ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំពត់​បត់​ខ្មែរ នឹង​ត្រូវ​ដាក់​បង្ហាញ​ក្នុង​រាត្រី​ស​មោ​សរ នៅ​ដើមខែ​មីនា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​សំពត់​បត់​ខ្មែរ ដែល​មាន​តាំងពី​ដូនតា​យើង​មក​នោះ ក្រុម​អ្នកជំនាញ​កែ​ច្នៃ​រចនា​ម៉ូ​ដ​សំពត់​បត់​តាម​លក្ខ​ខណៈ​ប្រពៃណី​បុរាណ និង​សម័យ​នឹង​ធ្វើការ​ដាក់​បង្ហាញ​ស្នាដៃ​ខ្លួន នៅ​ក្នុង​រាត្រី​ស​មោ​សរ នៅ​ដើមខែ​មីនា ឆ្នាំ​២០២៤​ខាង​មុខ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋលេខាធិការ​ក្រ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​សំពត់​បត់​ខ្មែរ ដែល​មាន​តាំងពី​ដូនតា​យើង​មក​នោះ ក្រុម​អ្នកជំនាញ​កែ​ច្នៃ​រចនា​ម៉ូ​ដ​សំពត់​បត់​តាម​លក្ខ​ខណៈ​ប្រពៃណី​បុរាណ និង​សម័យ​នឹង​ធ្វើការ​ដាក់​បង្ហាញ​ស្នាដៃ​ខ្លួន នៅ​ក្នុង​រាត្រី​ស​មោ​សរ នៅ​ដើមខែ​មីនា ឆ្នាំ​២០២៤​ខាង​មុខ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋលេខាធិការ​ក្រ សួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​វប្បធម៌​លោក​ជំទាវ ឡង់ ឌី​សាន់​ណា​រ៉ា រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ វិចិត្រសិល្បៈ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កម្មវិធី​«​រាត្រី​ស​មោ​សរ​សំពត់​បត់​ខ្មែរ​»​បាន​ថ្លែង​ថា​សំពត់​បត់​ខ្មែរ​យើង​មាន​តាំងពី​ដូនតា​យើង​មក​ម្ល៉េះ ប៉ុន្តែ​ដោយសារ​តែ​របស់​ខ្មែរក្រហម បាន​បំផ្លិចបំផ្លាញ​ស្ទើរ​ទាំងអស់​ស្រុង​ប្រពៃណី​ខ្មែរ​យើង​នេះ​ពោល​គឺ​រហូត​ដល់​ប្រទេស កម្ពុជា​ត្រូវ​បាន​រំដោះ​ចេញពី​របប​ខ្មៅ​ងងឹត​នេះ ធ្វើ​ឲ្យ​មានការ​ស្លៀក​បែប​ប្រពៃណី​សំពត់​បត់​ខ្មែរ​យើង​នេះ​វិញ ។

លោក​ជំទាវ បាន​លើក​ឡើង​ចំពោះ​មុខ​អ្នកសិល្បៈ​ល្បី​ៗ​ជា​ច្រើន​រូប ហើយ​ខាង​អ្នក​ខ្នៃ​ម៉ូ​ដ សំពត់​បត់​បែប​បុរាណ និង​សម័យ ថា ការ​ដាក់​បង្ហាញ​ម៉ូ​ដ​សំពត់​បត់​រាត្រី​សមោ​សរ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៤​ខាង​មុខ នៅ​សាល​ស​ន្នី​សី​ទ​ចតុមុខ​។ ការ​ដាក់​បង្ហាញ​នេះ ដែរ​នឹង​មានការ​ចូលរួម​ដាក់​បង្ហាញ​ពី​អ្នកសិល្បៈ​ល្បី​ៗ​ជា​ច្រើន​រូប ក្នុង​ការ​បង្ហាញ​សំពត់​បត់ បែប​សម័យ​បុរាណ និង​សម័យ ដែល​អ្នក​ទស្សនាការ​ចូល​មើល​ដោយ​សេរី ។

លោក​ជំទាវ បាន​បន្ថែម​ថា ស​ន្នី​សី​ទ​សារព័ត៌មាន​នេះ គឺ​ដើម្បី​ចង់​ឲ្យ​ប្អូន​ៗ ក្មួយ​ៗ ជំនាន់​ក្រោយ​បាន​យល់​ដឹង​ពី​សំពត់​បត់ គឺជា​កេរ្តិ៍​ដំណែល​អ​រូបិយ៍​របស់​ដូនតា​ខ្មែរ បាន​បន្សល់​ទុក ដើម្បី​អ្នក​ជំនាន់​ក្រោយ ។

លោក​ជំទាវ បាន​បញ្ជាក់​ថា ៖ «​អ៊ីចឹង ក្នុង​នាម​យើង​ជា​ទំពាំង​ស្នង​ឬ​ស្សី ក្នុង​នាម​ជា​យុវជន​ខ្មែរ គឺ​មាន​ភារកិច្ច ដឹង​ថា នេះ​ជា​សម្លៀក​បំពាក់​ដល់​ល្អ​ឯក ដែល​ដូនតា​យើង​បន្សល់​ទុក ហើយ​យើង​ត្រូវ​ចេះ​ក្រឡេក​មើល​ថ្នាក់ដឹកនាំ​ស្ថាប័ន​នានា ដែល​ស្លៀកសំពត់​បត់​នេះ​ស្ទើរតែ​៩០​ភាគរយ ក៏​ប៉ុន្តែ​ថ្នាក់ដឹកនាំ​ធ្វើ​គំរូ​ហើយ តែបើ​ក្រឡេក​មើល​ប្អូន​ៗ​យុវជន​មួយ​ចំនួន​តូច មិន​ទាន់​យល់​ថា តម្លៃ​សំពត់​បត់​មាន​តម្លៃ​ល្អ​បែប​ណា​ទេ រហូត​ដល់​ទៅ​វត្ត​ស្លៀក​បំពត់​ខ្លី​ៗ ទៀត​ផង​» ។

លោក​ជំទាវ រដ្ឋលេខាធិការ បាន​បន្ថែម​កម្មវិធី​រាត្រី​ស​មោ​សរ នឹង​ទទួល​បាន​ស្វាគមន៍ ចំពោះ​បណ្តាញសារព័ត៌មាន​ទាំងអស់ ក្នុង​ការ​ផ្សាយ​ដោយ​ទូលាយ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ឲ្យ​ប្រជាពលរដ្ឋ​បានដឹង ពិសេស​យុវជន​ជំនាន់​ក្រោយ​នៅ​ទូ​ទាំង​ប្រទេស​ដឹង ។

បើ​តាម​លោក​ជំទាវ​រដ្ឋលេខាធិការ បាន​ឲ្យ​ដឹង​ថា កម្មវិធី​រាត្រី​ស​មោ​សរ​ បង្ហា​ញ​សំពត់​បត់​ខ្មែរ​នេះ ត្រូវ​បាន​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌​ឲ្យ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​តែ​ម្តង ក៏​ប៉ុន្តែ​ទាល់តែ​មានការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ យុវជន ក៏​ដូច​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ បាន​អះអាង​ថា សំពត់​បត់​ខ្មែរ បើ​តាម​មើល​ភាព​សភាព​ជាក់ស្តែង គឺជា​អត្តសញ្ញាណ​ជាតិ​មួយ​របស់​ខ្មែរ ទោះបី​នៅ​ប្រទេស​ជិតខាង​យើង មាន​សំពត់ បត់ ផ្ទាល់ខ្លួន​ក្តី ។ ព្រោះថា បើ​យើង​ដាក់​សំពត់​បត់​ខ្មែរ នៅ​ជិត​សំពត់​បត់​របស់​ប្រទេស​ជិតខាង​នោះ យើង​នឹង​អាច​បែងចែក​ដាច់​ពី​គ្នា ។

លោក​ជំទាវ គូសបញ្ជាក់​ថា ៖ «​នៅ​ពេល​យើង​យក​សំពត់​បត់ គេ​មក​ដាក់​ជិត​គ្នា យើង​ឃើញ​ថា សំពត់​បត់​ខ្មែរ គឺ​មានការ​លេចធ្លោ ហើយ​លក្ខ​ខណៈ សម្បត្តិ​របស់​សំពត់​បត់​ខ្មែរ គឺ​មាន​ចង្កេះ ត្រគៀក ហើយនឹង​ជួយ​បិត​បាំង​នារី​ខ្មែរ ទោះបី​គាត់​ធាត់ ឬ​ស្គម គឺ​ស្លៀក​ទៅ​ធ្វើ​ឲ្យ​នារី​ខ្មែរ​យើង ស្អាត​» ។

ក្រុម​អ្នកសិល្បៈ ជា​ច្រើន​រូប ដែល​អញ្ជើញ​ជា​ធិ​បតី ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ហើយ​ជា​អ្នក​រចនា​ម៉ូ​ដ​សំពត់​បត់​របស់​ខ្មែរ ក៏​បាន​នាំ​គ្នា​លើក​ឡើង​ថា ពួក​គេ​នឹង​នាំ​យក​សំពត់​បត់​បែប​ខ្មែរ​សម័យ​បុរាណ និង​សំពត់​បត់​បែប​សម័យ​ដែល​ពួក​គេ​ខិតខំ​រចនា​ឡើង​ទៅ​ដាក់​បង្ហាញ​នៅ​ក្នុង កម្មវិធី រាត្រី​ស​មោ​សរ​នោះ ដើម្បី​ឲ្យ​ទស្សន​ជន​បានឃើញ​ពី​គុណ​តម្លៃ​របស់​សំពត់ បត់​ខ្មែរ​យើង ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ