រាជធានីភ្នំពេញ ៖ មនុស្សគ្រប់រូប គឺកើតមកសុទ្ធតែមានបុណ្យ និងបាបមកជាមួយ ដោយអ្នកខ្លះកើតមកក្នុងគ្រួសារអ្នកមាន ហើយអ្នកខ្លះទៀតក៏មកក្នុងគ្រួសារក្រក្រី ។ ដោយអ្នកខ្លះកើតមកក្នុងក្រកូលអ្នកមានដោយសារនៅមានបុណ្យចាស់ជួយ ចំណែកអ្នកកើតមកក្នុងគ្រួសារក្រក្រី ដោយសារបាបចាស់ផងដែរ មនុស្សគ្រប់គ្នាមិនអាចចៀសវាងបានឡើយ ។
មនុស្សនៅក្នុងសង្គមតែងតែមានអ្នកធ្វើល្អ និងអ្នកធ្វើអាក្រក់ ។ ព្រះបានត្រាស់ថា គុណធម៌ គឺសេចក្ដីល្អក្នុងខ្លួន មនុស្សគ្រប់រូបត្រូវសាងដោយខ្លួនឯង មិនមានព្រះឯណាអាចសាងឲ្យយើងបានឡើយ អ្នកណាធ្វើ អ្នកនោះនឹងទទួលផល ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានមានសង្ឃដីកានៅក្នុងវីដេអូរបស់លោកម្ចាស់គ្រូ ៖ បុណ្យកុសលនៅក្នុងធម៌ហៅថា អ្នកដែលបានធ្វើបុណ្យទុកហើយហ្នឹងមកភ្លឺ ហើយបើរៀបចំជីវិតឲ្យបានល្អ ទៅវិញរឹតតែភ្លឺ ។ ហើយបុគ្គលមាន៤ពួក ៖
ពួកទី១ មកងងឹតទៅវិញភ្លឺ ៖ មានន័យថា កើតមកក្រ តែគាត់ប្រឹងប្រែង បានថ្កុំថ្កើនបានទាំងទ្រព្យសម្បត្តិ បានទាំងយស បានទាំងគុណធម៌ ។ បុណ្យកុសលចុងក្រោយស្លា.ប់ទៅ មានទាំងទ្រព្យ មានទាំងបុណ្យទៅជាមួយ ។
ពួកទី២ មកភ្លឺទៅវិញងងឹត ៖ មានន័យថា អ្នកហ្នឹងកើតកូនអ្នកមាន តែប៉ោឡែ ដូចមានច្រើនដែរហ្នឹងញោម ។ អ្នកនឹងមានបុណ្យចាស់ តែភ្លេចធ្វើបុណ្យថ្មី ។ មកភ្លឺហើយទៅវិញងងឹត ។
បុគ្គលពួកទី៣ មកងងឹតទៅវិញងងឹត ៖ មានន័យថា កើតមកក្រហើយ លេងតែបៀ ផឹកតែស្រា អាហ្នឹងក៏មានមួយប្រភេទទៅ ។
បុគ្គលពួកទី៤ កើតមកភ្លឺទៅវិញរឹងរឹតតែភ្លឺ ៖ មានន័យថា គាត់មានបុណ្យវាសនាខ្ពស់ បានកើតមកលោកយាយលោតា លោកឪពុកអ្នកម្តាយធូរធាមិនពិបាក (អាហ្នឹងបុណ្យចាស់) បានន័យថា ស្រែស្រូវហ្នឹងយើងធ្វើពីឆ្នាំចាស់ ពីជាតិមុន បានកើតមកមានម៉ាក់ប៉ា យាយតាល្អ ។ អ៊ីចឹងត្រូវប្រឹងខ្លួនឯង អាហ្នឹងបុណ្យថ្មី ឧបមាដូចជា ដូចជាដើមឈើ បើយើងដាំហើយអត់សូវស្រោចទឹកវាម៉េចទៅ ? វាក្រៀម វាអត់សូវបានផលផ្លែផ្កា ។
ជាមួយគ្នានោះដែរ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព មានសង្ឃដីកាថា យ៉ាងណាជីវិតដែលមិនបានប្រឹងប្រែងព្យាយាម ក្នុងពេលបច្ចុប្បន្នហ្នឹង ជីវិតហ្នឹងអត់សូវបានផលផ្លែផ្កា ស៊ីតែបុណ្យចាស់ទេ អ៊ីចឹងបានជានៅក្នុងធម៌ ដែលលោកតែងតែសូត្រដាស់តឿនហ្នឹងដូចជាថា អ្នកដែលដឹងគុណលោកឪពុក អ្នកម្តាយ អ្នកដែលមានសេចក្តីខន្តី អត់ធន់ អត់ដែលចេះគារវៈ ចេះដាក់ខ្លួន អត់ឆ្មើងឆ្មៃជាមួយ នឹងឪពុកម្តាយ ជាមួយនឹងរៀមច្បង អ្នកនឹងតែងតែរីកចម្រើនទៅមុខ ។
ត្រូវចាំថា បុណ្យកុសលដែលបុគ្គលបានអប់រំសន្សំទុកមក តាំងពីកាលមុន តែងហុចផលឲ្យមិនរំលងជាតិឡើយ ហើយអ្នកដែលទទួលផលយ៉ាងត្រជាក់ចិត្តនោះ គេតែងនិយាយថាជាអ្នកមានវាសនា តែហេតុផលបច្ច័យដែលបានតាក់តែងឡើងនេះ ជាអំពើល្អដែលសាមីខ្លួនបានសន្សំទុកមកកាលពីមុនយ៉ាងពិតប្រាកដ ៕
ចែករំលែកព័តមាននេះ