រាជធានីភ្នំពេញ៖ នៅទីបំផុត តារាកំប្លែង៣ដួង គឺនាយហុងដា, អ្នកនាងប្រិមប្រិយ និងនាយក្រិន មានឱកាសសម្តែងរួមគ្នាជាថ្មីឡើងវិញហើយ បន្ទាប់ពីអ្នកទាំងបីបានខកខានមិនបានសម្តែងរួមគ្នាអស់ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈក្រុមកំប្លែងនាយកុយ ។

តារាកំប្លែងទាំង៣នាក់ ត្រូវបានគេឃើញសម្តែងនៅក្នុងឃ្លីបវីដែអូដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលផលិតឡើងដោយផេក មានឈ្មោះថា yes Film / YES Creator និងត្រូវបានគេដាក់ឈ្មោះកម្មវិធី «តោះសើច» ។
ការផលិតវីដេអូកំប្លែងពីម្ចាស់ផេកខាងលើនេះ ត្រូវបានគេដឹងថា គឺជាផ្តួចផ្តើម និងគាំទ្រពីតារាកំប្លែងគឺនាយឃ្លោក ដែលបច្ចុប្បន្នលោកបានក្លាយជាឧកញ៉ា ដោយមានបំណងហៅតារាកំប្លែងចាស់ថ្មីជាច្រើនរូប ដើម្បីចូលរួមសម្តែងជាថ្មីឡើងវិញ បន្ទាប់ពីមានតារាកំប្លែងខ្លះខកខាន និងមិនសូវមានទីផ្សារសម្តែងដូចមុន ។

ការប្រមូលផ្តុំតារាកំប្លែងឱ្យមកសម្តែងរួមគ្នានេះ ត្រូវបានដាក់ឈ្មោះថា កំប្លែង២ជំនាន់ ដោយនៅក្នុងនោះ គេក៏ឃើញវត្តមានតារាកំប្លែងចាស់វស្សានាយកុយ និងតារាកំប្លែងស្ងួតជំនាន់ក្រោយគឺនាយគ្រឿន ផងដែរ ។
យ៉ាងណាចាត់ទុកថា នេះជាជំហាននៃការចាប់ផ្តើមជាថ្មីពីតារាកំប្លែងទាំង៣រូបខាងលើ បន្ទាប់ពីទស្សនិកជនខកខានបានទស្សនាផ្ទាំងទស្សនិយភាពកំប្លុកកំប្លែង ពោរពេញទៅដោយទេពកោសល្យយ៉ាងប៉ិនប្រសព្វរបស់ពួកគាត់អស់ជាច្រើនឆ្នាំមក ។

ជាការកត់សម្គាល់ បន្ទាប់ពីមានមិនសូវមានឱកាសសម្តែងនៅលើឆាកនៃស្ថានីយទូរទស្សន៍នានាអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាយ ហុង ដា បានងាកមកចាប់យកការសម្តែងល្ខោនបាសាក់ជំនួសវិញ ហើយលោកក៏ជាអ្នកដឹកនាំវង់ល្ខោនបាសាក់ដែលមានឈ្មោះថា ខេមរៈ វិជ្ជរ៉ា ។
ដោយឡែក មិនខុសពីនាយហុង ដា ក្រោយខកខានមិនបានសម្ដែងកំប្លែងតាមស្ថានីយទូរទស្សន៍នានានោះ នាយក្រិន ក៏បានហក់ចូលក្នុងវង់ល្ខោនបាសាក់ដូចគ្នា ហើយក្រៅពីការសម្ដែង លោកក៏ជាអ្នកដឹកនាំវង់ល្ខោនផ្ទាល់ខ្លួនមានឈ្មោះថា រស្មីនាយក្រិន ។

ទោះជាយ៉ាងណា សម្រាប់អាជីពល្ខោនបាសាក់មួយនេះ នាយក្រិន ហាក់មិនបានកាក់កបអ្វីច្រើនឡើយ ពោលលោកបានផុងខ្លួនជាប់បំណុលធនាគារ ដោយសារការបើកវង់ល្ខោនមួយនេះ រហូតធ្វើឱ្យលោកប្រកាសលក់ដីដែលជាកេរ្តិ៍ចុងក្រោយសម្រាប់ដោះបំណុលធនាគារ និងដោះស្រាយជីវភាពគ្រួសារ ខណៈពេលដែលលោកកំពុងបីបាច់ចិញ្ចឹមកូន៣នាក់ក្នុងបន្ទុក ។
ចំណែកតារាកំប្លែងសំដីបានគឺនាងប្រិមប្រិយវិញ ក្រោយពីខកខានមិនបានសម្តែងកំប្លែងរូបនាងក៏ងាកទៅប្រកបអាជីពវង់តន្ត្រីសម័យសម្រាប់ជួលក្នុងពិធីមង្គលការនានា ។

ក្នុងចំណោមកូនក្រុមកំប្លែងរបស់នាយកុយ គឺមានតែនាយ ក្រិន នាយហុងដា និងនាងប្រិមប្រិយ ប៉ុណ្ណោះ ដែលមិនមានវត្តមានសម្ដែងជាថ្មីឡើងវិញនៅឡើយ ក្រៅពីនេះ គេឃើញមាននាយហុងដា នាងគ្រត និងនាយកុយ ផ្ទាល់បានចាប់ផ្តើមមានវត្តមានសម្តែងបណ្តើរៗជាថ្មីឡើងវិញ ។
កន្លងមក នាយកុយ ធ្លាប់បានលើកឡើងថា ប្រសិនបើក្រុមកំប្លែងរបស់លោកមានឱកាសសម្តែងតាមប៉ុស្តិ៍ទូរទស្សន៍ដូចមុននោះ លោកអាចនឹងហៅកូនក្រុមរបស់លោកមកសម្ដែងឡើងវិញដដែល ។



ចែករំលែកព័តមាននេះ