ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំទាវ​ទី​មួយ​ប្រទេស​ហៃទី​ជាប់​ចោ.ទ​ពី​បទ​រៀប​គម្រោង​ធ្វើ​ឃា.ត​ស្វាមី

3 ខែ មុន

«ពិត​ជា​សាហាវ​ពេក​ហើយ​បើ​នារី​ម្នាក់​នេះ​រៀប​គម្រោង​សម្លាប់​ប្ដី​ខ្លួន​ឯង​ដើម្បី​ឆក់​ប្លន់​អំណាច​ប្រធានា​ធិបតី​ដូច​ការ​សង្ស័យ​មែន​» ករណី​​ធ្វើ​ឃាត​អតីត​ប្រធានា​ធិបតី​ហៃ​ទី​ដល់​​ក្នុង​បន្ទប់​​គេង​របស់​លោក​កាល​ពី​ឆ្នាំ​២០២១​នោះ​មិន​ទាន់​ចប់​​ទេ​​​។ ក្រោយ​ការ​ស្លាប់​នេះ ​ក្រុម​ម៉ាស់​ផ្ចា (mafia) និង​បង​តូច​បង​ធំ​រីក​ដុះ​ដាល​​ដូច​ផ្សិត និង​ឡើង​ចាង​សម្បើម​ណាស់​។​ ចៅ​​ក្រម​ទទួល​បន្ទុក​​ខាង​​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​សុខ​ចិត្ត​លា​ឈប់​ពី​តួនាទី​ជា​បន្ត​បន្ទាប់​ពី​ព្រោះ​ខ្លាច​គេ​សម្លាប់​​​។ ប៉ុន្តែ​ចៅ​ក្រម​ចុង​ក្រោយ​នេះ​ចិត្ត​សឿង​គ្រាន់​បើ​។ គាត់​​ពន្លឿន​​នីតិ​វិធី​​​ស៊ើប​អង្កេត​ករណី​ធ្វើ​ឃាត​លោក​ម៉ូអ៊ីស៊ី…

«ពិត​ជា​សាហាវ​ពេក​ហើយ​បើ​នារី​ម្នាក់​នេះ​រៀប​គម្រោង​សម្លាប់​ប្ដី​ខ្លួន​ឯង​ដើម្បី​ឆក់​ប្លន់​អំណាច​ប្រធានា​ធិបតី​ដូច​ការ​សង្ស័យ​មែន​»

ករណី​​ធ្វើ​ឃាត​អតីត​ប្រធានា​ធិបតី​ហៃ​ទី​ដល់​​ក្នុង​បន្ទប់​​គេង​របស់​លោក​កាល​ពី​ឆ្នាំ​២០២១​នោះ​មិន​ទាន់​ចប់​​ទេ​​​។ ក្រោយ​ការ​ស្លាប់​នេះ ​ក្រុម​ម៉ាស់​ផ្ចា (mafia) និង​បង​តូច​បង​ធំ​រីក​ដុះ​ដាល​​ដូច​ផ្សិត និង​ឡើង​ចាង​សម្បើម​ណាស់​។​ ចៅ​​ក្រម​ទទួល​បន្ទុក​​ខាង​​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​សុខ​ចិត្ត​លា​ឈប់​ពី​តួនាទី​ជា​បន្ត​បន្ទាប់​ពី​ព្រោះ​ខ្លាច​គេ​សម្លាប់​​​។

ប៉ុន្តែ​ចៅ​ក្រម​ចុង​ក្រោយ​នេះ​ចិត្ត​សឿង​គ្រាន់​បើ​។ គាត់​​ពន្លឿន​​នីតិ​វិធី​​​ស៊ើប​អង្កេត​ករណី​ធ្វើ​ឃាត​លោក​ម៉ូអ៊ីស៊ី (Moïse) និង​ចោទ​ប្រកាន់​​​ជន​សង្ស័យ​​​៥០​នាក់​​។ ក្នុង​នោះ​ក៏​មាន​​ជំទាវ​ទី​១​​ដែល​ជា​ភរិយា​សព​លោក​ម៉ូអ៊ីស៊ី, អតីត​នាយក​រដ្ឋ​មន្ត្រី​ និង​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​​។​ លោក​វ៉ាល់​ទែ (Walther Wesser Voltaire) ជា​ចៅ​ក្រម​ស៊ើប​​​ក្ដី​​​​ទី៥​​ដែល​កាន់​សំណុំ​រឿង​នេះ​​បន្ត​​​ពី​ចៅ​ក្រម​មុន​ៗ​ចំនួន​​៤​នាក់​​ដែល​ខ្លាច​រអា​នឹង​រឿង​ដ៏​ធំ​ដល់​ថ្នាក់​នេះ​។ ពួកគេ​សុខ​ចិត្ត​អស់​តំណែង​ក៏​បាន​ដែរ, កុំ​ឱ្យ​តែ​អស់​ជីវិត​។​

ចៅ​ក្រម​យល់​ថា​​ជា​​ការរឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​​ដែល​លោក​ម៉ូអ៊ីស៊ី​​ក្នុង​នាម​​ប្រធានា​ធិបតី​ប្រទេស​មួយ​ទាំង​មូល​ មាន​​កង​ការ​ពារ​ច្រើន​ស្អេក​ស្កះ​សុទ្ធ​តែ​ជា​អង្គ​រក្ស​ជំនិត​ហ៊ាន​ពលី​ជីវិត​ដើម្បី​ពាំង​គ្រាប់​កាំ​ភ្លើង​ជំនួស​​លោក​។​ ​ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​គេ​ចូល​ធ្វើ​ឃាត​ស្រួល​ៗ​ម្ល៉េះ​? នៅ​ក្នុង​រាត្រី​ធ្វើ​ឃាត​នោះ ​គ្មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ ឬ​​ការ​ផ្ទុះ​អាវុធ​ពី​សំណាក់​កង​ការ​ពារ​របស់​លោក​ទៅ​លើ​ក្រុម​ពេជ្ឈ​ឃាត​សូម្បី​តែ​បន្តិច​។​ ​រឿង​នេះ​ហាក់​ដូច​ជា​មាន​ស៊ុំ​គ្រលំ​គ្នា​ជា​ប្រព័ន្ធ​ដើម្បី​ជួយ​សម្រួល​ផ្លូវ​នៃ​ការ​​​ធ្វើ​ឃាត​។​


ហេតុ​អ្វី​ជំទាវ​ទី​មួយ​ហៃ​ទី​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​ជន​សង្ស័យ​?
​​ជំទាវ​​ម៉ាទីនេ ម៉ូអ៊ីស៊ី (Martine Moïse)​​ ផ្ដល់​ចម្លើយ​​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​។​ ​​លោក​ជំទាវ​​និយាយ​​ម្ដង​អញ្ចេះ​ ម្ដង​អញ្ចោះ​​​នៅ​ពេល​រំលឹក​ទៅ​ដល់​រាត្រី​រន្ធត់​នោះ​​​​។​ ​​មនុស្ស​​​ជា​ច្រើន​​ឆ្ងល់​ថា​​​ស្វាមី​ត្រូវ​គេ​បាញ់​ឡើង​សុស​សាច់​ ប៉ុន្តែ​លោក​ជំទាវ​អត់​ត្រូវ​អី​​មួយ​គ្រាប់​ ខណៈ​ដែល​អ្នក​ទាំង​២​ដេក​គ្រែ​ជា​មួយ​គ្នា​។ ​​​​ម៉្យាង​ទៀត​ ពួក​ឃាត​ករ​ស៊ី​ឈ្នួល​​ដែល​ចូល​ទៅ​បាញ់​នោះ​មាន​គ្នា​​រាប់​សិប​នាក់​​ បាញ់​រះ​មិន​ដឹង​ប៉ុន្មាន​គ្រាប់​​។​ ​លោក​ជំទាវ​បក​ស្រាយ​ថា​​ខ្លួន​ក៏​ត្រូវ​​របួស​ដែរ​ ហើយ​ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​​​​។ ​​បន្ទាប់​ពី​​លោក​ជំទាវ​​​មិន​បាន​​​​​បង្ហាញ​ខ្លួន​​២​​ដង​តាម​ការ​កោះ​ហៅ​ ​ចៅ​ក្រម​​ក៏​ចេញ​ដីកា​​ចាប់​ខ្លួន​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣​​​។​

អតីត​ប្រធាន​ខុទ្ទ​កាល័យ​វិមាន​ប្រធានា​ធិបតី​ហៃទី​ប្រាប់​ថា​​​​២​ថ្ងៃ​មុន​ពេល​ស្វាមី​ត្រូវ​គេ​ធ្វើ​ឃាត​, ជំទាវ​រូប​នេះ​បាន​ចូល​ទៅ​ប្រមូល​របស់​របរ​ដែល​គេ​មិន​ដឹង​ប្រមូល​បាន​អ្វី​ខ្លះ​ទេ​នៅ​ក្នុង​វិមាន​នោះ​អស់​រយៈ​ពេល​​ជិត​៥​ម៉ោង​។​ ក្រោយ​ពេល​ប្ដី​ត្រូវ​គេ​ធ្វើ​ឃាត​២​ថ្ងៃ​ ជំទាវ​រូប​នេះ​ហៅ​ទូរ​ស័ព្ទទៅ​មន្ត្រី​ខុទ្ទ​កាល័យ​​ ហើយ​ប្រាប់​ថា​ «ស្វាមី​របស់​ខ្លួន​កាល​នៅ​រស់​គ្មាន​បាន​ការ​អ្វី​ទេ​។ ដូច្នេះ វិមាន​នេះ​ត្រូវ​តែ​បន្ត​បើក​ទ្វារ​។​ ស្វាមី​​​​​ប្រាប់​បុរស​ម្នាក់​ឈ្មោះ​ធី​ក្លូត (Ti Klod)​ឱ្យ​​​បង្កើត​គណៈ​រដ្ឋ​មន្ត្រី​​។ គាត់​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​រយៈ​ពេល​បី​ខែ​ទៀត​។ ដូច្នេះ ខ្ញុំ (ជំទាវ​)​ អាច​ក្លាយ​ជា​ប្រធានា​ធិបតី​។ ​យើង​ជិត​ក្លាយ​ជា​អ្នក​កាន់​អំណាច​ហើយ​»។​

​ចំណុច​សង្ស័យ​១​​ទៀត​គឺ​ជំទាវ​រូប​នេះ​ប្រាប់​ថា​នៅ​ពេល​បាញ់​ប្រហារ​នោះ​ ខ្លួនរត់​ទៅ​​ពួន​​​ក្រោម​គ្រែ​។ ​ប៉ុន្តែ​ចៅ​ក្រម​​ចុះ​​​ពិនិត្យ​មើល​គ្រែ​នោះ​រួច​ហើយ​​ គ្មាន​ប្រឡោះ​​ណា​​​​សម្រាប់​​ជ្រក​កោន​ទេ​។ ​សូម្បី​តែ​កណ្ដុរ​មួយ​ក្បាល​ក៏​មិន​អាច​ចូល​ទៅ​លាក់​ខ្លួន​ពួន​អាត្មា​​បាន​​ផង​ កុំ​ថា​ឡើយ​មនុស្ស​មាឌ​ប៉ុណ្ណា​ប៉ុណ្ណី​។​​​ ជន​សង្ស័យ​​ឈ្មោះ​ចូសែហ្វ (Joseph Félix Badio)​ ​ប្រាប់​ចៅ​ក្រម​ស៊ើប​ក្ដី​ថា​ជំទាវ​រូប​​នេះ​ចង់​កម្ចាត់​ស្វាមី​របស់​ខ្លួន​​ចោល​ដើម្បី​ក្ដោប​​យក​អំណាច​តែ​ម្ដង​ឯង​ និង​បំពេញ​មហិច្ឆតា​​ដ៏​​ខ្មៅ​​ងងឹត​​របស់​ខ្លួន​។​

មួយ​ថ្ងៃ​ក្រោយ​ការ​បែក​ធ្លាយ​ឯក​សារ​សម្ងាត់​និយាយ​ទូរ​ស័ព្ទ​​​​ មេធាវី​របស់​លោក​​ជំទាវ​​បាន​និយាយ​ការ​ពារ​កូន​ក្ដី​របស់​ខ្លួន​។ មេធាវី​យល់​ថា​​ «​លោក​ជំទាវ​​គ្មាន​​​ចិត្ត​ធំ​ដល់​ថ្នាក់​ឃុប​ឃិត​គ្នា​សម្លាប់​ប្ដី​ខ្លួន​ឯង​ទេ​។ ​មូល​ហេតុ​ដែល​​ជំទាវ​ផ្ដល់​ចម្លើយ​មិន​ប្រា​កដ​ប្រជា​យ៉ាង​ដូច្នេះ​ដោយ​សារ​តែ​​ហេតុ​ការណ៍​នោះ​រន្ធត់​ពេក​ធ្វើ​ឱ្យ​លោក​​ជំទាវ​វង្វេង​វង្វាន់​ភ្លេច​មុខ​ភ្លេច​ក្រោយ​​»​​។​ មេធាវី​សូម​ច្រាន​ចោល​ការ​​ចេញ​របាយ​ការណ៍​​ស៊ើប​អង្កេត​ និង​ចាត់​ទុក​ថា​​ការ​ចោទ​ប្រកាន់​នេះ​​មិន​ផ្អែក​លើ​គោល​ការណ៍​យុត្តិធម៌​​ទេ​។ ឥឡូវ​នេះ គេ​រង់​ចាំ​មើល​ការ​តតាំង​ក្ដី​គ្នា​នៅ​តុលាការ​ និង​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​ជា​បន្ត​ទៀត។ ការ​ពិត​យ៉ាង​ណា​គង់​តែ​ដឹង​ស​ខ្មៅ​គ្នា​ជា​មិន​ខាន​​៕​

ប្រភព៖ Associated Press
https://apnews.com/article/haiti-widow-accused-prime-minister-police-chief-f77603e3aefde2512e640b9f896b11b2

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ