ខេត្តព្រះសីហនុ ៖ ការចោលនិងទុកដាក់សំរាមយ៉ាងអនាធិបតេយ្យ និងពាសវាលពាសកាល នៅតែជាបញ្ហាដដែលៗនៅក្នុងក្រុងព្រះសីហនុ ក៏ព្រោះតែបងប្អូនយើងមួយចំនួននៅមិនបានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីលុបបំបាត់ភាពកខ្វក់តាមទីសាធារណៈ បំបាត់ក្លិនស្អុយជះអាសោចន៍ដល់ភ្ញៀវទេសចរ និងបង្កឱ្យប៉ះពាល់ទៅដល់បរិស្ថាន ពិសេសនោះ គឺប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងពិតប្រាកដ ។
ជាមួយនិងភាពរឹងទទឹងបែបនេះ អាជ្ញាធរតាមមូលដ្ឋានក៏មិននៅសំងំស្ងៀមនោះដែរ ដោយធ្វើសេចក្ដីប្រកាសប្រាប់ជាបន្តបន្ទាប់ទៀត ឬថតបង្ហាញកន្លែងទីតាំងចាក់សំរាមនោះ ហើយអាចនឹងថតរូបម្ចាស់ផ្ទះឬអ្នកបោះសំរាមចោលនោះមកបង្ហោះភ្លាមៗផងដែរ ។
ជាក់ស្តែង យោងតាមផេកប្រជាជនខេត្តព្រះសីហនុបានឱ្យដឹងនារសៀលនេះថា «មិនមានការអប់រំណែនាំទៀតទេ គឺមានតែការពិន័យ និងធ្វើកិច្ចសន្យាជាមួយពលរដ្ឋជាម្ចាស់ផ្ទះ និងជាម្ចាស់សំរាម ស្ថិតនៅផ្លូវខាងលិចរបងអនុវិទ្យាល័យសម្ដេចឪ ជិតរង្វង់មូលត្រីដាវ ក្នុងសង្កាត់លេខ៣ ។ សូមរៀបចំប្រមូលវេចខ្ចប់សំរាមមុខផ្ទះទុកដាក់ឱ្យបានត្រឹមត្រូវ មុនអាជ្ញាធរចុះពិនិត្យ និងធ្វើការផាកពិន័យ ។
គួរបញ្ជាក់ថា វិធានការចាប់ផាកពិន័យទៅលើអ្នកបោះសំរាមចោលផ្តេសផ្តាសលើផ្លូវសាធារណៈ បើទោះជាបោះចោលថង់១ក៏រាប់ថាខុសដែរ ហើយបន្ថែមពីលើវិធានការនេះ សម្រាប់អ្នកបញ្ចេញសំរាម និងក្រុមហ៊ុនប្រមូលសំរាមដែលខុសម៉ោងពេលវេលានោះ ក៏ត្រូវធ្វើការចាប់ផាកពិន័យដូចគ្នាដែរ ។
បើតាមផេកប្រជាជនខេត្តព្រះសីហនុបង្ហោះទៀតថា ចំពោះក្រុមហ៊ុនប្រមូលសំរាមណាយឺត ខកពេល មិនមកតាមពេលវេលាកំណត់ តើមានវិធានការទេ? ចម្លើយគឺ«ទទួលរងការផាកពិន័យដូចគ្នា និងអាចឈានទៅរកការបញ្ចប់កិច្ចសន្យា ក្នុងករណីរកឃើញថាក្រុមហ៊ុនពុំមានលទ្ធភាពក្នុងការកែសម្រួលបា»។ នេះបើយោងតាមប្រសាសន៍របស់លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ។
សូមរំលឹកទៀតថា ខេត្តព្រះសីហនុតែងតែធ្វើការការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ត្រូវចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងលើកកម្ពស់សោភ័ណភាពទីក្រុង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ ។
ចែករំលែកព័តមាននេះ