ព្រះសីហនុ ៖ ក្រោយពីកម្លាំងសមត្ថកិច្ចសហការគ្នាយ៉ាងដុតដៃដុតជើងរវាងភ្នំពេញ និងកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ដើម្បីរកមុខសញ្ញាកាប់ប្លន់ម៉ូតូរបស់អ្នកដឹកជញ្ជូនE-Gets នៅទីបំផុត ជនសង្ស័យក៏ត្រូវឃាត់ខ្លួនបានហើយ ។
យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា បង្ក្រាបករណីកាប់ប្លន់យកម៉ូតូអ្នកដឹកជញ្ជូន E-Gets នៅខណ្ឌដង្កោ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ និងកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ សហការជាមួយអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចមុខផ្ទះជួល ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង២និង៣០នាទីយប់អធ្រាត្រថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ប្រភពបន្តថា ជនសង្ស័យខាងលើ មានឈ្មោះ ឆាន កក្កដា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលសម្បូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ឃាត់ខ្លួននៅចំណុចឆ្នេរអណ្ដូងទរ ស្ថិតនៅភូមិឫទ្ធីពីរ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សម្រាប់វត្ថុតាងដកហូតបានមាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌.ស សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1KG-7310 ជារបស់ជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ