ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ព្យាយាម​បកស្រាយ​បញ្ហា​នៅ​ហុងកុង ក្រោយ​មតិ​រិះគន់​នៅ​ចិន​កាន់តែ​ខ្លាំង

2 ខែ មុន

អន្តរជាតិ ៖ កីឡាករ Lionel Messi បាន​ព្យាយាម​ធ្វើការ​បកស្រាយ​តាម​រយៈ​វី​ដេ​អូ​នៅ​លើ​បណ្ដាញ​

អន្តរជាតិ ៖ កីឡាករ Lionel Messi បាន​ព្យាយាម​ធ្វើការ​បកស្រាយ​តាម​រយៈ​វី​ដេ​អូ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ជុំវិញ​ការ​មិន​ចូល​លេង​ប្រកួត​មិត្តភាព​របស់​ក្លិប Inter Miami នៅ​ហុងកុង ខណៈ​ដែល​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ​៣៦​ឆ្នាំ​រូប​នេះ បន្ត​ប្រឈម​មុខ​នឹង​ការ​ខឹងសម្បារ​ពី​អ្នកគាំទ្រ​ចិន​លើ​បញ្ហា​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤​។

កីឡាករ Lionel Messi មិន​បាន​ចូល​លេង​ប្រកួត​មិត្តភាព​របស់ Inter Miami ទល់​នឹង​ក្រុម​ជម្រើស All Star ហុងកុង កាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ កន្លង​ទៅ ក្រោម​ហេតុផល​របួស ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជិត​៤​ម៉ឺន​នាក់ នៅ​កីឡដ្ឋាន​ទីក្រុង​ហុងកុង​ដែល​ចំណាយ​លុយ​ទិញ​សំបុត្រ​ចូល​ទស្សនា​ផ្ទុះ​ការ​ខឹងសម្បារ ស្រែក​ចំអក និង​ផ្តល់​សញ្ញា​មេដៃ​ចុង​ក្រោម ហើយ​ថែម​ទាំង​ស្រែក​ទារ​លុយ​ថ្លៃ​សំបុត្រ​វិញ​ផង​ដែរ​។

ប៉ុន្តែ​ទោះ​យ៉ាងណា រំលង​៣​ថ្ងៃ​ក្រោយមក Messi បាន​ចូល​លេង​ប្រកួត​មិត្តភាព​ទល់​នឹង​ក្រុម Vissel Kobe នៅ​ជប៉ុន ដែល​បាន​បង្ក​ការ​ខឹងសម្បារ​កាន់តែ​ខ្លាំង​នៅ​ហុងកុង និង​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​កន្លែង​កីឡាករ​រូប​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង ហើយ​ប្រតិកម្ម​ប្រឆាំង​នឹង Messi បាន​អូស​បន្លាយ​អស់​ជា​ច្រើន​ស​ប្តា​ហ៍ និង​រហូត​មក​ទល់​ពេល​នេះ​។

ចាប់តាំងពី​បញ្ហា​របស់ Messi នៅ​ហុងកុង​រួច​មក មន្ត្រី​ចិន​បាន​សម្រេច​លុប​ចោលការ​ប្រកួត​មិត្តភាព​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ចំនួន​២​ប្រកួត ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ដោយ​ម្ចាស់​ជើងឯក​ពានរង្វាន់ World Cup ឆ្នាំ ២០២២ នឹង​ត្រូវ​ជួប​នី​ហ្សេ​រី​យ៉ា នៅ​ទីក្រុង​ហាំ​ង​ចូ​វ និង​កូត​ឌី​វ័​រ នៅ​ទីក្រុង​ប៉េ​កាំ​ង នា​ខែ​ក្រោយ​។

អាជ្ញាធរ​បាល់ទាត់​ទីក្រុង​ប៉េ​កាំ​ង​បាន​បញ្ជាក់​ថា ទីក្រុង​គ្មាន​គម្រោង​រៀបចំ​ការ​ប្រកួត​ដែល Lionel Messi នឹង​ត្រូវ​ចូលរួម​នោះ​ទេ​។ ស្រប​ពេល​ដែល​ការិយាល័យ​កីឡា​នៅ​ទីក្រុង​ហាំ​ង​ចូ​វ ក៏​បាន​បញ្ជាក់​ថា ការ​ប្រកួត​ដែល​ខ្លួន​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ត្រូវ​លុប​ចោល​សម្រាប់​ហេតុផល​ដែល​គ្រប់​គ្នា​សុទ្ធតែ​បានដឹង ។ បញ្ហា​នៅ​ហុងកុង ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន Global Times បាន​ចោទ Messi និង​ក្លិប Inter Miami ថា ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​អាម៉ាស់​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​។

ទោះ​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​វី​ដេ​អូ​មួយ​លើ​បណ្ដាញ​សង្គម​ចិន Weibo ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ កន្លង​ទៅ Messi បាន​ច្រាន​ចោលការ​អះអាង​ដែល​ថា រូបគេ​មិន​ចូល​ការ​លេង​ប្រកួត​នៅ​ហុងកុង​ក្រោម​ហេតុផល​នយោបាយ គឺជា​រឿង​មិន​ពិត​ទាំងស្រុង ដោយ​បាន​សង្កត់ធ្ងន់​លើ​សេចក្ដី​ស្រឡាញ់​ជា​ពិសេស​ចំពោះ​ប្រជាជន​ចិន ដោយ Messi បាន​បន្ថែម​ថា ប្រសិនបើ​មានរឿង​នោះ​មែន រូបគេ​នឹង​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ឬ​ប្រទេស​ចិន​ជា​ច្រើន​លើក​ច្រើន​សា​នោះ​ទេ​។ ការ​មិន​អាច​លេង​នៅ​ហុងកុង ដោយសារ​តែ​បញ្ហា​រលាក​សាច់ដុំ​ភ្លៅ​ខាងក្នុង (Adductor Muscle) ហើយ​រូបគេ​ព្យាយាម​ព្យាបាល និង​ហ្វឹកហាត់ ក៏​ប៉ុន្តែ​ពេទ្យ​ជំនាញ​បាន​បង្ហាញ​ថា មិន​អាច​លេង​បាន​ទេ ដែល​អាច​ប្រឈម​ហានិភ័យ​កាន់តែ​អាក្រក់​។

គួរ​រំលឹក​ថា អ្នកគាំទ្រ​ប្រមាណ ៣៨,០០០​នាក់ នៅ​កីឡដ្ឋាន​ហុងកុង​បាន​ស្រែក​ចំអក និង​ទារ​លុយ​ថ្លៃ​សំបុត្រ​វិញ នៅ​ពេល​ដែល​សហ​ម្ចាស់​ក្លិប Inter Miami លោក David Beckham ថ្លែង​ទៅ​កាន់​ពួក​គេ​នៅ​ចប់​ការ​ប្រកួត ខណៈ​ដែល​អ្នកគាំទ្រ​បាន​ចំណាយ​ប្រាក់​រហូត​ដល់ ៦២៤​ដុល្លារ​អាម៉េរិក ដើម្បី​មើល​ការ​ប្រកួត Messi ។ ចាប់តាំងពី​ពេល​នោះ​មក ក្រុមហ៊ុន Tatler Asia ដែល​ជា​អ្នក​រៀបចំ​ការ​ប្រកួត​បាន​សន្យា​ថា នឹង​សង​ប្រាក់ ៥០% ទៅ​កាន់​អ្នកគាំទ្រ​វិញ​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ