រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលញៀនថ្នាំ បានត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យជំនះក្រោយពីជននេះធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តឡិចស៊ីស៥៧០ នៅមុខផ្ទះលេខ១៨១Eo ផ្លូវលេខ១៩ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១១ ហើយព្យាយាមរត់គេចខ្លួន។ មន្ត្រីនគរបាលបានឱ្យដឹងថា បុរសម្នាក់នេះឈ្មោះ សូរ សាមីត អាយុ២៧ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។
យោងតាមបណ្តឹងរបស់លោកអ៊ុក ណូផា អាយុ៤៣ឆ្នាំ ជាអង្គរក្ស ស្នាក់នៅផ្ទះលេខ១៨១Eo ភូមិ៩ សង្កាត់ជ័យជំនះ បានឱ្យដឹងថា នៅវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១១ គាត់បានអង្គុយនៅក្នុងផ្ទះលុះក្រឡេកមើលទៅរថយន្តឡិចស៊ីស៥៧០ដែលចតស្ងៀម ស្រាប់តែឃើញបុរសម្នាក់កំពុងយកដែកចុងស្រួចសំប៉ែតគាស់កញ្ចក់មើលចំហៀងខាងឆ្វេង ។ ភ្លាមៗនោះរូបគាត់និងអ្នកបើករបរថយន្តបានរត់ចេញពីក្នុងផ្ទះដេញតាមចាប់ជនសង្ស័យ ខណៈពេលជននោះឡើងជិះម៉ូតូបើកបានប្រហែលជា៦ម៉ែត្រពីរថយន្តចតម៉ូតូក៏ដួលកណ្តាលថ្នល់ចាប់បានម្នាក់ ឯបក្សពួកម្នាក់ទៀតបើកម៉ូតូគេចខ្លួនបាត់ ។ មន្ត្រីនគរបាលបានបញ្ជាក់ថា ខណៈពេលចាប់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតបានកូនសោលេខ៨ចំនួនមួយនិងដែកជ្រុងចុងស្រួចសំប៉ែតមួយ ។
ជនសង្ស័យឈ្មោះសូរ សាមីត បាននិយាយថា រូបគេនិងបក្សពួកជិះម៉ូតូធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តស៊េរីទំនើបតាមផ្លូវសាធារណៈបានសម្រេចចំនួន៤លើកហើយ មុនពេលនគរបាលឃាត់ខ្លួនបាននេះ ដោយក្នុងកញ្ចក់មួយគេយកទៅលក់នៅម្តុំលក់គ្រឿងបន្លាស់រថយន្តតាមផ្លូវភ្លោះពេទ្យព្រះអង្គឌួង សង្កាត់វត្តភ្នំ បានតម្លៃកញ្ចក់មួយពី១៥ដុល្លារទៅ២០ដុល្លារ ។ ពួកគេនិយមប្រើប្រាស់គ្រឿងញៀនជាប្រចាំ ពេលណាអត់លុយតែងតែជិះម៉ូតូចល័តមើលតាមដងផ្លូវឃើញរថយន្តណាចតចោលទំនងអាចលួចបានគឺរូបគេកាច់កញ្ចក់យកតែម្តង ប៉ុន្តែប៉ះចំថ្ងៃស៊យពេលលួចយកកញ្ចក់រថយន្តឡិចស៊ីស៥៧០នៅចំណុចខាងលើបានសម្រេចហើយតែគេចមិនផុតពីម្ចាស់រថយន្ត ៕
ចែករំលែកព័តមាននេះ