ជំនួយ ឬសកម្មភាពមនុស្សធម៌ និងការធ្វើជំនួញជារឿងពីរផ្សេងគ្នា ។ ប៉ុន្តែនៅក្នុងសង្គម គេសង្កេតឃើញរឿងពីរនេះ ហាក់មិនបានចែកដាក់ពីរគ្នាសោះ ។ មានន័យថា អ្នកជំនួញខ្លះបានទាញយកផលចំណេញពីសកម្មភាពមនុស្សធម៌របស់ខ្លួន…
ជំនួយ ឬសកម្មភាពមនុស្សធម៌ និងការធ្វើជំនួញជារឿងពីរផ្សេងគ្នា ។ ប៉ុន្តែនៅក្នុងសង្គម គេសង្កេតឃើញរឿងពីរនេះ ហាក់មិនបានចែកដាក់ពីរគ្នាសោះ ។ មានន័យថា អ្នកជំនួញខ្លះបានទាញយកផលចំណេញពីសកម្មភាពមនុស្សធម៌របស់ខ្លួន ។ ធ្វើសកម្មភាពមនុស្សធម៌ ដើម្បីរកផលប្រយោជន៍ធំឱ្យជំនួញទៅវិញ ឬគេអាចនិយាយថា អ្នកជំនួញខ្លះធ្វើសកម្មភាព និងនិយាយពីសង្គម ដើម្បីជំនួញរបស់ខ្លួនតែប៉ុណ្ណោះ ។
ជំនួញ និងជំនួយចែកមិនដាច់ពីគ្នា បានធ្វើឱ្យពលរដ្ឋស្លូតត្រង់បង់ខាតជាច្រើន ។ ខាតបង់ទាំងទឹកចិត្ត ពេលវេលា និងរហូតខាតបង់ថវិកាទៀតផងដែរ ។ អ្នកមនុស្សធម៌ ដើម្បីជំនួញមែនទែនទៅ គ្រាន់ជាអ្នកឱកាសនិយមប៉ុណ្ណោះ ហើយបានធ្វើឱ្យអ្នកស្លូតត្រង់ អ្នកទន់ខ្សោយរងគ្រោះទៅវិញប៉ុណ្ណោះ ។ ជំនួយដើម្បីជំនួញហាក់បានធ្វើឱ្យសង្គមបាត់បង់ពីភាពជឿជាក់ ការស្មោះត្រង់ និងសេចក្តីថ្លៃថ្នូរផងដែរ ។
ជំនួយដើម្បីជំនួញមានច្រើនរូបភាព និងនៅគ្រប់វិស័យ ។ អ្នកធ្វើជំនួញខ្លះអះអាងថា ខ្លួនមាន ឆន្ទៈមនសិកាជួយសង្គម តាមរយៈសកម្មភាពចូលរួមលើកកម្ពស់ការអប់រំ ការចេះដឹង របស់យុវជន ដូចជា ការចូលរួមកសាងសមត្ថភាព និងភាពក្លាហានដល់យុវជនរហូតអ្នកខ្លះលើកឡើងថា គេបង្ហាញផ្លូវ និងគន្លឹះដល់យុវជន ។ អ្នកខ្លះទៀតអះអាងពីការជួយលើកកកម្ពស់ ជីវភាពកសិករ បង្កើនការដាំដុះ ស្វែងរកទីផ្សារលក់កសិផលឱ្យកសិករជាដើម ។ អ្នកខ្លះទៀត អះអាងថា ជួយអ្នករកស៊ីតូចតាច ឱ្យមានក្លាយជាអ្នកជំនួញអាជីព មានទស្សនវិស័យវែងឆ្ងាយមានការរីកចម្រើនលូតលាស់គ្រប់កាលៈទេសៈ ជម្នះគ្រប់ឧបសគ្គ ។ ប្រែក្លាយឧបសគ្គទៅជាឱកាសវិញ ។ ស្តាប់ទៅក្នុងនាមជាពលរដ្ឋខ្មែរ យើងសប្បាយចិត្ត និងចូលរួមត្រេកអរជាមួយយុវជន និង កសិករខ្មែរ និងអ្នកដែលមានលទ្ធភាព និងសមត្ថភាពអន់ខ្សោយក្នុងអាជីពណាមួយដែលមានគេស្ម័គ្រផ្តល់ជំនួយ និងលើកទឹកចិត្ត ។
ជីវិតជាយុវជនគ្មានអ្វីប្រសើរជាងមានអ្នកជួយតម្រែតម្រង់ណែនាំផ្លូវដើរនោះទេ ។ មិនខុសគ្នានេះជីវិតកសិករក៏គ្មានអ្វីសប្បាយចិត្តដែលគេបានជួយណែនាំបច្ចេកទេសដាំដុះ និងការរកទីផ្សារលក់កសិផលនោះដែរ ។ ប៉ុន្តែនៅក្នុងចំណោមការលើកឡើងដែលគួរឱ្យសប្បាយ និងជាទីគោរពនេះ ។ ជាការធ្វើជំនួញតែប៉ុណ្ណោះ ។ មែនទែនទៅ បើការធ្វើជំនួញដោយសុចរិតបើកវគ្គបណ្តុះបណ្តាល បង្រៀន និងជួយទិញកសិផល ជួយបណ្តុះបណ្តាលជំនាញទន់ និងជំនាញលក់ជាដើមនោះសុទ្ធសឹងជាអាជីពមុខរបរថ្លៃថ្នូរសុចរិត ។ ប៉ុន្តែមានបុគ្គលិកមួយចំនួន បានធ្វើឱ្យអាជីព និងមុខរបរមានតម្លៃនេះទៅជាការឆបោក កេងប្រវញ្ចទៅវិញ តាមរយៈការធ្វើជំនួញក្រោមលេសជំនួយទៅវិញ។
នៅពេលគេប្រកាសពីសណ្តានចិត្តជួយយុវជនក៏មានការប្រមូលផ្តុំយុវជនមកចូលរួម សកម្មភាព និងការអប់រំនោះ ។ លុះយុវជនមកបានច្រើនហើយគេបានផ្តើមធ្វើជំនួញលើយុវជន ។ តាមការចូលរួមថវិកាទ្រទ្រង់សកម្មភាព ។ ម្នាក់បន្តិច ប៉ុន្តែច្រើននាក់ និងយូរឆ្នាំ ។ ដូចពាក្យចាស់ថា តក់ៗពេញបំពេញ ។ ស្ងាត់ៗ អ្នកធ្វើជំនួញលើសម្តីថា ជំនួយនេះអាចក្លាយជាអ្នកមានបានភ្លាម ហើយក៏រលត់បាត់ខ្លួនទៅ ។ អ្នកខ្លះទៀត អះអាងថា ចូលរួមចែករំលែកផ្តល់ឱកាសជូនយុវជន ប៉ុន្តែនៅពេលយុវជនចូលរួមសុទ្ធតែបង់ថវិកា ។ មិនមែនបង់ថវិកាតែម្តងទេបង់មួយវគ្គទៅពីរវគ្គ ឬទៅបី លុះដល់ផ្សេងៗទៀតគេដាក់ឈ្មោះថា វគ្គពិសេស ដើម្បីបន្តការអូសទាញបានប្រាក់ ។ មែនទែនទៅ សូម្បីតែការចូលស្តាប់ និងការចូលរួមតាមអនឡាញ ក៏ត្រូវបង់ថវិកាដែរ ដើម្បីបានលេខកូដលេខសម្ងាត់ភ្ជាប់ការចូលរួម ។
ការចែករំលែក ដើម្បីពង្រឹងសមត្ថភាពយុវជនខ្លះ គេគ្រាន់បង្ហាញមាតិកាខ្លីៗជាចំហ ប៉ុន្តែខ្លឹមសារសំខាន់ និងមានឯកសារអប់រំច្រើនជាងនេះទៀត មានលើអនឡាញ ដែលគេត្រូវបង់ លុយជាមុនសិនទើបអាចចូលទៅស្តាប់ និងទៅរៀនបាន ។ ជំនួញលើពាក្យថា ជំនួយគេថែម ទាំងនិយាយទៀតថា «ចំណាយតែម្តងប្អូនបានមេរៀន រៀនមួយជីវិត» ។
តើនេះជាជំនួញ ឬជំនួយ?
នៅក្នុងស្រទាប់កសិករវិញ អ្នកធ្វើជំនួញលើកសិករក៏មានមិនតិចដែរ ។ យើងចូលរួមអភិវឌ្ឍន៍ ជីវភាពកសិករ លើកកម្ពស់ផលិតផលក្នុងស្រុក ។ ពាក្យនេះជួនកាល អ្នកធ្វើជំនួញនោះ មិន ចង់សំដៅលើការទាញផលប្រយោជន៍ធំពីកសិករឡើយ ។ កសិករគ្រាន់ជាគោលដៅ បន្ទាប់បន្សំប៉ុណ្ណោះ ។ ទិសដៅធំរបស់គេ គឺអ្នកមានប្រាក់ ។ អ្នកមានប្រាក់ចង់ចូលរួមលើក កម្ពស់ជីវភាពពលរដ្ឋ ក៏ដាក់ទុនជាមួយខ្លួន ដើម្បីពង្រីការដាំដុះក្នុងស្រុក ហើយទីបញ្ចប់គេក៏កើបលុយដាក់ហោប៉ៅខ្លួនឯងប៉ុណ្ណោះ ។
ដើម្បីញែកអោយដាច់ពាក្យជំនួយពីជំនួញ ពលរដ្ឋពិសេសយុវជន និងកសិករ អ្នកទន់ខ្សោយ គួរមានការប្រុងប្រយ័ត្ន ចេះសង្កេតកុំឆាប់ជឿលើអ្វីដែលគេគ្រាន់តែនិយាយ ។ ការពង្រឹង ច្បាប់ទម្លាប់ មានវិធានការផ្លូវច្បាប់តឹងរឹង ក៏អាចធ្វើឱ្យអ្នកឱកាសនិយមមិនហ៊ាន ចេញសកម្មភាព ដើម្បីបោកប្រាក់ និងឆបោកអ្នកទន់ខ្សោយនោះដែរ។
ទោះយ៉ាងណា ផ្លូវធម៌របស់ព្រះសម្មាសម្ពុទ្ធ បានចែកដាច់គ្នានូវអំពើអាក្រក់ និងអំពើល្អ ។ អ្នកធ្វើល្អបានល្អ អ្នកធ្វើអាក្រក់បានអាក្រក់ ។ ពលរដ្ឋ និងសង្គមគាំទ្រសកម្មភាព និងអំពើល្អ ។ ជួយយកអាសារគ្នាជាកាយវិការគួរឱ្យគោរព ហើយអ្នកបានធ្វើបានសុខស្ងប់ក្នុងចិត្តជារហូត ៕
ចែករំលែកព័តមាននេះ