ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍បារាំង១គ្រឿងទៀត ដែលធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី ចូលមកទស្សនាប្រទេសកម្ពុជា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

តាមការឱ្យដឹងពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មាននាវាទេសចរណ៍មួយគ្រឿងឈ្មោះ ឡឺ ចាហ្គេសខាទី LE JACQUES CARTIES សញ្ជាតិបារាំង មានបណ្ដោយប្រវែង១៣១,៤៦ម៉ែត្រ និងទទឹងប្រវែង១៨ម៉ែត្រ និងមានជម្រៅទឹក៤,៨ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ។

ប្រភពខាងលើបានឲ្យដឹងបន្ថែមទៀតថា នាវាខាងលើនេះ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន១៥១នាក់ ស្រី៧៦នាក់ មានចំនួន១៤សញ្ជាតិ និងនាវិកចំនួន១២១នាក់ ក្នុងនោះស្រី២៦នាក់ មានចំនួន៨សញ្ជាតិ និងភ្ញៀវទេសចរដែលមានសញ្ជាតិច្រើនជាងគេ គឺជនជាតិបារាំង៧៩នាក់, អាមេរិក២៧នាក់ និងអេស្ប៉ាញចំនួន១០នាក់។
នាវាទេសចរណ៍នេះបានធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី ចូលមកទស្សនាប្រទេសកម្ពុជា ជាពិសេសទស្សនាពីសក្តានុពលនៅក្នុងខេត្តព្រះសីហនុនេះផ្ទាល់តែម្ដង ពោល គឺពួកគេនឹងដើរលេងកម្សាន្តក្នុងខេត្ត និងទស្សនាតំបន់ទេសចរណ៍មួយចំនួនរបស់ខេត្តផងដែរ ។ នាវាទេសចរណ៍បារាំងមួយគ្រឿងនេះក៏នឹងចាកចេញទៅកាន់ប្រទេសវៀតណាម នៅយប់ថ្ងៃដដែលនេះវេលាម៉ោង២៣:០០នាទីយប់ ៕


ចែករំលែកព័តមាននេះ