ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ចោទ​ប្រកាន់​មេ​បង​ធំ​ជប៉ុន​ពី​បទ​រត់​ពន្ធ​អាវុ.ធ និង​នុយក្លេអ៊ែរ

8 ខែ មុន

«មាន​សេចក្ដី​រាយ​ការណ៍​មក​ថា​ពួក​យ៉ាគូហ្សា​ជប៉ុន​​​ខាត​បង់​ច្រើន​ដោយ​សារ​ការ​រំខាន​នៃ​របប​យោធា​មីន​អុង​ឡាំង​។ ដូច្នេះ ពួក​គេ​ចង់​ងាក​ទៅ​ជួយ​ខាង​ក្រុម​ឧទ្ទាម និង​ក្រុម​បះ​បោរ​ដែល​ប្រឆាំង​នឹង​មីន​អុង​ឡាំង​។ ពួក​គេ​ដឹក​សារ​ធាតុ​វិទ្យុ​សកម្ម​ចេញ​ពី​ប្រទេស​ភូមា​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ និង​ជួយ​ទិញ​អាវុធ​ និង​គ្រាប់​មីស៊ីល​យក​ទៅ​ឱ្យ​ពួក​ឧទ្ទាម​នៅ​ក្នុង​ព្រៃ​​​។ ជា​ថ្ណូរ​ត្រឡប់​មក​វិញ ពួក​គេ​​ទទួល​បាន​​គ្រឿង​ញៀន​​ហេរ៉ូអ៊ីន និង​មេតំហ្វេតាមីន​​។…

«មាន​សេចក្ដី​រាយ​ការណ៍​មក​ថា​ពួក​យ៉ាគូហ្សា​ជប៉ុន​​​ខាត​បង់​ច្រើន​ដោយ​សារ​ការ​រំខាន​នៃ​របប​យោធា​មីន​អុង​ឡាំង​។ ដូច្នេះ ពួក​គេ​ចង់​ងាក​ទៅ​ជួយ​ខាង​ក្រុម​ឧទ្ទាម និង​ក្រុម​បះ​បោរ​ដែល​ប្រឆាំង​នឹង​មីន​អុង​ឡាំង​។ ពួក​គេ​ដឹក​សារ​ធាតុ​វិទ្យុ​សកម្ម​ចេញ​ពី​ប្រទេស​ភូមា​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ និង​ជួយ​ទិញ​អាវុធ​ និង​គ្រាប់​មីស៊ីល​យក​ទៅ​ឱ្យ​ពួក​ឧទ្ទាម​នៅ​ក្នុង​ព្រៃ​​​។ ជា​ថ្ណូរ​ត្រឡប់​មក​វិញ ពួក​គេ​​ទទួល​បាន​​គ្រឿង​ញៀន​​ហេរ៉ូអ៊ីន និង​មេតំហ្វេតាមីន​​។ គ្រឿង​ញៀន​ទាំង​នេះ​​ជា​ទំនិញ​ដែល​យ៉ាគូហ្សា​ត្រូវ​ការ​។»


ទី​ក្រុង​ញូយ៉ក៖ ​អាជ្ញាធរ​អាមេរិក​និយាយ​ថា​ខ្លួន​បានចោទ​ប្រកាន់​​មេ​បង​ធំ​ជប៉ុន​​​ (យ៉ាគូហ្សា yakuza) ពី​បទ​​រត់​ពន្ធ​​សារ​ធាតុ​​ផលិត​អាវុធ​នុយក្លេអ៊ែរ​ចេញ​ពី​ប្រទេស​ភូមា​ និង​ប្រុង​​យក​ទៅ​លក់​ឱ្យ​អ្នក​ដទៃ​ដើម្បី​យក​ប្រាក់​មក​​ដោះ​ដូរ​ជា​មួយ​នឹង​ការ​ទិញ​អាវុធ​។​ មេ​យ៉ាគូ​ហ្សា​ជប៉ុន​ឈ្មោះ​តាកេស៊ី អេប៊ី​សាវ៉ា (Takeshi Ebisawa) និង​បក្ស​ពួក​​ឈ្មោះ​សម្ភព​ សិង្ហ​សិរី​ (Somphop Singhasiri) ​​ធ្លាប់​ជាប់​​ចោទ​​​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២២​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន និង​​កាន់​កាប់​អាវុធ​ខុស​ច្បាប់​។​

​អ្នក​ទាំង​២​ជាប់​ចោទ​ពី​បទ​រួម​គំនិត​លក់​វត្ថុ​ធាតុ​ដើម​សម្រាប់​ផ្សំ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ និង​គ្រឿង​ញៀន​ដ៏​គ្រោះ​ថ្នាក់​​ដោយ​ដឹក​ចេញ​ពី​ប្រទេ​ស​ភូមា​ និង​​ចេញ​មុខ​ទិញ​អាវុធ​ជំនួស​ពួក​ឧទ្ទាម​​​មួយ​ក្រុម​​។​ ​បើ​ប្រតិ​បត្តិ​ការ​របស់​ពួក​​នេះ​បាន​ជោគ​ជ័យ​ វា​នឹង​ក្លាយ​ជា​រឿង​ដ៏​គ្រោះ​ថ្នាក់​។ ក្រសួង​យុត្តិ​ធម៌​អាមេ​រិក​ត្រូវ​តែ​​ដាក់​ទោស​​​បុគ្គល​​​ដែល​ដឹក​ជញ្ជូន​វត្ថុ​ធាតុ​ដើម​ទាំង​នោះ​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​សន្តិសុខ​ជាតិ​របស់​អាមេរិក​ និង​ប៉ះ​ពាល់​ស្ថិរ​ភាព​ជា​អន្តរ​ជាតិ​។​ ខាង​លើ​នេះ​ជា​ការ​រៀប​រាប់​​​របស់​អគ្គ​រដ្ឋ​អាជ្ញា​រង​។

​​​បទ​​​​ចោទ​ប្រកាន់​​នេះ​រក​ឃើញ​ថា​ជន​ជាប់​ចោទ​មាន​គម្រោង​ទិញ​​អាវុធ​ធុន​ធ្ងន់​ដែល​រួម​ទាំង​​​គ្រាប់​មីស៊ីល​​​បាញ់​ពី​ដី​ទៅ​អាកាស​ផង​ដែរ​។ រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ថា​​មេ​យ៉ាគូហ្សា​​​​​ឈ្មោះ​អេប៊ីសាវ៉ា (Ebisawa) ហ៊ាន​ដឹក​ជញ្ជូន​​យ៉ាង​គឃ្លើន​​នូវ​សារ​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម (uranium) និង​​ភ្លុយ​តូនីញ៉ូម​ (plutonium) ​រួម​ជា​មួយ​គ្រឿង​ញៀន​យ៉ាង​​ច្រើន​​ចេញ​ពី​ប្រទេស​ភូមា​។

មេ​យ៉ាគូហ្សា​ជប៉ុន​ដែល​ជាប់​ចោទ​ពី​បទ​រត់ពន្ធ​សារ​ធាតុ​វិទ្យុ​សកម្ម និង​មីស៊ីល​​ដើម្បី​យក​ទៅ​​ឱ្យ​ពួក​ឧទ្ទាម​ភូមា​​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​​គ្រឿង​ញៀន​

កាល​​​ពី​ឆ្នាំ​២០២០​​ អេប៊ីសាវ៉ា​និយា​យអួត​ប្រាប់​ភ្នាក់​ងារ​បង្កប់​​​ម្នាក់​​ (ដែល​បន្លំ​ខ្លួន​ចូល​​​ក្នុង​ក្រុម​ពាល​​​)​ ថា​គាត់មាន​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ជា​ច្រើន​​ ហើយ​​គាត់​ចង់​លក់​​របស់​ទាំង​នេះ​។ គាត់​​បង្ហាញ​រូប​ថត​​ឱ្យ​ភ្នាក់​ងារ​បង្កប់​មើល​ថែម​ទៀត​ផង​​​។​ នៅ​ក្នុង​ប្រតិ​បត្តិ​ការ​​វាយ​ឆ្មក់​​ក្រោម​កិច្ច​សហ​ការ​ពី​ភ្នាក់​ងារ​បង្កប់​​​​, អាជ្ញាធរ​ថៃ​​​​រឹប​អូស​​​សារ​ធាតុ​ម្សៅ​លឿង​​​ពីរ​កញ្ចប់​ប្រគល់​ទៅ​ឱ្យ​ក្រុម​ស៊ើប​អង្កេត​របស់​អាមេរិក​​។ មេ​យ៉ាគូហ្សា​រូប​នេះ​ប្រាប់​ថា​នោះ​ជា​ម្សៅ​អ៊ុយ​រ៉ាញូម​ចម្រាញ់ (yellowcake)។

ម្សៅ​អ៊ុយ​រ៉ាញូម​ចម្រាញ់ (yellowcake)

ក្រសួង​យុត្តិធម៌​អាមេរិក​ថ្លែង​ថា​យោង​តាម​លទ្ធ​ផល​ធ្វើ​ពិសោធ​, ​សារ​ធាតុ​ភ្លុយ​តូ​នីញ៉ូម​ទាំង​នេះ​​មាន​​​​វិទ្យុ​សកម្ម​កម្រិត​ខ្ពស់​ ​អាច​យក​ទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរបាន​​។ ជន​ជាប់​ចោទ​ដែល​ចាប់​បាន​ជា​មួយ​មេ​យ៉ាគូហ្សា​ជប៉ុន​នោះ​ប្រាប់​ថា​ពួក​គេ​មាន​សារ​ធាតុ​តូរីយ៉ូម​២៣២​ (Thorium-232) ទម្ងន់​ជាង​២​តោន​ និង​មាន​អ៊ុយ​រ៉ាញ៉ូម​ជាង​១​០០​គីឡូ​ក្រាម​ជា​ទម្រង់​ម្សៅ​​ចម្រាញ់​។​

រូប​ថត​ដែល​មេ​យ៉ាគូហ្សា​ជប៉ុន​បញ្ជូន​ទៅ​ឱ្យ​ភ្នាក់​ងារ​បង្កប់​របស់​អាមេរិក​

​យោង​តាម​បទ​ចោទប្រកាន់​នោះ មេ​យ៉ាគូហ្សា​ជប៉ុន​ឈ្មោះ​អេប៊ី​សាវ៉ា​ចង់​យក​សារ​ធាតុ​វិទ្យុស​កម្ម​ទាំង​នេះ​ទៅ​លក់​។ នៅ​ពេល​បាន​លុយ​ហើយ​ យក​លុយ​ទៅ​ទិញ​កាំ​ភ្លើង​ និង​ដឹក​ជញ្ជូន​ទៅ​ឱ្យ​​ពួក​ឧទ្ទាម​មួយ​ក្រុម​​ដែល​កំពុង​ប្រឆាំង​នឹង​​របប​យោធា​មីន​អុង​ឡាំង​​នៅ​ប្រទេស​ភូមា​។ មេ​យ៉ាគូហ្សា​រូប​នេះ​​អាច​នឹង​ជាប់​ពន្ធ​នាគារ​​ដោយ​សារ​បទ​ល្មើស​២​ករណី​។​ ទី១-​ទិញ​​​មីស៊ីល​​បាញ់​ពី​ដី​ទៅ​អាកាស​​អាច​ជាប់​ពន្ធ​នា​គារ​២៥​ឆ្នាំ​ និង​​ទី​២-​​ដឹក​ជញ្ជូន​​​​វត្ថុ​ធាតុ​​សម្រាប់​ផលិត​នុយ​ក្លេអ៊ែរ​​អាច​ជាប់​ពន្ធ​នា​គារ​២០​ឆ្នាំ​។​

រដ្ឋ​អាជ្ញា​អាមេរិក​ចាត់​ទុក​ថា​ជន​ជាប់​ចោទ​ឈ្មោះ​អេប៊ីសាវ៉ា​ជា​មេ​យ៉ាគូហ្សា​​ដ៏​ធំ​មួយ និង​​ជា​ក្រុម​សង្គម​ងងឹត​របស់​ជប៉ុន​មាន​បណ្ដាញ​រក​ស៊ី​ខុស​ច្បាប់​ជុំ​វិញ​ពិភព​លោក​។ ​ទង្វើ​​ឧក្រិដ្ឋ​របស់​ពួក​គេ​​រួម​ទាំង​​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ និង​ជួញ​ដូរ​អាវុធ​។ នៅ​​ជប៉ុន​គេ​មិន​ប្រើ​ពាក្យ​ម៉ាស់​ផ្ចា (mafia) ​ដូច​អ៊ីតាលី​ទេ។​ គេ​ប្រើ​ពាក្យ​យ៉ាគូហ្សា​។​ ​ប៉ុន្តែ​របៀប​ប្រតិ​បត្តិ​ការ​របស់​ពួកគេ​ដូច​តែ​គ្នា​ទេ​គឺ​​ជា​មុខ​របរ​ខុស​ច្បាប់​ដូច​ជា​៖ ជួញ​ដូរ​គ្រឿង​ញៀន ជួញ​ដូរ​មនុស្ស​ លាង​លុយ​កខ្វក់ ចង​ការ​ប្រាក់​ខ្ពស់​ (loan shark) កាង​ល្បែង​ស៊ី​សង​ និង​បង់​ថ្លៃ​ការ​ពារ​​​​ជា​ដើម​​​៕

ប្រភព៖ Channel News Asia​​​ និង​ប្រភព​ដទៃ​ទៀត​
https://www.channelnewsasia.com/world/us-charge-yakuza-leader-takeshi-ebisawa-nuclear-material-myanmar-arms-deal-4140356
https://asia.nikkei.com/Politics/Yakuza-leader-arrested-in-U.S.-for-drugs-for-missiles-plot

រូប​ថត​ដែល​មេ​យ៉ាគូហ្សា​ជប៉ុន​បញ្ជូន​ទៅ​ឱ្យ​ភ្នាក់​ងារ​បង្កប់​របស់​អាមេរិក​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ