រមណីយដ្ឋានភ្នំសំពៅ ប្រមូលផ្តុំដោយសក្តានុពលទេសចរណ៍ធំៗចំនួន៣
- បាត់ដំបង
ខេត្តបាត់ដំបង ៖ រមណីយដ្ឋានភ្នំសំពៅ មានទីតាំងស្ថិតនៅក្នុងភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់
ខេត្តបាត់ដំបង ៖ រមណីយដ្ឋានភ្នំសំពៅ មានទីតាំងស្ថិតនៅក្នុងភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់
ខេត្តបាត់ដំបង ៖ រមណីយដ្ឋានភ្នំសំពៅ មានទីតាំងស្ថិតនៅក្នុងភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានចម្ងាយ១៣គីឡូម៉ែត្រ គិតពីសាសាខេត្តបាត់ដំបង ដោយធ្វើដំណើរឆ្ពោះទៅទិសខាងលិច តាមផ្លូវជាតិលេខ ៥៧ (អតីតផ្លូវជាតិលេខ១០) ។ ដើម្បីទៅដល់ទីតាំងរមណីយដ្ឋាន ភ្ញៀវទេសចរអាចធ្វើដំណើរតាមមធ្យោបាយដូចជា៖ តាមរថយន្តប្រមាណ២០នាទី, តាមម៉ូតូប្រមាណ ២១នាទី, រ៉ឺម៉កកង់បី៣០នាទី, និងកង់ប្រមាណជា៥០នាទី។
បើតាមឯកសារមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រមណីយដ្ឋានភ្នំសំពៅ ចាត់ទុកជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញបំផុត ក្នុងខេត្តបាត់ដំបង ដោយសារតែនៅទីតាំងរមណីយដ្ឋានទាំងមូល ប្រមូលផ្តុំដោយសក្តានុពលទេសចរណ៍ធំៗចំនួនបី ៖
១-សក្តានុពលទេសចរណ៍ធម្មជាតិ៖ ភ្នំសំពៅ មានកម្ពស់ប្រមាណជា ១០០ ម៉ែត្រ មានផ្លូវអាចឡើងដោយ រថយន្ត និងម៉ូតូទៅដល់កំពូលភ្នំបាន, មានកាំជណ្ដើរ ជាទូទៅសម្រាប់ដើរចុះដោយថ្មើរជើង។
បើមើលពីចម្ងាយភ្នំនេះ មានរូបរាងស្រដៀងទៅនឹងសំពៅ លើភ្នំទាំងមូល មានល្អាង តូច ធំ រហូតដល់១២ល្អាង ប៉ុន្តែមានតែបីល្អាងប៉ុណ្ណោះ ដែលអាចទស្សនាបាន ហើយឈ្មោះភ្នំ និងល្អាងមួយចំនួន ក៏មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ពាក់ព័ន្ធនឹងរឿងព្រេងនិទានខ្មែរ (រឿងព្រះចៅរាជថ្កុល នាងរំសាយសក់) និងត្រូវបានរៀបរាប់ក្នុងបទចម្រៀងជាច្រើនបទ (បទជើងភ្នំសំពៅ, បាចផ្កាម្រះព្រៅ….) ដែលច្រៀងដោយអ្នកចម្រៀងដ៍ល្បីនាសម័យដើមផងដែរ។ នៅពេលឡើងដល់កំពូលភ្នំ ទេសចរអាចមើលឃើញទេសភាពវាលស្រែ ចម្ការដំណាំ ចង្កោមភ្នំនានា ទិដ្ឋភាពទីក្រុងបាត់ដំបង ស្រូបយកខ្យល់អាកាសត្រជាក់បរិសុទ្ធ និងមើលថ្ងៃលិចយ៉ាងស្រស់ស្អាតទៀតផង។
២-សក្តានុពលទេសចរណ៍ប្រវត្តិសាស្ត្រ៖ ទីតាំងភ្នំសំពៅ គឺជាសមរភូមិប្រយុទ្ធដ៏ក្ដៅគគុកក្នុងសម័យសង្គ្រាម ជាពិសេស របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ បើឡើងភ្នំតាមផ្លូវបេតុង ប្រហែលជាពាក់កណ្ដាលផ្លូវ មានផ្លូវមួយបត់ឆ្វេង និងទៅដល់វត្តមួយឈ្មោះ វត្តគិរីរម្យ នៅខាងស្តៅនៃព្រះវិហារ និងឃើញមានផ្លូវឆ្ពោះ ទៅកាន់ល្អាងល្ខោន ឬល្អាងក្បាលខ្មោច (Killing Cave)។ បើតាមសង្ឃដីកា ព្រះតេជគុណ យ៉ាន ផុន ព្រះជន្ម៧០វស្សា គង់នៅក្នុងល្អាងក្បាលខ្មោចនេះ មានសង្ឃដីកាថា ល្អាងនេះ ក្នុងសម័យខ្មែរក្រហម គេយកមនុស្សដែលពួកខ្មែរក្រហមយល់ថា ធ្វើខុសក្រមសីលធម៌ ឬក្ប.ត់អង្គការ យកមកសម្លា.ប់យ៉ាងច្រើន ដោយវាយទម្លា.ក់ចូលក្នុងល្អាងនេះ។ បច្ចុប្បន្ននេះ ឆ្អឹងខ្មោច និងលលាក្បាលទាំងនោះ ត្រូវបានរក្សាទុកក្នុងចេតិយមួយ ទុកជាប្រវត្តិសាស្ត្រដល់មនុស្សជំនាន់ក្រោយ ពិសេសភ្ញៀវទេសចរមកកម្សាន្ត ស្វែងយល់ពីរឿងអតីតកាលរបស់ប្រជាជនកម្ពុជា។
៣-សក្តានុពលទេសចរណ៍សាសនា៖ រមណីយដ្ឋានភ្នំសំពៅ ក៍ជាទីបូជនីយដ្ឋានមួយផងដែរសម្រាប់ពុទ្ធសាសនិកជន ដែលមកពីទីជិតឆ្ងាយមកគោរពបូជា និងធ្វើពិធីកម្មសាសនាផ្សេងៗ នៅបរិវេណរមណីយដ្ឋានមាន វត្តចំនួនពីរ គឺ៖ វត្តមួយនៅលើភ្នំ ឈ្មោះ វត្តគិរីរម្យ និងវត្តមួយទៀតនៅ ជើងភ្នំ ឈ្មោះ វត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ។ នៅជើងភ្នំក្បែរល្អាងប្រចៀវ មានចម្លាក់ពុទ្ធបដិមាធំបី និយាយពី ព្រះពុទ្ធទ្រង់ប្រសូត្រ, ព្រះពុទ្ធ ត្រាស់ដឹង, និងព្រះពុទ្ធចូលបរិនិព្ពាន ចំណែកនៅលើភ្នំវិញ មានរូបសំណាកតូច ធំ និយាយពីពុទ្ធសាសនា និងព្រហ្មញ្ញសាសនាផងដែរ, មានប្រាង្គពណ៌មាស (Golden Stupa) នៅលើកំពូលភ្នំយ៉ាងស្រស់ស្អាត នៅបរិវេណវត្តនៅជើងភ្នំ មានកុដិបុរាណមួយផងដែរ ។
អ្វីដែលពិសេសជាងគេ ដែលចាត់ទុកជាមេដែកស្រូបទាញទេសចរឱ្យមកលេងនៅ រមណីយដ្ឋានភ្នំសំពៅ គឺហ្វូងសត្វប្រចៀវរាប់លានក្បាល (ក្តារព័ត៌មាន ៦.៥ លាន) ដែលហើរចេញពីល្អាងមួយ ស្ថិតនៅជើងភ្នំជារៀងរាល់ល្ងាច។ ពេលវេលា ដែលប្រចៀវហើរចេញ ពីល្អាងគឺ ភាគច្រើននៅម៉ោងប្រមាណ ៦៖២៥ នាទីល្ងាច,ខែខ្លះអាចចេញលឿនត្រឹម៥និង៣០នាទី ហើយពួកវាហើរដោយប្រើរយៈពេលប្រមាណជា៥០នាទី ។
កត្តាអំណោយផលនៃទីតាំងល្អាងប្រចៀវ ស្ថិតនៅជើងភ្នំជាប់ផ្លូវធំ និងពេលវេលាដែលប្រចៀវហើរចេញ ចំពេលដែលភ្ញៀវទេសចរត្រឡប់មកពីទស្សនានៅលើកំពូលភ្នំរួចរាល់ បាននឹងកំពុងបង្កលក្ខណៈងាយស្រួល ដល់អជ្ញាធរ រួមទាំងប្រជាជនមួលដ្ឋាន ក្នុងការរៀបចំ តុ កៅអី លក់ដូរម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ភ្ញៀវ ដែលអង្គុយរង់ចាំមើលហ្វូងសត្វប្រចៀវទាំងនោះ ។
បច្ចុប្បន្ន មានប្រជាជនមូលដ្ឋានជាច្រើន បាននឹងកំពុងទទួលបានផលប្រយោជន៍សេដ្ឋកិច្ច តាមរយៈការផ្ដល់សេវាដឹកភ្ញៀវ មគ្គុទ្ទេសក៍ និងអ្នកលក់ដូរម្ហូបអាហារ និងភេសជ្ជៈ នៅរមណីដ្ឋានភ្នំសំពៅនេះ ៕
ចែករំលែកព័តមាននេះ