ខេត្តព្រះសីហនុ ៖ «សណ្ឋាគារ វីនីណា ប៊ូទីក» ស្ថិតក្នុងក្រុងព្រះសីហនុ ត្រូវបានក្រុមការងារផាកពិន័យរបស់រដ្ឋបាលក្រុងព្រះសីហនុ ធ្វើការចុះអប់រំនិងសម្រេចផាកពិន័យក្នុងទឹកប្រាក់ចំនួន៥០០.០០០រៀល ក្នុងនោះដោយទុករយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃធ្វើកំណត់ហេតុនេះ ។ នេះបើយោងតាមផេកផ្លូវការណ៍របស់លោកគួច ចំរើន ។
គួរបញ្ជាក់ថា ការចាប់ផាកពិន័យខាងលើ ក្រោយពីសណ្ឋាគារមួយកន្លែងនេះ មិនបានគោរពតាមការណែនាំ ដោយយកសំរាមទៅចោលនៅទីសាធារណៈ និងបញ្ចេញសំរាមខុសពេលវេលាតាមរដ្ឋបាលក្រុងបានកំណត់ ។
ជាក់ស្តែង យោងតាមផេករបស់លោកគួច ចំរើន បានឱ្យដឹងបែបនេះថា «សូមគោរពលោកប្រធានថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារផាកពិន័យរបស់រដ្ឋបាលក្រុងព្រះសីហនុបានចុះអប់រំទីតាំងឈ្មោះសណ្ឋាគារ វីនីណា ប៊ូទីក ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ដោយទីតាំងនេះ បានយកសំរាមទៅចោលនៅទីសាធារណៈ និងបញ្ចេញសំរាមខុសពេលវេលាតាមរដ្ឋបាលក្រុងបានកំណត់ ។ ក្រុមការងារសម្រេចផាកពិន័យអន្តការណ៍ជាទឹកប្រាក់ចំនួន៥០០.០០០រៀល ស្ដីពីអនុក្រិត្យ១១៣នៃមាត្រាទី៤៨ ។ តម្រូវអោយម្ចាស់ទីតាំងបង់ការផាកពិន័យនៅរដ្ឋបាលក្រុងព្រះសីហនុ ដោយទុករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃធ្វើកំណត់ហេតុ ។ ករណីម្ចាស់ទីតាំងមិនគោរពតាមការណែនាំរបស់ក្រុមការងារនោះក្រុមការងារនិងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ សូមលោកប្រធានជ្រាប» ។
វិធានការចាប់ផាកពិន័យទៅលើអ្នកបោះសំរាមចោលផ្តេសផ្តាសលើផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ បើទោះជាបោះចោលថង់១ ក៏រាប់ថាខុសដែរ ហើយបន្ថែមពីលើវិធានការនេះ សម្រាប់អ្នកបញ្ចេញសំរាម និងក្រុមហ៊ុនប្រមូលសំរាមដែលខុសម៉ោងពេលវេលានោះ ក៏ត្រូវធ្វើការចាប់ផាកពិន័យដូចគ្នាដែរ ។
បើតាមផេកប្រជាជនខេត្តព្រះសីហនុបង្ហោះទៀតថា ចំពោះក្រុមហ៊ុនប្រមូលសំរាមណាយឺត ខកពេល មិនមកតាមពេលវេលាកំណត់ តើមានវិធានការទេ? ចម្លើយគឺ«ទទួលរងការផាកពិន័យដូចគ្នា និងអាចឈានទៅរកការបញ្ចប់កិច្ចសន្យា ក្នុងករណីរកឃើញថាក្រុមហ៊ុនពុំមានលទ្ធភាពក្នុងការកែសម្រួលបាន»។ នេះបើយោងតាមប្រសាសន៍របស់លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ។
ខេត្តព្រះសីហនុតែងតែធ្វើការការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ត្រូវចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងលើកកម្ពស់សោភ័ណភាពទីក្រុង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ ។
ចែករំលែកព័តមាននេះ