្រូវគិតអ្វីផ្ដេសផ្ដាសដែលអាចនាំឱ្យផ្ទុះសង្គ្រាមលោកលើកទីបីទេ។ ពាក្យសម្ដីរបស់គាត់គ្រោះថ្នាក់ណាស់សម្រាប់ពលរដ្ឋបារាំង»។
ប្រធានរដ្ឋសភារូបនេះយល់ថាលោកម៉ាក្រុងមុននឹងនិយាយអីចេញមកគួរណាស់គិតទៅដល់រឿងរ៉ាវពីអតីតកាលដែលអធិរាជណាប៉ូឡេអុងនាំទ័ពជាង៦សែននាក់ទៅស្លាប់នៅប្រទេសរុស្ស៊ី។ នៅក្នុងសង្គ្រាមឆ្នាំ១៨១២នោះ កងទ័ពណាប៉ូឡេអុងមានជោគជ័យខ្លាំងពីដំបូងដៃ។ ពួកគេអាចវាយសម្រុកលឿនដូចផ្លេកបន្ទោរ។ ពោលគឺលឿនដូចជំនាន់អ៊ីទ្លែវាយចូលប្រទេសរុស្ស៊ីកាលពីសង្គ្រាមលោកលើកទី២ដូច្នោះដែរ។
នេះជាយុទ្ធសាស្ត្ររបស់រុស្ស៊ីដើម្បីបោកបញ្ឆោតឱ្យកងទ័ពបច្ចាមិត្តសម្រុកចូលកាន់តែជ្រៅក្នុងទឹកដីរុស្ស៊ី។ រួចហើយរុស្ស៊ីវាយកាត់ផ្ដាច់ជើងក្រោយរបស់ពួកគេ និងហ៊ុមព័ទ្ធពួកគេដើម្បីរង់ចាំឱកាសល្អមកដល់នៅរដូវធ្លាក់ទឹកកក។ កងទ័ពណាប៉ូឡេអុងរាប់សែននាក់ស្លាប់ដោយសារជំងឺ ត្រូវរបួស និងអត់អាហារ។
ថ្វីដ្បិតការលើកឡើងរបស់លោកម៉ាក្រុងត្រង់ចំណុចបញ្ជូនកងទ័ពទៅអ៊ុយក្រែនទទួលបានការស្វាគមន៍ពីបណ្ដាប្រទេសខ្លះនៅអឺរ៉ុបខាងកើត ប៉ុន្តែប្រទេសសម្ព័ន្ធមិត្តណាតូ និងអាមេរិកមិនចង់ប៉ះទង្គិចជាមួយរុស្ស៊ីទេ។ ពួកគេបញ្ជាក់គោលជំហរថាខ្លួនគ្មានគម្រោងបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យវិមានក្រឹមឡាំងព្រមានធ្ងន់ៗ។
ឥឡូវនេះ មិនត្រឹមតែប្រធានរដ្ឋសភារុស្ស៊ីទេ សូម្បីតែអតីតប្រធានាធិបតីរុស្ស៊ី លោកមេតវេដេវ (Dmitri Medvedev)ក៏និយាយដាស់តឿនលោកម៉ាក្រុងដែរ។ លោកមេតវេដេវថាលោកម៉ាក្រុងកំពុងតាំងខ្លួនជាតួឯកទាំងស្រមើស្រមៃ និងប្រកបដោយភាពគ្រោះថ្នាក់។ លោកយល់ថាលោកម៉ាក្រុងចង់សងសឹកឱ្យអធិរាជណាប៉ូឡេអុងកាលពីជាង២០០ឆ្នាំមុន។ ប៉ុន្តែលោកមេតវេដេវយល់ថានេះជាគំនិតរវើរវាយសុទ្ធសាធ៕
ប្រភព៖ Reuters
https://www.reuters.com/world/europe/putin-allies-tell-macron-any-french-troops-you-send-ukraine-will-suffer-fate-2024-02-28/
ចែករំលែកព័តមាននេះ