រាជធានីភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសស្តីពីជនជាតិម៉ាឡេស៊ីចំនួន០៦នាក់ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនកញ្ឆាក្រៀមទម្ងន់ប្រមាណ៦២គីឡូក្រាម នៅចំណុចស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលអត់ប៉ាស្ព័របម្រុងលោតឆត្រទៅកាន់ប្រទេសអង់គ្លេស ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សមត្តកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយសមត្តកិច្ច គយ និងរដ្ឋាករ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ក្រាបករណីគ្រឿងញៀននៅចំណុចស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ក្នុងរង្វង់ប្រតិបត្តិការ សមត្តកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ ដកហូតវត្ថុតាងពីជនសង្ស័យ ៖
១.ឈ្មោះ MOHAMAD NORIDZWIN BIN ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិម៉ាឡេស៊ី
២.ឈ្មោះ FOO BENG WAH ភេទប្រុស អាយុ៤៧ ឆ្នាំ ជនជាតិម៉ាឡេស៊ី
៣.ឈ្មោះ MUHAMMAD HAFIZSYAHMI ភេទប្រុស អាយុ២៨ ឆ្នាំ
៤.ឈ្មោះ MOHD RAHMAN BIN KHALID ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិម៉ាឡេស៊ី
៥.ឈ្មោះ WONG KIEN FATT ភេទប្រុស អាយុ៧១ ឆ្នាំ ជនជាតិម៉ាឡេស៊ី
៦.ឈ្មោះ NIK FAIRRUL BIN JUSOH ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិម៉ាឡេស៊ី នូវសារធាតុញៀនជាប្រភេទ រុក្ខជាតិញៀន កញ្ឆាក្រៀម ទម្ងន់ ៦១.៨៧៦ ក្រាម ដែលជនសង្ស័យបានដាក់នៅក្នុងវ៉ាលីសចំនួន ០៤ ក្នុងគោលបំណងដឹកចេញពីទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ទៅកាន់ទីក្រុងហុងកុង ប្រទេសចិន និងបន្តទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
បន្ទាប់ពីប្រតិបត្តិការនេះ សមត្តកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង០៦ នាក់ខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ពន្ធនិងករណីគ្រឿងញៀនខាងលើនេះ សមត្តកិច្ចបាមនិងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីទទួលបាន និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យជនសង្ស័យទាំង០៦ នាក់ខាងលើ និងបក្សពួក ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
បន្ទាប់ពីតំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ