ការខំប្រឹងប្រែងរៀនសូត្រ អំណត់តស៊ូបានធ្វើអោយយុវជនម្នាក់ដែលអតីតកាល កើតក្នុងតំបន់អតីតជំរុំជនភៀសខ្លួន និងជាក្មេងវត្តមួយរូបអាចមានសមត្ថភាពចាកចេញពីគ្រួសារត្រកូលកសិករក្លាយជាបុគ្គលដែលអាចទទួលមុខងារជា សហស្ថាបនិក ក្រុមយុវជន វ័យក្មេងបង្កើតរ៉ូបូតសម័យថ្មី ។

បុរសរាងស្គមស្តើងស៊ុយ កុសល ដែលមានអាយុត្រឹម២៥ឆ្នាំ ជាសហស្ថាបនិកក្រុមយុវជនវ័យក្មេងបង្កើតរ៉ូបូត បានអោយកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាពដឹងថា កាលដែលលោកក្លាយជាសហប្រធាននេះ មិនមែនដោយសារតែលោកមានចំណេះដឹងខ្ពង់ខ្ពស់ជាងគេ ហើយក៏មិនមែនមានន័យថា លោកពូកែជាងគេទើបក្លាយជាប្រធាននោះដែរតាមពិតទៅ គឺទំនុកចិត្ត ។
កើតក្នុងត្រកូលគ្រួសារកសិករ នៅស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា ថៃ មានបងប្អូនសរុប៨នាក់ លោកស៊ុយ កុសល ជាកូនទី៨ ហើយក៏ជាយុវជនឆ្នើមក្នុងគ្រួសារ ។ លោកត្រូវបានឪពុកម្តាយបញ្ជូនអោយទៅរៀននៅសាលាបឋមសិក្សាសិលាមានជ័យក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។ បន្ទាប់មកលោកបានបន្ត មករៀននៅវិទ្យាល័យកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង រហូតចប់ថ្នាក់ទី១២ ហើយក៏បន្តតស៊ូការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ កុំព្យូទ័រនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោកបានអោយដឹងថា ទោះបីជាលោកជាអតីតក្មេងវត្ត និងរស់នៅជាយដែនពិតមែន តែលោកតែងតែសំភីនៅក្នុងការសិក្សា សូម្បីតែវគ្គខ្លីៗក៏លោកតែងតែខំសិក្សាជាបន្តបន្ទាប់ ។ លោកបាន បន្តទៀតថា «ហេតុអីបានជាយើងមកចាប់អារម្មណ៍លើវិទ្យាសាស្ត្រកុំព្យូទ័រមែនទែនទៅដោយសារតែនៅក្មេងខ្ញុំចូលចិត្តអេឡិចត្រូនិច ។ ខ្ញុំចូលចិត្តហ្គេមអ្វីក៏ដោយ អោយតែពាក់ព័ន្ធទៅនឹងអ្វីដែលថ្មីៗ យើងអត់ដែលស្គាល់យើងចង់ដឹងពីដំណើរការនៅខាងក្នុង ។

ពេលដល់ធំបន្តិចទៅ អ្នកផ្ទះគាត់មានទូរទស្សន៍មួយ ហើយខ្ញុំតែងតែមើលពីបច្ចេកវិទ្យា ជាពិសេសនៅប្រទេសជប៉ុន ហើយនៅពេលដែលខ្ញុំមើលឃើញរូបភាពអស់នោះ ខ្ញុំចង់ ហើយខ្ញុំតែងតែប្រាថ្នាថ្ងៃណាមួយខ្ញុំចង់មករៀនជំនាញទាំងអស់នោះ» ។
លោក ស៊ុយ កុសល បន្តថា ដោយសារឃើញពីការខិតខំ និងតស៊ូនេះហើយ លោកត្រូវបានជ្រើសតាំងអោយធ្វើជាប្រធាន ក្រុមយុវជនសម័យថ្មីបង្កើតរ៉ូបូតក្នុងឆ្នាំ២០១៨ ដើម្បីដឹកនាំ និងគ្រប់គ្រងសកម្មភាពសមាជិកដែលគិតមកទល់ពេលនេះ មានសមាជិកសុទ្ធសឹងតែជាយុវជនវ័យក្មេងៗសរុប២៣នាក់ និង៥ដេប៉ាត់តឺម៉ង់ ។
ក្នុងនាមជាបញ្ញាវ័ន្តវ័យក្មេងម្នាក់លោកបានប្រកាសជំរុញយុវជនកម្ពុជា អោយបន្តខិតខំសិក្សាស្រាវជ្រាវអភិវឌ្ឍចំណេះដឹង ដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសជាតិតាមរយៈការកាត់បន្ថយការសប្បាយរីករាយច្រើនឥតប្រយោជន៍មកចូលរួមអភិវឌ្ឍខ្លួនឯង និងសង្គម ។
លោក បានបញ្ជាក់ថា «ខ្ញុំអាចធ្វើជាគំរូដល់ក្មួយៗធ្វើអោយឪពុកម្តាយយល់ថា គាត់មានកូនម្នាក់ ដែលខិតខំប្រឹងរៀន ហើយគាត់មានកូនម្នាក់ដែលស្តាប់បង្គាប់គាត់ ដែលស្រឡាញ់អប់រំសារអប់រំរបស់គាត់ ។ ខ្ញុំគិតថា វាមានន័យសំខាន់មែនទែនសម្រាប់គាត់នេះហើយបានធ្វើអោយគាត់ស្រក់ទឹកភ្នែកបាន ។ អ៊ីចឹងខ្ញុំគិតថា បើសិនជាយើងជាជនជាតិខ្មែរដូចគ្នា ទោះបីជាក្នុងស្ថាប័នណាក៏ដោយ បើសិនជាយើងមិនមែនធ្វើដើម្បីប្រយោជន៍ខ្លួនឯង ហេតុអ្វីយើងមិន ចូលរួមជួយគ្នា» ៕ ដោយៈ ស នីត

ចែករំលែកព័តមាននេះ