ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo រងការស៊ើបអង្កេត រឿងធ្វើកាយវិការ​មិនសមរម្យដាក់អ្នកគាំទ្រគូប្រជែង (វីដេអូ)

2 ខែ មុន

អារ៉ាប៊ីសាអូឌីត ៖ ក្រៅពីទទួលរងការរិះគន់ដូចទឹកបាក់ទំនប់ពីមហាជននោះ កីឡាករ Cristiano

អារ៉ាប៊ីសាអូឌីត ៖ ក្រៅពីទទួលរងការរិះគន់ដូចទឹកបាក់ទំនប់ពីមហាជននោះ កីឡាករ Cristiano Ronaldo ក៏កំពុងប្រឈមនឹងស៊ើបអង្កេត បន្ទាប់ពីបានបង្ហាញកាយវិការមិនសមរម្យត្រូវបានមើលថា កាយវិការអាសអាភាសទីកាន់អ្នកគាំទ្រក្រុមគូប្រជែង អំឡុងការប្រកួតលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ។

ប្រភពពី Sky News ក៏ដូចជា The Guardian កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា កីឡាករ Cristiano Ronaldo រកបាន១គ្រាប់តាមរយៈការស៊ុតបាល់ប៉េណាល់ទី ស្របពេលដែលក្រុមរបស់គេ Al Nassr បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Al Shabab ដោយលទ្ធផល ៣-២ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត កំពូលខ្សែប្រយុទ្ធព័រទុយ​ហ្គាល់​វ័យ៣៩ឆ្នាំរូបនេះ បានបញ្ចេញកាយវិការមិនសមរម្យមើលទៅអាសអាភាសទៅកាន់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ នៅពេលដែលហ្វូងអ្នកគាំទ្រនៅកីឡដ្ឋាន Al-Shabab Club Stadium បាននាំគ្នាស្រែកឈ្មោះកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជាការឌឺដងទៅ Ronaldo ។

កាយវិការមិនសមរម្យរបស់ Ronaldo មិនត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ទេ ប៉ុន្តែត្រូវបានថតដោយអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ហើយវីដេអូនោះត្រូវបានចែករំលែកពាសពេញបណ្ដាញទំនាក់ទំនងសង្គម ហើយទាក់ទាញមតិរិះគន់យ៉ាងខ្លាំងលើប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ។

យោងតាមកាសែតអារ៉ាប៊ីសាអូឌីត Asharq al-Awsat រាយការណ៍ថា សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីបានបើកការស៊ើបអង្កេតលើកាយវិការរបស់ Ronaldo ។ លោក Waleed Al Farraj ដែលជាពិធីករទូរទស្សន៍ដ៏លេចធ្លោរបស់អារ៉ាប៊ីសាអូឌីត បានលើកឡើងលើបណ្ដាញសង្គម X ថា «គណៈកម្មាធិការវិន័យកំពុងប្រឈមមុខនឹងការសាកល្បងដ៏ធំបំផុត យើងនឹងរង់ចាំមើលទាំងអស់គ្នា។ អ្វីគ្រប់យ៉ាង​គឺមានដែនកំណត់របស់វា មិនថាអ្នកល្បីខ្លាំង ប៉ុនណានោះទេ ហើយនេះជារបៀបដែលលីគបាល់ទាត់ធំៗមាន»។

សូមជម្រាបថា កីឡាករ Cristiano Ronaldo បានមកចូលរួមជាមួយក្លិប Al-Nassr ដោយគ្មានតម្លៃខ្លួន (Free Agent) នៅចុងឆ្នាំ ២០២២ ភ្លាមៗបន្ទាប់ពីចែកផ្លូវជាមួយក្លិប Manchester United។

Ronaldo បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងអ្នកស៊ុតបាល់បញ្ចូលទីលីគកំពូលអារ៉ាប៊ីសាអូឌីត ដោយរកបាន ២២គ្រាប់ក្នុងការបង្ហាញខ្លួន ២០ប្រកួត នៅរដូវកាលនេះ ខណៈក្រុម Al-Nassr កំពុងឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាង Saudi Pro League ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ